អាវុធហត្ថព្រះវិហារបង្ក្រាបទីតាំងរុករករ៉ែមាសខុសច្បាប់៥កន្លែង រឹបអូសម៉ាស៊ីន និងសម្ភារជាច្រើន
- ព្រះវិហារ
ខេត្តព្រះវិហារ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ សហការជាមួយកម្លាំងអាវុធហត្ថស្រុករវៀង កម្លាំងការពាររបស់ក្រុមហ៊ុន Delcom និងមន្ត្រីមន្ទីររ៉ែ និងថាមពលខេត្ត បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបទីតាំងរុករករ៉ែមាសខុសច្បាប់ចំនួន៥កន្លែង នៅក្នុងស្រុករវៀង ខេត្តព្រះវិហារ ដោយរឹបអូសបានគ្រឿងម៉ាស៊ីន និងសម្ភារមួយចំនួនដែលត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពរុករករ៉ែ ។

ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង៨ព្រឹកថ្ងៃទី១ តុលា ឆ្នាំ២០២៦ នៅតំបន់ភ្នំលុង និងតំបន់រំដេង ស្ថិតក្នុងភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេតព្រះវិហារ ដែលស្ថិតនៅក្នុងដែនសម្បទានរបស់ក្រុមហ៊ុន Delcom ។ ការចុះអនុវត្តវិធានការនេះ ត្រូវបានដឹកនាំក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងមានការសម្របសម្រួលផ្នែកនីតិវិធីដោយលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះវិហារ ។

តាមការបញ្ជាក់របស់សមត្ថកិច្ច ទីតាំងដែលត្រូវបានចុះបង្ក្រាប និងរុះរើមានចំនួន៥កន្លែង ដែលត្រូវបានស្គាល់តាមឈ្មោះម្ចាស់ ឬអ្នកពាក់ព័ន្ធ រួមមាន ៖
១-ទីតាំង ទា រដ្ឋា ២-ទីតាំង ប៉េ ដឿន ៣-ទីតាំង ហាស់ ដុល ៤-ទីតាំង ចាយ វៃ ៥-ទីតាំងអុំ ស្រីម៉ុច ។

សមត្ថកិច្ចបានឱ្យដឹងថា ការអនុវត្តវិធានការលើកនេះ ផ្តោតជាចម្បងទៅលើទីតាំងដែលមានការជីករណ្តៅជ្រៅៗ និងប្រើប្រាស់គ្រឿងចក្រ ឬសម្ភារដែលមិនស្របច្បាប់សម្រាប់ការរុករករ៉ែ ។ ទោះបីយ៉ាងណាចំពោះការជីករករ៉ែជាលក្ខណៈគ្រួសាររបស ប្រជាពលរដ្ឋនៅក្នុងតំបន់ មិនស្ថិតក្នុងគោលដៅនៃការរុះរើនោះទេ ។

ទាក់ទិនករណីនេះ នៅពេលកម្លាំងចម្រុះចុះទៅដល់ទីតាំងទាំង៥ មិនបានជួបអ្នកប្រព្រឹត្ត ឬជនសង្ស័យណាម្នាក់ឡើយ ។ សមត្ថកិច្ចសង្ស័យថា អ្នកពាក់ព័ន្ធបានដឹងពីការចុះប្រតិបត្តិការ និងបានចាកចេញពីទីតាំងជាមុន ។ ទោះបីមិនមានការឃាត់ខ្លួនមនុស្សនៅកន្លែងកើតហេតុក៏ដោយ ក្រុមការងារបានធ្វើការត្រួតពិនិត្យ និងប្រមូលវត្ថុតាងដែលពាក់ព័ន្ធនឹងការរុករករ៉ែមាសខុសច្បាប់ ។ សម្ភារដែលត្រូវបានរឹបអូស រួមមានម៉ាស៊ីនបាញ់ ឬម៉ាស៊ីនឈិតចំនួន៦ឈុត ម៉ាស៊ីនកិនអាចម៍ដីរ៉ែចំនួន៥ឈុត ស្បៃសម្រាប់ចាប់មាសចំនួន៨ផ្ទាំង និងទុយោមុខកាត់១តឹកចំនួន២ខ្សែ ។

ជាមួយគ្នានេះ សមត្ថកិច្ចក៏បានអនុវត្តការលុបរណ្តៅចាស់ផ្តេកមួយកន្លែង ដែលមានទំហំមុខកាត់ប្រមាណ៤ម៉ែត្រ គុណ៤ម៉ែត្រ ដើម្បីបង្ការការបន្តប្រើប្រាស់សម្រាប់សកម្មភាពរុករករ៉ែខុសច្បាប់ ។ ក្រោយបញ្ចប់ការងារ គ្រឿងម៉ាស៊ីន និងសម្ភារដែលបានរឹបអូស ត្រូវបានដឹកយកទៅរក្សាទុកនៅមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ ដើម្បីចាត់ចែង និងអនុវត្តនីតិវិធីបន្តទៅតាមច្បាប់ជាធរមាន ៕







ចែករំលែកព័តមាននេះ