ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​វា.យ​ប្រ.ហារ​ស្លា.ប់​បី​នា.ក់​បន្ទាប់​ពីពូទីន​​ព្រ.មា.ន​អឺ​រ៉ុប​​ថា​មិន​ត្រូវ​​​​បញ្ជូន​ទ័ព​ទៅ​អ៊ុយ​ក្រែន​ជា​ដាច់​ខាត​

1 ខែ មុន

ទី​ក្រុង​ម៉ូស្គូ៖ ថ្ងៃ​នេះ រុស្ស៊ី​វាយ​ប្រហារ​ស្លាប់​ជន​ស៊ីវិល​បី​នាក់​ និង​របួស​រាប់​សិប​នាក់​បន្ទាប់​ពី​លោក​ពូទីន​ទើប​តែ​និយាយ​ព្រមាន​ថ្មី​ៗ​ថា​​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​មិន​ត្រូវ​បញ្ជូន​កង​ទ័ព​ទៅ​អ៊ុយ​ក្រែន​​ជា​ដាច់​ខាត​។​ បើ​មិន​ដូច្នេះ​ទេ មាន​ន័យ​ថា​​ពួក​គេ​ធ្វើ​សង្គ្រាម​ដោយ​ផ្ទាល់​ជា​មួយ​រុស្ស៊ី​។ អ៊ុយ​ក្រែន​សព្វ​ថ្ងៃ​នេះ​កំពុង​ទទួល​រង​សម្ពាធ​កាន់​តែ​ខ្លាំង​ពី​ការ​វាយ​ប្រហារ​ឥត​បន្ធូរ​ដៃ​ពី​សំណាក់​យោធា​រុស្ស៊ី​ដែល​ដឹង​ចំណុច​ខ្សោយ​ថា​អ៊ុយ​ក្រែន​កំពុង​ខ្វះ​ខាត​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​។ ដូច្នេះ រុស្ស៊ី​វាយ​ប្រហារ​ដោយ​មីស៊ីល​ផ្លោង​ផង​ និង​ដ្រូន​ដែល​ប្រើ​ម៉ាស៊ីន​កម្លាំង​ខ្លាំង​​ផង។ រុស្ស៊ី​ច្រើន​វាយ​ប្រហារ​ទី​តាំង​ផលិត​ថាម​ពល​មុន​ពេល​រដូវ​រងា​ចូល​មក​ដល់​។

មន្ត្រី​រដ្ឋាភិបាល​អ៊ុយ​ក្រែន​ចាត់​ទុក​ថា​នេះ​ជា​សង្គ្រាម​ចិត្ត​សាស្ត្រ​ដើម្បី​បំបាក់​ទឹក​ចិត្ត​របស់​ជន​ស៊ីវិល​​។ មនុស្ស​២​នាក់​​ស្លាប់​ និង​ម្នាក់​រង​របួស​​នៅ​ពេល​ដ្រូន​ជា​ច្រើន​គ្រឿង​របស់​រុស្ស៊ី​វាយ​ប្រហារ​អគារ​ស្នាក់​នៅ​មួយ​ខ្នង​កាល​ពី​យប់​មិញ​នៅ​ទី​ក្រុង​ហ្សា​ប៉ូរីហ្សៀ​។ ក្រៅ​ពី​នេះ​ នៅ​ទី​ក្រុង​គ្រីវ​យី​រី​ដែល​ជា​ស្រុក​កំណើត​របស់​លោក​ហ្សេឡិនស្គី​ មនុស្ស​ម្នាក់​ស្លាប់​ និង​បី​នាក់​រង​របួស​។ នៅ​​ទី​ក្រុង​កំពង់​ផែ​អូដេសា និង​តំបន់​ជុំ​វិញ​នោះ មនុស្ស​២៨​នាក់​រង​របួស​ដោយ​សារ​ការ​វាយ​ប្រហារ​ដ៏​ធំ​មួយ។ នៅ​ក្នុង​ចំណោម​អគារ​នានា​ដែល​រង​ការ​វាយ​ប្រ​ហារ​ក៏​មាន​អគារ​ស្នាក់​នៅ​របស់​ប្រជា​ជន​ដ៏​ខ្ពស់​ស្កឹម​ស្កៃ​មួយ​ខ្នង​ផង​ដែរ​។ នៅ​ជាន់​ខាង​លើ​នៃ​អគារ​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ខ្ទេច​ខ្ទី​អស់​។

