ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកលិចចូលឃ្លាំងឱសថភ្លាមៗ! រដ្ឋមន្ត្រីសុខាភិបាល ចុះអន្តរាគមន៍ផ្ទាល់ និងបញ្ជាឱ្យសង្គ្រោះឱសថជាបន្ទាន់នៅមង្គលបូរី

1 អាទិត្យ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ រដ្ឋមន្ត្រី​សុខាភិបាល និង​ក្រុមបច្ចេកទេស​ជំនាញ រួម​ជាមួយ​អ​ជ្ញា​ធរ បន្ត​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​ជន់​លិច​នៅ​ការិយាល័យ​សុខាភិបាល​ស្រុក​មង្គល​បូ​រី ដែល​ជា​ឃ្លាំង​រក្សា​ឱសថ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​៤ ខែតុលា​នេះ ។

បើ​ទោះជា​ស្ថានភាព​ទឹក​ជន់​លិច​ចូល​ឃ្លាំង​រក្សា​ឱសថ​នៃ​ការិយាល័យ​សុខាភិបាល​ស្រុក ដោយ​ជង្ហុក​មិន​បាន​ព្រៀង​ទុក ទាំង​ឱសថ ទាំង​សម្ភារ​បរិក្ខា​មួយ​ចំនួន​ធំ ត្រូវ​បាន​លើក​ខ្ពស់ រក្សា​ទាន់​ពេលវេលា​ក្នុង​ពេលវេលា​មួយ​ដ៏​ខ្លី និង​បន្ត​ដឹក​ជញ្ជូន​ចេញ​យក​ទៅ​រក្សា​ទុក នៅ​ទីតាំង​សុវត្ថិភាព ដោយ​ការ​ប្រុង​ប្រយ័ត្ន និង​យកចិត្តទុកដាក់ តាម​ប្រសាសន៍​ណែនាំ​បន្ថែម​ពី​ឯកឧត្តម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី ។

ឯកឧត្តម​សាស្ត្រាចារ្យ បាន​ជំរុញ និង​ក្រើនរំលឹក​នូវ​អនុ​សាស​ន៏​ដែល​បាន​ដាក់​ជូន​គ្រប់​កម្រិត​ដឹកនាំ​តាម​រយៈ កិច្ចប្រជុំ​ជា​បន្តបន្ទាប់ ទាំង​ពី​មុន​ជំនន់ ទាំង​កំពុង​ជំនន់ និង​កិច្ចការ​ក្រោយ​ជំនន់ ដោយ​ត្រូវ​បន្ត​តាមដាន​ពិនិត្យ​ស្ថានភាព​ទឹក​ជាប់​ជា​ប្រចាំ ដែល​ក៏​អាច​នឹង​មានការ​កើនឡើង និង​ត្រូវ​ត្រៀមលក្ខណៈ​ឱ្យ​បាន​គ្រប់ពេលវេលា ។

បន្ថែម​ពី​នេះ ត្រូវ​ធានា​ឱ្យ​បាន​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​សហ​ភាត​រៈ រួម​ទាំង​ការ​ថែរក្សា​ឱសថ សម្ភារៈ​បរិក្ខា​ទាំង​វេជ្ជសាស្ត្រ និង​មិន​វេជ្ជសាស្ត្រ សំដៅ​បន្ត​ផ្គត់ផ្គង់​បាន​គ្រប់គ្រាន់ ទាន់​ពេលវេលា ដល់​គ្រប់​មូលដ្ឋាន​សុខាភិបាល​ក្នុង​សហគមន៍​ដែល​នៅ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ ៕