មានជំងឺត្រូវទៅពេទ្យ មិនមែនទៅរកបារមីទេ! អភិបាលខេត្តកំពង់ធំបំបែកសំណុំរឿង«ព្រះម៉ែបារមី» នៅស្រុកសន្ទុក
- កំពង់ធំ
ខេត្តកំពង់ធំ ៖ អភិបាលខេត្តកំពង់ធំ បានចេញវិធានការក្តៅ ដោយបានបញ្ជាឱ្យអាជ្ញាធរស្រុកសន្ទុក សហការជាមួយមន្ទីរធម្មការ និងសាសនាខេត្តធ្វើការកោះហៅស្ត្រីម្នាក់ដែលបានតាំងខ្លួនជា«ព្រះម៉ែបារមី» មកធ្វើកំណត់ហេតុ និងអប់រំកិច្ចសន្យាភ្លាមៗ ។

ជាក់ស្តែង លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានប្រកាស នាថ្ងៃទី២១ ខែកញ្ញានេះថា ៖ ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ខ្ញុំបានបញ្ជាឱ្យរដ្ឋបាលស្រុក និងមន្ទីរធម្មការ និងសាសនា ធ្វើការកោះហៅ លោកស្រីម្នាក់ ដែលល្បីថា បានតាំងខ្លួនជាព្រះម៉ែបារមី នៅក្នុងស្រុកសន្ទុក មកធ្វើកំណត់ហេតុ ។

អភិបាលខេត្តកំពង់ធំបន្តថា ច្បាស់ណាស់ថា រាល់អប្បិយជំនឿតាមបែបដូនតា យើងមិនអាចប្រមាថនោះទេ ប៉ុន្តែរាល់ការបង្កើតអប្បិយជំនឿថ្មីៗផ្សេងៗត្រូវមានភាពសមហេតុសមផល និងរក្សាបាននូវសណ្តាប់ធ្នាប់ល្អនៅក្នុងសង្គម។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវដល់ពុកម៉ែមាមីងបងប្អូន ដែលមានជំងឺ សូមយល់ថា ការស្វែងរកនូវអ្វីដែលជាអប្បិយជំនឿនោះគ្រាន់តែជាការគួបផ្សំផ្នែកអារម្មណ៍តែប៉ុណ្ណោះ ប៉ុន្តែការព្យាបាលជំងឺជាក់ស្តែង សូមអញ្ជើញទៅមន្ទីរពេទ្យដែលមានជំនាញវិជ្ជាជីវៈ និងវិទ្យាសាស្ត្រពិតប្រាកដជាជំហរក្នុងការព្យាបាល ៕



ចែករំលែកព័តមាននេះ