សូម​រំលឹក​ថា​លោក​ពូទីន​ទើប​តែ​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​នៅ​ឯ​វេទិកា​ប្រ៊ីក​ស៍ (BRICS) រៀប​ចំ​នៅ​ឥណ្ឌា​កាល​ពីថ្ងៃ​សុក្រ​ថា​ប្រសិន​បើ​រដ្ឋាភិបាល​នៅ​អឺរ៉ុប​ហ៊ាន​បញ្ជូន​កង​ទ័ព​ទៅ​អ៊ុយ​ក្រែន​ មាន​ន័យ​ថា​ពួក​គេ​ធ្វើ​សង្គ្រាម​ដោយ​ផ្ទាល់​​ជា​មួយ​​​រុស្ស៊ី​​។ លោក​ថ្លែង​ថា​ឥឡូវ​នេះ ពួក​គេ​កំពុង​ជំនុំ​គ្នា​ថា​ត្រូវ​បញ្ជូន​កង​ទ័ព​ទៅ​អ៊ុយ​ក្រែន​របៀប​​​ណា​។ មាន​ន័យថា​នោះ​ជា​ការ​ធ្វើ​សង្គ្រាម​ជា​មួយ​រុស្ស៊ី​ហើយ​។ ថ្នាក់​​ដឹក​នាំ​អឺរ៉ុប​ខ្លះ​ធ្លាប់​សន្យា​ថា​ពួក​គេ​អាច​នឹង​បញ្ជូន​កង​ទ័ព​រក្សា​សន្តិ​ភាព​ទៅ​អ៊ុយ​ក្រែនពិត​មែន​។ ប៉ុន្តែ​​លុះ​ត្រា​តែ​សង្គ្រាម​ចប់​សិន​។ ទោះ​ជា​បែប​នេះ​ក្ដី រុស្ស៊ី​នៅ​តែ​បដិសេធ​ម្ដង​ហើយ​ម្ដង​ទៀត​ថា​ខ្លួន​មិន​អាច​ទទួល​យក​បាន​ជា​ដាច់​ខាត​។

នៅ​ប្រទេស​ឥណ្ឌា​ដដែល​ លោក​ពូទីន​បដិសេធ​ថា​មិន​បាន​បង្ក​ការ​គំរាម​កំហែង​ណា​មួយ​ចំពោះ​ទ្វីប​អឺរ៉ុប​ទេ​។ លោក​ថា​គ្មាន​ការ​គំរាម​កំហែង​ឡើយ​មិន​ថា​ពេល​នេះ ឬ​ពី​អតីត​កាល​នោះ​ទេ​។ យើង​មិន​គំរាម​​អឺរ៉ុប​ឡើយ​​ ហើយ​យើង​ក៏​​មិន​បាន​តាំង​ចិត្ត​​​គំរាម​ពួក​គេ​ដែរ​។ នាយក​រដ្ឋ​មន្ត្រី​ប៉ូឡូញ លោក​ដូណាល់​ទូស ថ្លែង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​​ព្រឹត្តិ​ការណ៍​២​បាន​​​កើត​ឡើង​នៅ​ព្រំ​ដែន​រវាង​ប៉ូឡូញ និង​អ៊ុយ​ក្រែន​ និង​រវាង​អ៊ុយ​ក្រែន និង​ម៉ុល​ដូវ៉ា​​នៅ​សប្ដាហ៍​នេះ​។ លោក​ចាត់​ទុក​ថា​នេះ​អាច​ជា​ចេត​នា​បង្ក​ហេតុ​របស់​រុស្ស៊ី​។ កាល​ពី​រាត្រី​ថ្ងៃ​អង្គារ​ ដ្រូន​របស់​រុស្ស៊ី​វាយ​ប្រហារ​ច្រក​ព្រំ​ដែន​រវាង​អ៊ុយ​ក្រែន និង​ម៉ុល​ដូវ៉ា​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​២​នាក់​។ ចំណែក​ការ​គំរាម​កំហែង​ទៅ​​លើ​ច្រក​ព្រំ​ដែន​រវាង​ប៉ូឡូញ​ និង​អ៊ុយ​ក្រែន​អាច​ទប់​ស្កាត់​បាន​ក្រោម​កិច្ច​សហ​ការ​រវាង​ប្រទេស​ទាំង​២​៕ ប្រភព៖ AP​