ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​ពិសេស​នៃ​អគ្គលេខាធិការ UN កោតសរសើរ និង​សាទរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ​ក្នុង​ការ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​កុមារ និង​លុប​បំបាត់​ពលកម្ម​កុមារ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក​ជំទាវ Najat Maalla M’jid តំណាង​ពិសេស​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) ទទួល​បន្ទុក​ការ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​កុមារ នា​ព្រឹក​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​ទីស្តីការក្រសួង​។ ជំនួប​នេះ​មាន​គោលបំណង​ចែករំលែក​បទ​ពិសោធ និង​ឧត្ត​មា​នុ​វត្ត​ន៍​របស់​កម្ពុជា​ក្នុង​ការ​លុប​បំបាត់​អំពើ​ហិង្សា​លើ​កុមារ ក្នុង​ទិស​ដៅ​បញ្ចប់​អំពើ​ហិង្សា​គ្រប់​ទម្រង់​លើ​កុមារ ស្រប​តាម​របៀបវារៈ​ឆ្នាំ​២០៣០ នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDGs)​។

នា​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​លោក​ជំទាវ Najat Maalla M’jid និង​គណៈប្រតិភូ​របស់​អង្គការសហប្រជាជាតិ​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រួមចំណែក​ដ៏​សំខាន់​របស់ UN ជាមួយ​កិច្ច​ខិតខំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​លុប​បំបាត់​អំពើ​ហិង្សា​លើ​កុមារ ខណៈ​វត្តមាន​របស់​គណៈប្រតិភូ​នា​ឱកាស​នេះ ជា​សក្ខីភាព​បង្ហាញ​ពី​ភាពរឹងមាំ​នៃ​បេសកកម្ម និង​ពង្រឹង​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​ក្នុង​ការ​កសាង​ពិភពលោក​មួយ​ដែល​កុមារ​គ្រប់​រូប​អាច​ធំធាត់​ឡើង​ដោយ​គ្មាន​អំពើ​ហិង្សា ការ​កេងប្រវ័ញ្ច និង​ការ​រំលោភ​បំពាន​គ្រប់​ទម្រង់​។

ឯកឧត្តម​បាន​ជម្រាប​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ក្នុង​ការ​បញ្ចប់​អំពើ​ហិង្សា​លើ​កុមារ ដោយនៅ​កម្រិត​ថ្នាក់​ជាតិ កម្ពុជា​បាន​ដាក់​ឱ្យ​អនុវត្ត​ផែនការ​សកម្មភាព​ជាតិ​ស្តី​ពី​ការ​បង្ការ និង​ឆ្លើយ​តប​នឹង​អំពើ​ហិង្សា​លើ​កុមារ ឆ្នាំ​២០២៥-២០៣០ ដើម្បី​ពង្រឹង​ការ​បង្ការ ការ​ការពារ និង​ការ​ឆ្លើយ​តប តាម​រយៈ​កិច្ចសហការ​រវាង​ក្រសួង​-​ស្ថាប័ន និង​ភាគី​ពាក់ព័ន្ធ​។ ក្នុង​នោះ​ដែរ ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ទប់ស្កាត់​ពលកម្ម​កុមារ ការពារ​កម្មករ​វ័យក្មេង និង​លើកកម្ពស់​ការ​អភិវឌ្ឍ​ជំនាញ​ប្រកបដោយ​សុវត្ថិភាព និង​ឱកាស​ការងារ​សមរម្យ​។ ក្រសួង​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ទប់ស្កាត់ និង​ការពារ​ការ​រំលោភ​បំពាន​សិទ្ធិ​នៅ​កន្លែងធ្វើការ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​រំលោភ​បំពាន​ក្នុង​វិស័យសេដ្ឋកិច្ច និង​ការងារ តាម​រយៈ​ការ​អនុវត្ត​កម្មវិធី​ស្តី​ពី​ការ​លុប​បំបាត់​ពលកម្ម​កុមារ ការ​បង្ការ​ការ​បៀតបៀន​ផ្លូវភេទ និង​ការ​រើសអើង​នៅ​កន្លែងធ្វើការ​។

