សង្គ្រាមឈ្លានពានទឹកដីកម្ពុជាដោយយោធាថៃមានការរៀបចំជាមុន ខណៈបា.ញ់គ្រា.ប់កាំភ្លើងធំមកលើប្រាសាទព្រះវិហារ ដើម្បីកម្ទេចចោល
- ព្រះវិហារ
ខេត្តព្រះវិហារ ៖ តាមការវិភាគ និងគណនាពីអ្នកជំនាញបានលើកឡើងថា នៅក្នុងសង្គ្រាមឈ្លានពានទឹកដីកម្ពុជាទាំងពីរលើក កាលពីឆ្នាំ២០២៥ ដោយយោធាថៃមានការរៀបចំទុកជាមុន ខណៈបាញ់គ្រាប់កាំភ្លើងធំមកលើប្រាសាទព្រះវិហារ ដើម្បីកម្ទេចប្រាសាទចោល ។

ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ បានលើកឡើងថា កងកម្លាំងប្រដាប់អាវុធថៃ បានបាញ់ផ្លោងគ្រាប់កាំភ្លើងធំចំនួន១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ ដែលស្មើនឹងទិសដៅបាញ់ចំនួន៥០១ ក្នុងនោះ មានគ្រាប់មិនទាន់ផ្ទុះ៩៧៧គ្រាប់ និងដ្រូនចំនួន៤ ។ ហើយតាមការវិភាគ និងគណនានៃការបាញ់ចេញរបស់យោធាថៃ មកលើទឹកដីកម្ពុជា គឺមានការរៀបចំទុកជាមុនយ៉ាងច្បាស់លាស់ ពោល គឺការបាញ់លើប្រាសាទព្រះវិហារ ក្នុងចេតនាកម្ទេចចោល ។

ឯកឧត្តមបានឱ្យដឹងថា បន្ទាប់ពីសង្គ្រាមឈ្លានពានមកលើកម្ពុជានៅតាមព្រំដែនកម្ពុជា-ថៃ ចំនួនពីរលើក មន្ត្រីជំនាញរបស់ CMAC បានរកឃើញរណ្តៅផ្ទុះចំនួន១៦.០០០ ដែលប៉ះពាល់ដល់ផ្ទៃដីទំហំ៣.០០០គីឡូម៉ែត្រការ៉េ ។
អគ្គនាយកស៊ីម៉ាក់កម្ពុជាបានលើកឡើងថា ក្នុងរយៈពេល៦ខែចុងក្រោយនេះ CMAC បានដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួនប្រហែល១០.០០០គ្រាប់ ដែលគ្របដណ្តប់លើផ្ទៃដីជាង១០០គីឡូម៉ែត្រការ៉េ ។

ឯកឧត្តមអគ្គស៊ីម៉ាក់បានបន្តថា គ្រាប់បែកចង្កោមដែលយោធាថៃ ប្រើប្រាស់ប្រភេទ M42, M46 និង M85 ផលិតនៅប្រទសអ៉ីស្រាអែល ហើយគ្រាប់បែកចង្កោមនេះ ស្ថិតក្រោមការហាមឃាត់ប្រើប្រាស់នៃអនុសញ្ញាគ្រាប់បែកចង្កោមអន្តរជាតិអូស្លូ ។
មេស៊ីម៉ាក់កម្ពុជាបានគូសបញ្ជាក់ថា នៅក្នុងសង្គ្រាមក្នុងឆ្នាំ២០២៥ ទាហានថៃ បានប្រើប្រាស់គ្រាប់បែកចង្កោមជាគ្រាប់កាំភ្លើងធំប្រភេទ១៥៥មីលីម៉ែត្រ មានចំនួនប្រមាណ១២.០០០ ទៅ១៣.០០០០គ្រាប់ ដែលមានផ្ទុកកូនគ្រាប់ចង្កោមចំនួនប្រមាណ៦-៧ លានគ្រាប់ និងបង្កផលប៉ះពាល់លើភូមិចំនួន៣៣៥ភូមិ នៃ៦០ឃុំ ស្ថិតតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលមានផ្ទៃដីរងផលប៉ះពាល់ជាង២៩០.០០០ហិកតា ។ សូមបញ្ជាក់ថា ភូមិចំនួន១៤ និងតំបន់តាមបណ្តោយខ្សែបន្ទាត់ព្រំដែនមិនទាន់ការសិក្សាស្រាវជ្រាវនៅឡើយទេ ដោយមូលហេតុបញ្ហាសន្តិសុខ ។

