ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ(ថ្មី)ផុតពីទឹក ប៉ុន្តែផ្លូវចូល​លិចលង់ខ្លាំង អ្នកជំងឺត្រូវជិះកាណូតឆ្លងកាត់

1 អាទិត្យ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ នៅទីតាំងមន្ទីរពេទ្យបង្អែក ក្រុងសិរីសោភ័ណ (ថ្មី) ស្ថិតក្នុងភូមិព្រហូត សង្កាត់​អូរអំបិល ក្រុងសិរីសោភ័ណ បានរងការលិច​លង់ផ្លូវចូល ដោយសារជំនន់ទឹកភ្លៀង ប៉ុន្តែអគារមន្ទីរពេទ្យផ្ទាល់ គឺរួចផុតពីទឹកជាង២ម៉ែត្រ ។

លោកវេជ្ជបណ្ឌិត លេ ចាន់សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងថា ទោះបីជាអគារមន្ទីរពេទ្យមិនរងផលប៉ះពាល់ដោយទឹកក៏ដោយ ប៉ុន្តែផ្លូវចូលត្រូវបានទឹកជំនន់ជន់លិចយ៉ាងខ្លាំង ។

យ៉ាងណាមិញ ប្រជាពលរដ្ឋដែលទៅទទួលសេវាព្យាបាលនៅតែអាចធ្វើដំណើរបាន ដោយ​មានកម្លាំងអន្តរាគមន៍រៀបចំកា​ណូតជូនដំណើរជាប្រចាំ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ពួកគាត់ ។

លោកបានបញ្ជាក់បន្ថែមថា មូលហេតុដែលផ្លូវចូលមន្ទីរពេទ្យថ្មីនេះ ងាយរងការលិចលង់ គឺដោយសារគម្រោងស្ថាបនាផ្លូវបេតុងឡើងឱ្យផុតពីទឹកមិនទាន់រួចរាល់ ។ ប៉ុន្តែអភិបាលខេត្តបន្ទាយមានជ័យ មានគម្រោងសម្រួលជាបណ្តោះអាសន្នសិន ដោយចាក់ក្រួស​ដើម្បីសម្រួលការធ្វើដំណើរ ។

ទាក់ទងនឹងស្ថានភាពនេះ ​ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល នឹងអញ្ជើញចុះពិនិត្យ​មើល​ស្ថានភាពផ្ទាល់នៅមន្ទីរពេទ្យបង្អែក ក្រុងសិរីសោភ័ណ រួមទាំងដឹកនាំគណៈប្រតិភូចុះពិនិត្យមន្ទីរពេទ្យស្រុកប្រតិបត្តិមង្គលបូរី និងមណ្ឌលសុខភាពឃុំរហាត់ទឹក ដែលរងគ្រោះដោយទឹកជំនន់ផងដែរ ។

ដោយឡែក ប្រជាពលរដ្ឋបានលើកឡើងពីការព្រួយបារម្ភថា មន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណចាស់ធ្លាប់តែលិចទឹក ហើយបច្ចុប្បន្នបានក្លាយជាគម្រោងដីល្វែងដែលមានតម្លៃរាប់ម៉ឺនដុល្លារ ប៉ុន្តែពេលមន្ទីរពេទ្យថ្មីត្រូវប្តូរមកទីតាំងជាយក្រុង បែរជាជួបបញ្ហាទឹកជំនន់លិចផ្លូវចូល ដែលតម្រូវឱ្យអ្នកជំងឺជិះកាណូតឆ្លងកាត់ ដែលអាចប្រឈមនឹងភាពលំបាក និងគ្រោះថ្នាក់ ប្រសិន​បើមានករណីអ្នកជំងឺធ្ងន់ធ្ងរ ។