រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១៨:៥៨នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ត្រង់ចំណុចផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនសង្ស័យពាក់ព័ន្ធករណីលួច(ម៉ូតូ) នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១៥:៥៦នាទី ត្រង់ចំណុចហាងហាត់ប្រាណ យីហ៊ោ អេលីតហ្វីតណេស ផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យខាងលើមានឈ្មោះ ហាក់ គីមហុង ហៅ ហុង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ។
សម្ភារៈដកហូត៖
១-ស្លាកលេខម៉ូតូចំនួន១សន្លឹក (ភ្នំពេញ 1KX-6227)
២-ដែកសំប៉ែតមុខស្រួចចំនួន ១ដើម។
៣-ម៉ូតូ០១គ្រឿង ម៉ាក HONDA SCOOPY ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 1AB-9919 (បានប្រគល់ជូនជនរងគ្រោះ) ។
បច្ចុប្បន្ន កម្លាំងជំនាញ នាំជនសង្ស័យខាងលើយកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕




ចែករំលែកព័តមាននេះ