លើសពីនេះ ឯកត្តម ហេង រតនា បានគូសបញ្ជាក់ថា ការបាញ់ប្រហារគ្រាប់បែកចង្កោមរបស់ទាហានថៃនេះ មានយុទ្ធសាស្ត្រ និងយុទ្ធវិធីយោធាច្បាស់លាស់ និងមានគោលបំណងបង្កវិនាសកម្មសេដ្ឋកិច្ចសង្គមចំពោះប្រជាពលរដ្ឋខ្មែរ និងប្រទេសកម្ពុជាក្នុងរយៈពេលយូរអង្វែង ។
ពាក់ព័ន្ធនឹងការបាញ់បំផ្លាញប្រាសាទព្រះវិហាររបស់កម្ពុជានេះ ត្រូវបានលោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារបានលើកឡើងថា ការខូចប្រាសាទព្រះវិហារដោយសារការបាញ់ផ្លោងសព្វាវុធធុនធ្ងន់របស់យោធាថៃ បើកការឈ្លានពានមកលើទឹកដីកម្ពុជាទាំងពីរលើកកាលពីឆ្នាំ២០២៥ គឺជាវិនាសកម្មចំពោះបេតិកភណ្ឌពិភពលោក ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មានតម្លៃរបស់កម្ពុជា ។

លោក គង់ ពុទ្ធិការ បានបញ្ជាក់ថា ប្រាសាទព្រះវិហារបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរចំនួន៥៦២ទីតាំង ស្មើនឹងប្រមាណ៧ម៉ឺនបំណែកថ្ម ដោយសារការបាញ់ផ្លោងដោយសព្វាវុធធុនធ្ងន់, គ្រាប់បែកទម្លាក់ពីយន្តហោះពីសំណាក់យោធាថៃ ។
លោក គង់ ពុទ្ធិការ បានឱ្យដឹងថា ការខូចខាតសរុបចំនួន៥៦២ទីតាំង ស្មើនឹង៧ម៉ឺនបំណែកថ្ម បានប៉ះពាល់ដល់សំណង់ស្ថាបត្យកម្ម គោបុរៈ ក្បាច់ចម្លាក់ សសរថ្ម ជញ្ជាំង គោបុរៈ ទីសក្ការៈ និងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ។
អគ្គនាយកអាជ្ញាធរជាតិព្រះវិហារបានថ្លែងថា ការងារអភិរក្សមួយចំនួនដែលជិតបញ្ចប់ទៅហើយត្រូវបានបំផ្លាញមិនត្រឹមតែឱ្យត្រឡប់ទៅរកស្ថានភាពមុនពេលជួសជុលទេ ប៉ុន្តែបានធ្វើឱ្យផ្នែកខ្លះខូចខាតធ្ងន់ធ្ងរជាងផលប៉ះពាល់ពីកត្តាធម្មជាតិ ។
លោកបានអះអាងថា ការបាញ់ផ្លោងភាគច្រើនបានប៉ះចំផ្នែកបេតិកភណ្ឌដោយផ្ទាល់។ ផ្នែកមួយចំនួនបានរងការខូចខាតច្រើនលើក នៅក្នុងការប្រយុទ្ធកាលពីខែកក្កដា និងខែធ្នូ កន្លងមកនេះ ៕


ចែករំលែកព័តមាននេះ