ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេក្ខជន​ជ័យ​លា​ភី​​មេដាយមាស ប្រាក់ និង​សំរឹទ្ធិ​ ចំនួន ៣១ មេដាយ ​នឹង​ត្រូវ​ជ្រើសរើស​តំណាង​កម្ពុជា ​ទៅ​ចូលរួម​ប្រកួត​នៅ​ក្រៅប្រទេស​

1 អាទិត្យ មុន

រាជធា​នី​ភ្នំពេញ​ ៖ លោកស្រី សុវណ្ណ វ​ណ្ណា​រតន៍ រដ្ឋលេខាធិការ​ប្រចាំការ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ ការ​ប្រកួតប្រជែង​ជំនាញ​ថ្នាក់​ជាតិ​កម្ពុជា លើក​ទី​១០ ឆ្នាំ​២០២៦ ក្រោម​ប្រធានបទ “​ការ​ប្រកួតប្រជែង​ជំនាញ ជា​ការ​បញ្ចេញ​ទេព​កោសល្យ និង​បង្កើត​ឱកាស​ជោគជ័យ​!” នា​រសៀល​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២៦ នៅ​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស ដែល​មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង​ស្ថាប័ន ភ្ញៀវ​កិត្តិយស​ជាតិ​-​អន្តរជាតិ គណៈកម្មការ​រៀបចំ គណៈវិនិច្ឆ័យ ជំនាញការ លោកគ្រូ​អ្នកគ្រូ និង​សិស្ស​និស្សិត​ប្រមាណ ៥០០​នាក់ ​។ ការ​ប្រកួត​នេះ​បាន​រក​ឃើញ​បេក្ខជន​ជ័យ​លា​ភី​ឆ្នើម​ ទទួល​មេដាយមាស​ចំនួន ៨ មេដាយ​, មេដាយ​ប្រាក់ ៩ មេដាយ និង​មេដាយ​សំរឹទ្ធិ ១៤ មេដាយ ​។

ថ្លែង​ទៅ​កាន់​អង្គពិធី លោកស្រី សុវណ្ណ វ​ណ្ណា​រតន៍ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​របស់​អគ្គនាយកដ្ឋាន ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ គណៈកម្មការ​រៀបចំ និង​ភាគី​ពាក់ព័ន្ធ ដែល​បាន​ខិតខំ​ដឹកនាំ សម្របសម្រួល និង​រៀបចំ​ព្រឹត្តិការណ៍​នេះ​យ៉ាង​សកម្ម​រយៈពេល ៥​ថ្ងៃ​កន្លង​មក រហូត​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ​។ លោកស្រីបាន​អបអរសាទរ​ចំពោះ​ក្មួយ​ៗ ​ទទួល​ជ័យ​លា​ភី​ពី​កម្មវិធី ដែល​ពិតជា​បង្ហាញ​ទេព​កោសល្យ សមត្ថភាព និង​ភាព​ច្នៃប្រឌិត​លេចធ្លោ ស័ក្តិ​សមជា​ជ័យ​លា​ភី​តំណាង​ឱ្យ​ភាព​ប៉ិន​ប្រសប់ ​ផ្នែក​បច្ចេកទេស​និង​វិជ្ជាជីវៈ ព្រមទាំង​ចាត់​ទុក​ការ​ប្រកួតប្រជែង​នេះ ជា “​បទ​ពិសោធ​ដ៏​មាន​តម្លៃ ទុន​សម្រាប់​អភិវឌ្ឍ​ខ្លួន និង ភាព​ជោគជ័យ​រួច​ជា​ស្រេច​”​ ។

