ទីក្រុងវ៉ាស៊ីនតោន៖ លោកដូណាល់ត្រាំថ្លែងថាលោកទើបតែសន្ទនាគ្នាជាមួយលោកពូទីនប្រកបដោយខ្លឹមសារដ៏ខ្ពង់ខ្ពស់។ លោកថាលោកពូទីនចង់សម្រេចឱ្យបានកិច្ចព្រមព្រៀងសន្តិភាពដ៏ពិតប្រាកដមួយដើម្បីបិទបញ្ចប់សង្គ្រាមអ៊ុយក្រែនជាស្ថាពរ។ លោកត្រាំថាគាត់ (លោកពូទីន) ចង់សម្រេចឱ្យបានកិច្ចព្រមព្រៀង ហើយប្រសិនបើលោកហ្សេឡិនស្គីចង់សម្រេចឱ្យបានកិច្ចព្រមព្រៀងដែរ វានឹងក្លាយជារឿងដ៏ល្អបំផុត។ លោកថ្លែងដូច្នេះប្រាប់អ្នកសារព័ត៌មានមុនពេលឡើងជិះយន្តហោះអ៊ែរហ្វោះវាន់ (Air Force One) សំដៅទៅទីក្រុងដាឡាស់ (Dallas) រដ្ឋតិចសាសន៍ ដើម្បីចូលរួមមហាសន្និបាតរបស់គណបក្សសាធារណរដ្ឋ។

លោកត្រាំ និងលោកពូទីនបានសន្ទនាគ្នាតាមទូរស័ព្ទកាលពីយប់ថ្ងៃអង្គារ។ ពោលគឺការសន្ទនានេះធ្វើឡើងត្រឹមតែបន្តិចប៉ុណ្ណោះបន្ទាប់ពីបេសកជនពិសេសរបស់អាមេរិកគឺកូនប្រសាលោកត្រាំ និងលោកស្ទីវវីតខូសវិលត្រឡប់ពីបំពេញបេសកកម្មការទូតនៅទីក្រុងម៉ូស្គូ និងទីក្រុងកៀវ។ លោកទាំង២ (កូនប្រសា និងស្ទីវវីតខូស) ក្នុងនាមជាអ្នករ៉ាប់រងកិច្ចការធំៗពាក់ព័ន្ធនឹងការចរចាសន្តិភាពបានពិភាក្សាអំពីសំណើដែលអាចនឹងបញ្ចប់សង្គ្រាម។ កាលពីខែសីហា នាយកចារកម្មអាមេរិកស៊ីអាយអេ (CIA) លោកចនរ៉េតគ្លីហ្វ (John Ratcliffe) ក៏បានជួបសមភាគីរុស្ស៊ីនៅទីក្រុងម៉ូស្គូផងដែរដើម្បីជំរុញឱ្យរុស្ស៊ីបិទបញ្ចប់អំពើឈ្លានពានរបស់ខ្លួន។

ទោះបីមានកិច្ចខិតខំប្រឹងប្រែងដូចរៀបរាប់ខាងលើ និងទោះបីលោកត្រាំអះអាងថារុស្ស៊ីចង់បានកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមយ៉ាងណាក្ដី ប៉ុន្តែមន្ត្រីស៊ើបការណ៍សម្ងាត់របស់អាមេរិក ក៏ដូចជាអ៊ុយក្រែន និងអឺរ៉ុបនៅតែមិនទាន់ជឿជាក់ទាំងស្រុងថាលោកពូទីនពិតជាមានចិត្តចង់បិទបញ្ចប់សង្គ្រាមដោយសុទ្ធចិត្តនោះទេ។ គិតរហូតមកដល់ពេលនេះ សង្គ្រាមបានអូសបន្លាយពេលជាងបួនឆ្នាំកន្លះហើយ ហើយមិនទាន់ដឹងឱ្យប្រាកដថានឹងបិទបញ្ចប់ទៅវិញនៅពេលណាឡើយ។ លោកត្រាំថ្លែងប្រាប់អ្នកសារព័ត៌មានថាភាគីសំខាន់គឺបុគ្គល២រូបដែលស្អប់គ្នា។ លោកចង់សំដៅលើលោកពូទីន និងលោកហ្សេឡិនស្គី។

លោកយល់ថាអ្នកដែលស្អប់គ្នានេះហើយជាតួអង្គសំខាន់ជាងអ្នកណាទាំងអស់។ ទោះជាយ៉ាងណាក្ដី លោកនៅតែមានជំនឿយ៉ាងមុតមាំថាអាចនឹងមានឱកាសជួបគ្នាត្រីភាគី។ យើងមានការសន្ទនាគ្នាយ៉ាងអស្ចារ្យមួយ។ នៅពេលអ្នកសារព័ត៌មានសួរថាតើលោកនឹងព្យាយាមរៀបចំកិច្ចជំនួបត្រីភាគីដែរឬទេនាពេលអនាគត? លោកត្រាំឆ្លើយតបថារឿងនេះអាចទៅរួច។ មនុស្សច្រើនណាស់ស្លាប់យ៉ាងរង្គាលនៅក្នុងសង្គ្រាម។ គិតទៅគ្រាន់តែនៅក្នុងខែសីហាកន្លងទៅនេះស្លាប់២៥០០០នាក់៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