ស្ថានភាពទឹកជំនន់នៅស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណចាប់ផ្តើមស្រកចុះបន្តិចវិញហើយ
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ស្ថានភាពទឹកជំនន់ដែលបានជន់លិចក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី បានចាប់ផ្តើមស្រកចុះបន្តិចវិញហើយ គិតត្រឹមថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ ។

លោក កែវ តារារស្មី អភិបាលស្រុកមង្គលបូរីបានប្រាប់ឱ្យដឹងថា ទឹកជំនន់ដែលបានប៉ះពាល់ក្នុងស្រុកមង្គលបូរី ពេលនេះបានស្រកចុះចំនួន៣ហ៊ុន (០,០៣ម៉ែត្រ) វិញហើយ បើប្រៀបធៀបនឹងកាលពីម្សិលមិញ ដែលទឹកបានហក់ឡើងជិតកន្លះម៉ែត្រ ក្នុងរយៈពេល១យប់១ថ្ងៃ បណ្តាលឱ្យលិចលង់ផ្ទះសម្បែងប្រជាពលរដ្ឋនៅផ្នែកខាងលិច និងខាងត្បូងផ្លូវជាតិលេខ៥ស្ទើរទាំងស្រុង ដោយពលរដ្ឋត្រូវបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ។

ចំណែកឯ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានបញ្ជាក់ដែរថា ទឹកជំនន់ដែលជន់លិចក្រុងសិរីសោភ័ណក៏បានស្រកចុះ២ហ៊ុនផងដែរ បន្ទាប់ពីកាលពីម្សិលមិញទឹកបានហក់ឡើងខ្លាំងជិតកន្លះម៉ែត្រ ដែលប៉ះពាល់ដល់៧សង្កាត់ និងលិចលង់ធ្ងន់ធ្ងរចំនួន៦សង្កាត់ ដែលតម្រូវឱ្យមានការជម្លៀសពលរដ្ឋមករកទីទួលសុវត្ថិភាព ។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ គិតត្រឹមថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ គ្រោះទឹកជំនន់នេះបានវាយលុក ៨ស្រុក/ក្រុង ក្នុងចំណោម ៩ស្រុក/ក្រុងទូទាំងខេត្ត ស្មើនឹង៤៥ឃុំ/សង្កាត់ និង២៦៩ភូមិ ។ ក្នុងនោះ មានប្រជាពលរដ្ឋរងផលប៉ះពាល់សរុប១៦.៦០៣គ្រួសារ ស្មើនឹងមនុស្ស៧១.៩៣៨នាក់ និងបានជម្លៀសគ្រួសាររងគ្រោះធ្ងន់ធ្ងរបញ្ជូនទៅទីទួលសុវត្ថិភាពចំនួន៣.២៤២គ្រួសារ ស្មើនឹងមនុស្ស១២.៩២៥នាក់ ។

ដោយឡែក យោងតាមមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានប្រកាសអាសន្នលើកម្រិតទឹកស្ទឹងចំនួន៣កន្លែង គិតត្រឹមថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ នេះ រួមមាន៖

១-ស្ទឹងសិរីសោភ័ណ (ក្រុងសិរីសោភ័ណ)៖ កម្រិតទឹក ៨,១៩ម៉ែត្រ ។ ២-ស្ទឹងស្ពានស្រែង (ស្រុកភ្នំស្រុក)៖ កម្រិតទឹក ៧,៤០ម៉ែត្រ ។ ៣-អាងត្រពាំងថ្ម (ស្រុកភ្នំស្រុក)៖ កម្រិតទឹក ៣,៤៥ម៉ែត្រ ៕








ចែករំលែកព័តមាននេះ