ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើល្បិចថ្មីទៀតហើយ ! ថៃយករូបបដិមាព្រះពុទ្ធមកដំឡើងនៅលើទឹកដី​ខ្មែរ នៅ​ភ្នំ​ទ្រ​ព ស្រុក​អន្លង់​វែង

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ កងកម្លាំងប្រដាប់អាវុធ​ថៃ អម​ដោយ​ព្រះសង្ឃ​ថៃ បាន​ដំឡើង​រូប​បដិមា​ព្រះពុទ្ធ​មួយ​អង្គ ក្នុងភូមិ​សាស្ត្រ​ភ្នំ​ទ្រ​ព ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​២ និង​លេខ​៣ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងការបរទេស​បាន​ប្រកាស​នា​ថ្ងៃ​ទី​២២ ខែកញ្ញា​នេះ ។

រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើការ​តវ៉ា​ជា​ផ្លូវការ​យ៉ាង​ខ្លាំងក្លា​បន្ថែម​ទៀត​ចំពោះ​ការ​បន្ត​រំលោភ​បំពាន​ជា​បន្តបន្ទាប់​របស់​ថៃ មក​លើ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា តាម​បណ្តោយ​ព្រំដែន ។

ក្រសួងការបរទេស បាន​បន្ត​ថា នៅ​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៦ បន្ទាប់​ពី​បាន​ធ្វើ​សកម្មភាព​ឈ្លានពាន​ដី កងកម្លាំងប្រដាប់អាវុធ​ថៃ អម​ដោយ​ព្រះសង្ឃ​ថៃ បាន​ដំឡើង​រូប​បដិមា​ព្រះពុទ្ធ​មួយ​អង្គ ក្នុងភូមិ​សាស្ត្រ​ភ្នំ​ទ្រ​ព ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​២ និង​លេខ​៣​។ នេះ​គឺជា​ករណី​មួយទៀត​នៃ​ការ​ដែល​ប្រទេស​ថៃ​ប្រើប្រាស់​សំណង់ និង​និមិត្តរូប​សាសនា ដើម្បី​ពង្រឹង​ការ​កាន់កាប់​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់​។

រាជរដ្ឋាភិបាល​កម្ពុជា​តវ៉ា​យ៉ាង​ខ្លាំងក្លា​ប្រឆាំង​នឹង​សកម្មភាព​ខាងលើ ដែល​ជា​ការ​បំពាន​យ៉ាង​ច្បាស់​លើ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា ដូចដែល​បាន​កំណត់ និង​ខណ្ឌសីមា ដោយ​ផែនទី​ខ្នាត ១:២០០.០០០ ផលិត​ដោយ​គណៈកម្មាធិការ​កំណត់ព្រំដែន​រវាង​ឥណ្ឌូចិន និង​សៀម អនុលោម​តាម​អនុសញ្ញា​បារាំង​-​សៀម ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​ឆ្នាំ​១៩០៧​។

សកម្មភាព​នេះ​ក៏​រំលោភ​ផង​ដែរ​លើ​មាត្រា​៥ នៃ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​ថៃ ស្តី​ពី​ការ​វាស់វែង និង​ខណ្ឌសីមា​ព្រំដែន​គោក ដែល​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០០០ និង​ចំណុច​ទី​១ (​វិធានការ​កាត់​បន្ថយ​ភាព​តានតឹង​) នៃ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​វិសាមញ្ញ​លើក​ទី​៣ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) ចុះ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ។

រាជរដ្ឋាភិបាល​កម្ពុជា​សូម​បញ្ជាក់​ជា​ថ្មី​ថា កម្ពុជា​មិន​ទទួលស្គាល់​ដាច់ខាត​នូវ​ខ្សែ​ព្រំដែន ឬ​ការ​ទាមទារ​ទឹកដី​ជា​ឯកតោភាគី​ដោយ​ប្រទេស​ថៃ​នោះ​ឡើយ ហើយ​សកម្មភាព​ដែល​បាន​រៀបរាប់​ខាងលើ នឹង​មិន​ប៉ះពាល់​ដល់​សិទ្ធិ​ស្របច្បាប់ ឬ​ជំហរ​របស់​កម្ពុជា​ទាក់ទង​នឹង​ព្រំដែន​អន្តរជាតិ​របស់​ខ្លួន​ឡើយ​៕