ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆែក​ឆេរ​រទះ​៣ដែល​អូស​ចេញ​ពី​ដី​សៀម​ឃើញ​សាច់​ខូច​គុណ​​ភាព​ជិត​​មួយ​តោន

15 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត ៖ ទំនិញ និង​សាច់​ខូច​គុណ​ភាព​ ព្រម​ទាំង​​ត្រី​​ដែល​ឈ្មួញ​​លួច​ដាក់​បង្កប់​​​​តាម​រទេះ​ចំនួន​៣​គ្រឿង ហើយ​ជួល​កម្ម​ករ​អូស​ចេញ​​ពី​ដី​សៀម​​​បាន​ត្រូវ​​សមត្ថ​កិច្ច​​​​កាំកុង​ត្រូល​សហ​ការ​ជា​មួយ​មន្ត្រី​គយ​និង​រដ្ឋា​ករ ​មន្ត្រី​គណៈ​កម្ម​ការ​ច្រក​ទ្វារ​ និង​ប៉ូលិស​អន្តោ​ប្រវេសន៍​​ឆែក​ឆេរ​ចាប់​បាន​ចំនួន​ជិត​១​តោន កាល​ពី​វេលា​ម៉ោង​៩​​ព្រឹក ថ្ងៃ​ទី​២៩ មីនា ហើយ​​យក​ទៅ​ដុត​​កម្ទេច​​ចោល​​​នា​វេលា​ម៉ោង​​២​រសៀល​ថ្ងៃ​ដដែល ។

ទំនិញ​និង​សាច់​ខូច​គុណ​ភាព​ទាំង​នេះ​រួម​មាន​សាច់​មាន់​ចម្រុះ​​៣៥០​​គីឡូ​ក្រាម ប្រ​ហិត​សាច់​មាន់​​៣៦​គីឡូ​ក្រាម ត្រី​៤៦០​គីឡូ​ក្រាម សាច់​ជ្រូក​៣០​គីឡូ​ក្រាម ​ស៊ុត​មាន់​-ទា​៦០០​គ្រាប់ ​ទំពាំង​ជ្រក់​១​ធុង​ស្មើ​នឹង​២០​គីឡូ​ក្រាម ​កម្រេច​នំ​២៦០​គីឡូ​ក្រាម និង​កម្រេច​​មី​១៣០​គីឡូ​ក្រាម។ សាច់​​​ខូច​គុណ​ភាព​ទាំង​នោះ​ត្រូវ​​​ឈ្មួញ​​ដឹក​បង្កប់​ក្នុង​រទេះ​ ​ដោយ​រទេះ​​ខ្លះ​រៀប​សាច់​ពី​ក្រោម​ដាក់​បន្លែ​ពី​លើ​ និង​រទេះ​ខ្លះ​ដាក់​ត្រី​ពី​លើ​ដាក់​សាច់​ពី​ក្រោម ក្នុង​នោះ​តាម​​​ថង់​ត្រី​​​ខ្លះ​បង្កប់​ទាំង​សាច់​មាន់​​ខូចគុណ​ភាព​ពី​ខាង​ក្នុង​ទៀត​ផង ។ ​ម្ចាស់​រទេះ​​ទាំង​៣​​នាក់ មាន​ស្ត្រី​២​នាក់ និង​បុរស​ម្នាក់​ រួម​មាន​ ១-ឈ្មោះ​​សុខ ញឹប ភេទ ស្រី អាយុ​៣២​ឆ្នាំ ២-ឈ្មោះ​​ផន ដា ភេទ​ស្រី ​អាយុ​៣៩​ឆ្នាំ និង​៣-ឈ្មោះ​​ឯម នឿម ភេទ​ប្រុស អាយុ​៣២​ឆ្នាំ។ ​ក្នុង​ចំណោម​រទេះ​ទាំង​៣គ្រឿង​​ខាង​លើ​គឺ​រទេះ​​ឈ្មោះ​សុខ ញឹប ដឹក​ច្រើន​ជាង​គេ។

​បើ​តាម​​មន្ត្រី​ជំនាញ​​និយាយ​ថា ​ស្ត្រី​ឈ្មោះ​​សុខ ញឹប ​ជាមុខ​សញ្ញា​ធ្លាប់​​​ចាប់​បាន​​សាច់​ខូច​គុណ​ភាព​ជា​ច្រើន​ដង​មក​ហើយ ។ លោក​អ៊ុត ​សុភាព ប្រធាន​​សាខា​កាំ​កុង​ត្រូល​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ឱ្យ​ដឹង​​ថា ការ​​ឆែក​ឆេរ​​រទេះ​រក​ឃើញ​សាច់​ខូច​គុណ​ភាព​​ហើយ​ដុត​កម្ទេច​​​ចោល​ទាំង​ត្រី​ជិត​កន្លះ​តោន​ផង​ដែរ​នោះ គឺព្រោះ​​តែត្រី​ទាំង​នោះ​វា​មាន​ការ​បន្ត​ភាព​សាយ​ភាយ​ពី​សាច់​ខូច​គុណ​ភាព​ដែល​ដាក់​​បង្កប់​ពី​ខាង​ក្នុង​។ លោក​បន្ត​ថា ​ដោយ​អនុ​វត្ត​តាម​​បទ​បញ្ជា​ដ៏​ម៉ឺង​ម៉ាត់​របស់​លោកម៉ក់ ពេជ្ជ​រិទ្ធ អគ្គ​នាយក​​​កាំកុង​ត្រូល​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​យក​ចិត្ត​ទុក​ដាក់​​បង្ក្រាប​​រាល់​ទំនិញ និង​សាច់​ខូច​គុណ​ភាព​ដើម្បី​ការ​ពារ​សុខុមាល​ភាព​ប្រជា​ពល​រដ្ឋ​ ទើប​​មន្ត្រី​របស់​លោក​ក៏​ដូច​ជា​​រូប​លោក​ផ្ទាល់​តែ​ង​តែ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ និង​ឆែក​ឆេរ​​រទេះ​តាម​ច្រក​​ទ្វារ​ដើម្បី​​ទប់​ស្កាត់​​ការ​នាំ​ចូល​ទំនិញ និង​សាច់​ខូច​គុណ​ភាព​យក​​ទៅ​ដុត​កំទេច​ចោល​បាន​ជា​បន្ត​បន្ទាប់។
ចំពោះ​ម្ចាស់​រទេះ​ទាំង​បី​នាក់​ត្រូវ​បាន​​លោក​ប្រាប់​ថា នឹង​​កសាង​សំណុំ​រឿង​បញ្ជូន​​ទៅ​តុលា​ការ​​ដើម្បី​​​​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​​ ចំណែក​ឯ​រទេះ​​ទាំង​៣​គ្រឿង​ត្រូវ​រក្សា​ទុក​នៅ​កន្លែង​របស់​លោក៕