ជាមួយ​គ្នា​នេះ លោកស្រី វ​ណ្ណា​រតន៍ បានឱ្យដឹង​ថា រាជរដ្ឋាភិបាល​តែង​តែង​ផ្តល់​អាទិភាព​ខ្ពស់​លើ “​ធនធានមនុស្ស​” ក្នុង​ការ​អភិវឌ្ឍ​ប្រទេស ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ដែល​មាន​ចីរភាព និង​បរិ​យា​បន្ន ដែល​មិន​អាច​ខ្វះ​បាន​ឡើយ​នូវ​កម្លាំង​ពលកម្ម​ដែល​មានគុណ​វុឌ្ឍិ​ខ្ពស់​ប្រកបដោយ​ជំនាញ​រឹង (Hard Skills) ជំនាញ​ទន់ (Soft Skills) និង​ក្រមសីលធម៌​វិជ្ជាជីវៈ ​។ ជ័យ​លា​ភី​នា​ថ្ងៃនេះ នឹង​ក្លាយជា​មូលធន​មនុស្ស​ដ៏​សំខាន់ ក្នុង​ការ​ជួយ​ផ្លាស់​ប្តូរ​កម្លាំង​ពលកម្ម​កម្ពុជា ឱ្យទៅ​ជា​កម្លាំង​ពលកម្ម​ជំនាញ​ខ្ពស់ និង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ការងារ​ ក្នុង​យុគសម័យ​ឌី​ជី​ថ​ល ​។

លោកស្រី ​បាន​គូសបញ្ជាក់​ថា ជ័យ​ជំនះ​នា​ថ្ងៃនេះ គឺជា​ការ​បើកឱកាស​ឱ្យ​ក្មួយ​ៗ​ឈាន​ទៅ​វាស់​ស្ទង់​សមត្ថភាព​ នៅ​លើ​ឆាក​អន្តរជាតិ​។ ហេតុនេះ ដើម្បី​ត្រៀមខ្លួន​ឱ្យ​បាន​ល្អ​ប្រសើរ​បំផុត លោក​ស្រីបានរ​ផ្តាំផ្ញើ​បេក្ខជន​ឱ្យ​បន្ត​ហ្វឹកហាត់ ​ដោយ​ឥត​ឈប់​ឈរ ប្រកាន់ខ្ជាប់​នូវ​ស្មារតី​តំណាង​ជាតិ ស្តាប់​ការ​ណែនាំ​របស់​អ្នកជំនាញ និង​សិក្សា​ពី​ស្តង់ដា​អន្តរជាតិ​ជាដើម ​។ លោស្រី​ក៏​បាន​លើកទឹកចិត្ដ ​ដល់​គ្រឹះស្ថានសិក្សា វិស័យ​ឯកជន និង​អង្គការ​ពាក់ព័ន្ធ បន្ត​គាំទ្រ​កម្មវិធី​នេះ ក៏​ដូច​ជា​ដល់​ការ​ហ្វឹកហាត់​បំប៉ន​សមត្ថភាព​បេក្ខជន​ជ័យ​លា​ភី ​ឱ្យ​មាន​ភាព​ស្ទាត់ជំនាញ​ខ្ពស់ មុន​នឹង​ចេញ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ ។

សូម​បញ្ជាក់​ថា កម្មវិធី​នេះ​មាន​បេក្ខជន​ចូលរួម​ប្រកួតប្រជែង​ចំនួន ១១២​នាក់ (​នារី ២៩ រូប​) មក​ពី​គ្រឹះស្ថាន​ចំនួន ២០ លើ​មុខ​ជំនាញ ១២ ​។ បេក្ខជន​ជ័យ​លា​ភី​ ដែល​ទទួល​បាន​មេដាយមាស​ទទួល​បាន​ប្រាក់​រង្វាន់ ​ចំនួន​បី​លាន​រៀល មេដាយ​ប្រាក់​ទទួល​បាន​ចំនួន​ពីរ​លាន​រៀល និង​មេដាយ​សំរឹទ្ធិ​ចំនួន​មួយ​លាន​រៀល ហើយនឹង​ត្រូវ​ជ្រើសរើស​ជា​តំណាង​កម្ពុជា​ ទៅ​ចូលរួម​ប្រកួតប្រជែង​ជំនាញ​ក្នុង​កម្រិត​ តំបន់​អាស៊ាន អន្តរជាតិ និង​ពិភពលោក​ផង​ដែរ​ ៕ អត្ថបទសហការ