ឡានធុនធំនៅតែបន្តចរាចរណ៍លើផ្លូវលិចទឹក ទោះបីមានការហាមឃាត់ពីមន្ទីរជំនាញ និងអាជ្ញាធរក៏ដោយ
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ទោះបីជាមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានចេញសេចក្តីជូនដំណឹងផ្អាកបណ្តោះអាសន្ន និងមានកងកម្លាំងឈរជើងហាមឃាត់យ៉ាងណាក្តី ប៉ុន្តែនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ គេនៅតែឃើញមានយានយន្តធុនធំមួយចំនួនបន្តចរាចរណ៍យ៉ាងរលូននៅលើផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រស្រុកមង្គលបូរី ។

ជាក់ស្តែង នៅចំណុចយាយជីច្រូតស្រូវ ស្រុកមង្គលបូរី ដែលជាទីតាំងទឹកកំពុងហូរកាត់ និងលិចលង់ត្រឹមជង្គង់ ចាប់ពីចំណុចខាងត្បូងស្ពានខ្ពស់ដល់មុខវិទ្យាល័យមង្គលបូរី មានប្រវែងជិត៥០០ម៉ែត្រ និងលិចធ្ងន់ធ្ងរជាងគេ នៅទ្រូងផ្លូវខាងលិច ទោះបីជាមន្ទីរជំនាញនិងអាជ្ញាធរបានជូនដំណឹងផ្អាកបណ្តោះអាសន្ន ព្រោះខ្លាចខូចផ្លូវក៏ដោយ ក៏រថយន្តធុនធំនៅតែបើកឆ្លងកាត់ ។

គេសង្កេតឃើញសមត្ថកិច្ច និងមន្ត្រីជំនាញបានប្រចាំការតាមដងផ្លូវដែលលិចទឹក ដើម្បីជួយសម្រួលចរាចរណ៍ ជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋ និងបានណែនាំហាមឃាត់មិនឱ្យរថយន្តធុនធំឆ្លងកាត់ឡើយ ។ ប៉ុន្តែអ្នកបើកបររថយន្តធុនធំ ហាក់ដូចជាមិនបានស្តាប់ការណែនាំនោះទេ ដោយពួកគាត់នៅតែបន្តបើកបរដោយសំអាងថាជារថយន្តរបស់ «ខ្សែមេនេះ ខ្សែមេនោះ» ទើបអាចធ្វើដំណើរទៅមកបានធម្មតា ដោយពុំបានគិតពីផលប៉ះពាល់ និងការខូចខាតផ្លូវឡើយ ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកបណ្តោះអាសន្នចរាចរណ៍រថយន្តធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីគីឡូម៉ែត្រលេខ ៣៤០+០០០ ដល់ គីឡូម៉ែត្រលេខ ៣៦១+៨៥០ (ចាប់ពីអូរស្ងួត ដល់ផ្លូវវាងក្រុងទឹកថ្លា) ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ បន្ទាប់ពីត្រូវទឹកជំនន់ជន់លិច ។

គួរបញ្ជាក់ទៀតថា ជាក់ស្តែងនេះ ពេលផ្លូវជាតិលេខ៥តភ្ជាប់ពីផ្លូវបំបែកវាងក្រុងព្រំប្រទល់ស្រុកមង្គលបូរី ទៅក្រុងសិរីសោភ័ណ ដែលទឹកជំនន់លិចរយៈពេល២ថ្ងៃ ហើយអាជ្ញាធរនិងមន្ត្រីព្យាយាមយកការ៉ុងខ្សាច់ រៀបទប់ទឹកស្រកអស់ពីផ្លូវ ក៏ត្រូវបានខូចខាតដោយទឹកច្រុះដាច់ និងគំហុកដែលមានប្រវែងជិត២០០ម៉ែត្រ ៕











ចែករំលែកព័តមាននេះ