ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ខ្លួន​ប្តី​ប្រពន្ធ​ពីរគូ​ជាបងថ្លៃ​​ប្អូនថ្លៃនឹងគ្នា​​ពីបទ​ជួញដូរ​ថ្នាំញៀន

15 ឆ្នាំ មុន

ខេត្តពោធិ៍សាត់់​​ ៖ ជនសង្ស័យ​៤​នាក់​ជា​ប្ដី​​ប្រពន្ធ​និង​ជា​បង​ថ្លៃ​ប្អូ​ន​ថ្លៃ​នឹង​គ្នា​ត្រូវ​​សមត្ថ​កិច្ច​ឃាត់​ខ្លួន​បញ្ជូន​ទៅ​កាន់​សា​លា​ដំ​បូង​​ខេត្ត​​បន្ទាប់​ពី​ឆែក​​ឆេរ​​ក្នុង​លំនៅ​ដ្ឋាន​រក​ឃើញ​ថ្នាំ​​ញៀន​ប្រភេទ​យ៉ា​បា​ពណ៌​ក្រហម​ចំនួន​១២១​​គ្រាប់​កន្លះ​ កាល​ពី​ថ្ងៃ​ទី៥ ​មីនា ​។ ​ជន​សង្ស័យ​​ទាំង​៤​​នាក់​មាន​១-​ឈ្មោះ​យិន ភាន ​ហៅ​ហ៊ាន ភា ​ភេទប្រុស​ អាយុ៣២​​ឆ្នាំ​ ២-​​ឈ្មោះ​​អ៊ុត តុន ​​ភេទស្រី ​អាយុ​៣២​ឆ្នាំ ត្រូវ​ជា​ប្រពន្ធ​ ៣-​ឈ្មោះ​​អ៊ឹម ខុន ​ភេទ​ប្រុស ​អាយុ​៤៨​​ឆ្នាំ ​និង​​៤-​ឈ្មោះ​​​អ៊ុត តាក់​ ភេទ​ស្រី​ អាយុ៣៧ឆ្នាំ​ជា​ប្រពន្ធ។ ទាំង​៤នាក់ជាបងថ្លៃប្អូនថ្លៃនឹងគ្នារស់​នៅភូមិរវៀង​ឃុំសំរោងស្រុកភ្នំក្រវាញខេត្តពោធិ៍​សាត់ ។

តាម​​ប្រភព​ពី​លោកអនុសេនីយ៍ឯកសូ សាហុង ​អធិការរង​នគរបាលស្រុកភ្នំក្រវាញ​ទទួល​​បន្ទុកការងារយុត្តិ​ធម៌ឱ្យដឹងថា ជន​សង្ស័យ​ទាំង៤នាក់ខាងលើ​គឺជា​មុខសញ្ញាជួញ​ដូរថ្នាំញៀនដែលសមត្ថកិច្ច​តាមស៊ើបអង្កេតរក​ភស្តុតាងដើម្បីដាក់បន្ទុក​ជាយូរមកហើយ។ កន្លងមកពួកគេមិនសូវនៅផ្ទះ​ជាប់លាប់ទេចេញ-ចូលៗដូចអំពិលអំពែក ប៉ុន្តែ​​លើកនេះឃើញនៅ​យូរ​ ភ្នាក់ងារបានរាយ​ការណ៍​មក​សមត្ថកិច្ច​ហើយ​ក៏សុំ​យោបល់ពីលោក​ស្នង​ការនគរបាល​ខេត្តដើម្បីសុំដីកាពីលោកព្រះ​រាជអាជ្ញាអម​សាលា​ដំបូងខេត្ត ទើបនៅថ្ងៃទី​៥ មីនា សមត្ថ​កិច្ច​ចុះទៅឆែកឆេរក្នុងលំនៅ​ដ្ឋានជនសង្ស័យ​ រកឃើញ​ថ្នាំញៀន​ប្រភេទយ៉ាបាចំនួន​១២១​គ្រាប់​កន្លះពណ៌ក្រហម​ដាក់ក្នុងដបជរ័​ដែលគេ​លាក់ទុកកប់ក្នុងដីក្រោម​ផ្ទះ។ បន្ទាប់ពី​រកឃើញ​វត្ថុ​តាងហើយ សមត្ថកិច្ច​ក៏ធ្វើការ​ឃាត់​ខ្លួនជន​សង្ស័យប្ដីប្រពន្ធទាំង​ពីរ​គូរនេះតែម្ដង។​ នៅ ចំពោះ​មុខសមត្ថកិច្ចជនសង្ស័យឈ្មោះ​អ៊ឹម ខុន ប្រពន្ធឈ្មោះអ៊ុត តាក់ ជាបងថ្លៃបាន​បដិសេធ​ថាខ្លួនគ្រាន់​តែជាម្ចាស់ផ្ទះប៉ុណ្ណោះ ប៉ុន្តែ​មិនបាន​ដឹងថាប្អូន​ថ្លៃរកស៊ីជួញដូរថ្នាំញៀននោះ​ទេ ។

​ចំណែកជនសង្ស័យឈ្មោះយិន ភាន ហៅ​ហ៊ាន ភា បានសារភាពថា ខ្លួននិងប្រពន្ធបាន​បោះបង់​មុខ​របរផ្សេងហើយ​មករកស៊ីជួញដូរថ្នាំញៀន​នេះដោយសារមុខរបរនេះកាក់កបខ្លាំង។ ចាប់ពី​ខែតុលាឆ្នាំ២០១០​ ​មកដល់ដើមខែមីនា ឆ្នាំ​២០១១​នេះខ្លួនបានចែកចាយថ្នាំញៀនចំនួន​៥លើក ហើយលក់ទៅឱ្យអ្នកចូលព្រៃកាប់ឈើ អារឈើ អ្នកបើករថយន្តដឹកឈើ និងកម្មករ​ក្រុមហ៊ុនផ្សេងៗ ដែលថ្នាំញៀនប្រភេទយ៉ាបា​នេះជួយមិនឱ្យងងុយដេក និងធ្វើការមិន​ចេះអស់​កំលាំង។ ថ្នាំញៀននេះខ្លួនទិញមកពីខេត្តប៉ៃលិន និងផ្សារឡែមខេត្តបាត់ដំបង។ជនសង្ស័យទាំង៤នាក់សមត្ថកិច្ចបានកសាង​​សំណុំបែបបទបញ្ជូនទៅសាលាដំបូងខេត្ត​នារសៀលថ្ងៃទី៧ មីនា​នេះ​ដើម្បីផ្ដន្ទាទោសតាម​ច្បាប់ ៕