រាជធានីភ្នំពេញ ៖ ស្ត្រីជាប្រពន្ធចុងម្នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនបន្ទាប់ពីជះទឹកអាស៊ីតដាក់លើប្ដីបណ្ដាឲ្យរងរបួសធ្ងន់ ។
ជនសង្ស័យជាប្រពន្ធចុងរូបនោះឈ្មោះ សុវណ្ណ កែវភាជ ហៅ ជូឡាយ អាយុប្រហែល៦៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កោសខ្យល់ចល័ត ស្នាក់នៅបន្ទប់ជួលគ្មានលេខ នៃផ្ទះលេខ៤B ផ្លូវលេខ២៧១ស្ទួន សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
ចំណែកជនរងគ្រោះឈ្មោះ ឡុង ណារ៉េត ភេទប្រុស អាយុ៦៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួលជាមួយគ្នាបានរងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិន ព្រះកុសមៈ ។
តាមនគបាលខណ្ឌទួលគោកបានឲ្យដឹងថា នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល១៤និង៣០នាទីរសៀល កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យខាងលើ ពាក់ព័ន្ធករណីហិង្សាដោយចេតនាដោយប្រើអាស៊ីតជះទៅលើជនរងគ្រោះ ដែលជាប្តីរបស់ខ្លួនបណ្ដាលអោយរងរបួសផ្ទៃមុខ និងដងខ្លួនរបួសធ្ងន់ធ្ងរ ប្រព្រឹត្តនៅចំណុចបន្ទប់ជួលគ្មានលេខ ផ្ទះលេខ៤B ផ្លូវលេខ២៧១ស្ទួន ក្រុមទី១ ភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ។
តាមនគរបាលខណ្ឌទួលគោក បានឲ្យដឹងទៀតថា ជនសង្ស័យ និងជនរងគ្រោះបានរស់នៅជាមួយគ្នាជាប្ដីប្រពន្ធរយៈពេលជាង ១០ឆ្នាំ ដោយជនរងគ្រោះមានប្រពន្ធដើមនៅខេត្តស្វាយរៀង។ ទាក់ទិននឹងការប្រើហិង្សានេះ តាមព័ត៌មានឲ្យដឹងថា ដោយសារតែស្ត្រីជាប្រពន្ធចុងខឹង នឹងជនរងគ្រោះដែលតែងតែបង្កហិង្សាមកលើខ្លួន ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការតាមនីតិវិធី ៕


ចែករំលែកព័តមាននេះ