ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការបា.ញ់ប្រហារនៅបា និងក្លឹបរាត្រី បណ្ដាលឱ្យមនុស្សស្លា.ប់ ២៧​នាក់

2 អាទិត្យ មុន

ប្រទេស​អាហ្វ្រិក​ខាងត្បូង ៖ ប៉ូលិស​រាយការណ៍​ កាលពី​ថ្ងៃ​ទី​២៧​ កញ្ញា​ ថា ពួក​ជនប្រដាប់អាវុធ​បាន​សម្លាប់​មនុស្ស​យ៉ាងតិច​២៧​នាក់ ​​ក្នុង​ទីក្រុង​សំខាន់​២​របស់​អាហ្វ្រិក​ខាងត្បូង​ ។ ការ​វាយប្រហារ​ដំបូង ​កើត​មាន​នា​វេលា​ម៉ោង​២១​ និង​៣០​នាទី​ម៉ោង​ក្នុងស្រុក ពេល​​ជន​ប្រដាប់​ដោយ​កាំភ្លើង​វាយលុក​៨​នាក់ សម្រុកចូល​ក្នុង​បា​​មួយ នា​ភាគ​ខាងលិច​ក្រុង​ចូ​ហាន​នេ​ស្បូ​ក ហើយ​បាញ់​សម្លាប់​មនុស្ស​១៧​នាក់ រួច​មនុស្ស​១៥​នាក់​រង​របួស​ ។ ពួក​ជនប្រដាប់អាវុធ​ទាំងនេះ​ បាន​បាញ់​លើ​បណ្ដា​ភ្ញៀវ ដែល​កំពុង​ផឹកស៊ី​​នៅ​ខាង​ក្រៅ ហើយ​បន្ទាប់​មក ​សម្រុកចូល​ក្នុង​បា​ ​និង​បន្ត​បាញ់​ទៀត​ ។ ក្នុង​សំ​ណោ​ម​ជន​រង​គ្រោះ​ដែល​ស្លាប់មាន​បុរស​១៣​នាក់ ​និង​នារី​៤​នាក់​ ។ មូលហេតុ​នៃ​ការ​បាញ់ប្រហារ​នោះ ​នៅ​មិន​ទាន់​ដឹង​នៅឡើយ និង​ថា ​បណ្ដា​ជនសង្ស័យ​នៅ​បាន​ដុត​រថយន្ត​២​គ្រឿង​មុន​​ពេល​គេចខ្លួន​ ។

កងកម្លាំង​ប៉ូលិស​គូសបញ្ជាក់​​ថា ការ​បាញ់ប្រហារ​នៅ​ក្រុង​ចូ​ហាន​នេ​ស្បួ​ក​​នោះ ហាក់ដូចជា​ពួក​ឧក្រិដ្ឋជន​ឆែកឆេរ​លើ​ភ្ញៀវ​មួយ​ចំនួន ដោយ​ប្លន់​យក​ទូរស័ព្ទ​ដៃ​របស់​ពួក​គេ មុន​ពេល​គេចខ្លួន​តាម​រថយន្ត​២​គ្រឿង ​។ សម្រាប់​ពេល​នេះ​ មូលហេតុ​នៃ​ការ​បាញ់​ប្រហារ​នោះ ​នៅ​តែ​មិន​ទាន់​ដឹង​នៅឡើយ ​។ យោង​តាម​ប៉ូលិស​ថា ​ជន​រង​គ្រោះ​ម្នាក់​ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំងនេះ ជា​មនុស្ស​​ដែល​គេ​កំពុង​តាម​រក ស​ង្ស័​​យ​ចូលរួម​ក្នុង​ឧប្បត្តិ​ហេតុ​មួយ ដែល​កើត​មាន​ក្នុង​បា​​នេះ​ដែរ ​កាលពី​ខែ​មុន​។ ក្នុង​ឧប្បត្តិហេតុ​កាលនោះ​ មាន​មនុស្ស​ម្នាក់​ស្លាប់ ​និង​ម្នាក់​ទៀត​រង​របួស​ក្នុង​បា​​ដដែល​នេះ​។ តាម​ប៉ូ​​លិ​ស​ថា ​ការ​បាញ់ប្រហារ​ប្រហែល​មក​ពី​ការ​គុំគួន​។

មានការ​បាញ់ប្រហារ​មួយទៀត​ នៅ​ក្នុង​ក្លឹ​បរា​ត្រី​មួយ​នាទី​ក្រុង​កាប​ នាវេលា​ម៉ោង​១​ និង​៤៦​នាទី​រំលងអ​ធ្រា​ត្រ ដោយ​ពួក​ជនប្រដាប់​អាវុធ​បាន​បាញ់​លើ​ភ្ញៀវ​ទាំងឡាយ​ ។ មនុស្ស​ប្រមាណ​ជា​១០​នាក់​ ត្រូវ​ស្លាប់​និង​១១​នាក់​ទៀត​រង​របួស​ ។ ក្នុង​ចំណោម​អ្នក​ស្លាប់​៥​នាក់ ​ស្លាប់​នៅ​នឹង​កន្លែង ចំណែក​អ្នក​ដទៃ​ទៀត​​ ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។ ក្នុង​ចំណោម​ការ​បាញ់ប្រហារ​ទាំង​២​នោះ​ ពុំ​មាន​ចាប់ខ្លួន​មនុស្ស​ណា​ម្នាក់​បាន​នៅឡើយ​ ។

ការ​បាញ់ប្រហារ​ទាំង​២​កើត​មាននៅ​អាហ្វ្រិក​ខាងត្បូង​ ដែល​ការ​ធ្វើ​ចរាចរណ៍​អាវុធ មិន​អាច​គ្រប់គ្រង​បាន ដោយ​គេ​អាច​ប្រើ​
កាំភ្លើង​ទាំង​ស្របច្បាប់​ និងទាំង​មិន​ស្របច្បាប់​។ ការ​ប៉ះទង្គិច​គ្នា​ ដោយ​អាវុធ​តែង​កើត​មាន​ជា​រឿយ​ៗ ដោយ​ក្រុម​ជន​ដែល​ប្រកួតប្រជែង​គ្នា​​ស្ថិត​ក្នុង​ក្រុម​ជនខិលខូច តែង​មាន​ជម្លោះ​ក្នុង​ការ​រកស៊ី​​មិន​ស្របច្បាប់​ ។ អាហ្វ្រិក​ខាងត្បូង​ ជា​ប្រទេស​មាន​ប្រជាជន​ប្រមាណ​ជា​៦២​លាន​នាក់ គេ​កត់ត្រា​ឃើញ​ថា​ គិត​ជា​មធ្យម​មានការ​សម្លាប់​មនុស្ស​៦០​នាក់​​ក្នុង​១​ថ្ងៃ​ ៕