ឯកឧត្តម​ក៏​បាន​លើក​ឡើង​ពី​កិច្ច​ខិតខំ​ក្នុង​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ការងារ ពាក់ព័ន្ធ​នឹង​អាយុ​អប្បបរមា​សម្រាប់​ការងារ និង​ការ​ទប់ស្កាត់​ពលកម្ម​កុមារ​ក្នុង​វិស័យ​កសិកម្ម ដោយ​កុមារ​មួយ​ចំនួន​នៅ​តែ​ជួយ​ការងារ​គ្រួសារ​នៅ​កសិដ្ឋាន​តាម​ទម្លាប់​ប្រពៃណី ទោះបីជា​សហគ្រាស​មិន​បាន​ជួល​កុមារ​ក៏​ដោយ និង​លើកកម្ពស់​ការ​ទទួលខុសត្រូវ​របស់​និយោជក និង​មាតាបិតា​។ ក្រៅពី​នេះ​មានការ​ត្រួតពិនិត្យ​ទីតាំង​ដោយ​មិន​ជូនដំណឹង​ជា​មុន និង​លើកទឹកចិត្ត​ឱ្យ​មានការ​រាយការណ៍​តាម​រយៈ​លេខ Hotline, ការ​ការពារ​កុមារ​ចំណាកស្រុក និង​កិច្ច​គាំពារ​សង្គម ការ​ផ្តល់​ឱកាស​អប់រំ និង​បណ្តុះបណ្តាល​ឡើង​វិញ​, ការ​ពង្រឹង​អនុលោម​តាម​ច្បាប់​ដល់​សហគ្រាស​ដែល​ផលិត​ផលិតផល​នាំ​ចេញ ដោយ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ការងារ និង​ការ​បញ្ចូល​វិធានការ​បង្ការ​ពលកម្ម​កុមារ​ទៅ​ក្នុង​លក្ខខណ្ឌ​តម្រូវ​ស្នូល​នៃ​អនុលោម​ភាព​តាម​ច្បាប់​ការងារ​, ការ​ពង្រឹង​កិច្ច​សម្របសម្រួល និង​យន្តការ​ឆ្លើយ​តប ព្រមទាំង​ការ​ពង្រឹង​យន្តការ​គាំពារ​កុមារ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​។ ទន្ទឹម​នេះ កម្ពុជា​បាន​ប្តេជ្ញា​ពង្រឹង​ក្របខ័ណ្ឌ​ច្បាប់​ជាតិ​-​អន្តរជាតិ តាម​រយៈ​ការ​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​សំខាន់​ៗ​របស់​អង្គការ ILO​។

ឯកឧត្តម​បាន​គូសបញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្តជា​ថ្មី​របស់​ក្រសួង​ក្នុង​ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​នានា ដើម្បី​រួម​គ្នា​ទប់ស្កាត់ និង​លុប​បំបាត់​ពលកម្ម​កុមារ ព្រមទាំង​ការពារ​កុមារ​ពី​អំពើ​ហិង្សា និង​ការ​កេងប្រវ័ញ្ច​គ្រប់​ទម្រង់​។

ជា​ការ​ឆ្លើយ​តប លោក​ជំទាវ Najat Maalla M’jid បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី​ក្នុង​កិច្ច​ពិភាក្សា​ដោយ​បើកចំហ និង​ស្ថាបនា ព្រមទាំង​បាន​បញ្ជាក់​ជូន​ពី​ការ​ប្តេជ្ញា​ចិត្ត និង​វឌ្ឍនភាព​ការងារ​សំខាន់​ៗ​។ លោក​ជំទាវ​បាន​កោតសរសើរ និង​អបអរសាទរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា តាម​រយៈ​ការ​អនុវត្ត​នូវ​វិធីសាស្ត្រ​ដ៏​ទូលំទូលាយ និង​ជាក់ស្តែង​ជាមួយ​ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​ទប់ស្កាត់ និង​លុប​បំបាត់​ពលកម្ម​កុមារ ព្រមទាំង​លទ្ធផល​សម្រេច​បាន និង​កិច្ច​សហប្រតិបត្តិការ​ដ៏​យូរអង្វែង​ជាមួយ​ដៃគូ​អន្តរជាតិ​ស្រប​តាម​អនុសញ្ញា​អន្តរជាតិ​របស់​អង្គការ ILO​។ លោក​ជំទាវ​បាន​ទទួល​បទ​ពិសោធ​ដ៏​មាន​តម្លៃ​ជា​ច្រើន​ពី​កិច្ច​ពិភាក្សា​នេះ ជា​ពិសេស​បាន​ឈ្វេងយល់​ពី​ការ​បង្កើត​យន្តការ​ត​ភ្ជាប់ និង​ផ្តល់​ឱកាស​ដល់​កុមារ​ដែល​បាន​បោះបង់​ការ​សិក្សា​ឱ្យ​វិល​ត្រឡប់​ទៅ​បន្ត​ការ​សិក្សា និង​ទទួល​បានការ​បណ្តុះបណ្តាល​ឡើង​វិញ ព្រមទាំង​ការ​ចុះ​អធិការកិច្ច​ដោយ​មិន​ជូនដំណឹង​ជា​មុន ដែល​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​ពិតជា​មាន​សារៈសំខាន់​ជា​ខ្លាំង​ចំពោះ​ការ​ការពារ និង​លើកកម្ពស់​សិទ្ធិ​កុមារ​។ លោក​ជំទាវ​បាន​បញ្ជាក់​ថា នឹង​ចែករំលែក​បទ​ពិសោធ​ល្អ​ៗ​របស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ផ្សេង​ទៀត​ផង​ដែរ​៕ អត្ថបទសហការ