ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពលករឡាវប្រឈមហានិភ័យជួញដូរមនុស្ស ខណៈសម្ពាធសេដ្ឋកិច្ចជំរុញឱ្យឆ្លងដែនរកការងារនៅថៃ

1 ខែ មុន

ប្រទេសឡាវ៖ ​ ពលករឡាវដែលធ្វើដំណើរឆ្លងដែនទៅស្វែងរកការងារនៅប្រទេសថៃ កំពុងប្រឈមហានិភ័យនៃការធ្វើការខុសច្បាប់ ការកេងប្រវ័ញ្ច និងជួញដូរមនុស្ស ខណៈសម្ពាធសេដ្ឋកិច្ច ប្រាក់ចំណូលទាប និងការបោះបង់ការសិក្សា បានជំរុញមនុស្សមួយចំនួនឱ្យស្វែងរកឱកាសការងារនៅក្រៅប្រទេស។ នេះបើយោងតាមសារព័ត៌មាន The Laotian Times ចេញផ្សាយ​កាលពីពេលថ្មីៗនេះ។

អាជ្ញាធរថៃបានព្រមាននិយោជកកុំជួលពលករបរទេសដែលគ្មានលិខិតអនុញ្ញាតការងារ ឬចាត់ឱ្យធ្វើការក្នុងមុខរបរដែលច្បាប់រក្សាទុកសម្រាប់ពលរដ្ឋថៃ។ និយោជកដែលជួលពលករខុសច្បាប់អាចប្រឈមការផាកពិន័យរហូតដល់ ១០០,០០០បាតក្នុងម្នាក់ ការជាប់ពន្ធនាគារ និងហាមឃាត់ការជួលពលករបរទេសរយៈពេល៣ឆ្នាំ ខណៈពលករអាចត្រូវពិន័យ បណ្តេញចេញ និងហាមស្នើសុំលិខិតអនុញ្ញាតការងាររយៈពេល២ឆ្នាំ។

តាមទិន្នន័យការិយាល័យគ្រប់គ្រងពលករបរទេសថៃ ក្នុងខែកក្កដា ឆ្នាំ២០២៦ មានពលករបរទេសប្រមាណ ៤.២៤លាននាក់កាន់លិខិតអនុញ្ញាតការងារត្រឹមត្រូវ ក្នុងនោះមានពលករឡាវយ៉ាងហោចណាស់ ៣០៦,៨០៦នាក់។ ទន្ទឹមនឹងនេះ ចំនួនពលករឡាវដែលត្រូវបានចាត់វិធានការពាក់ព័ន្ធការធ្វើការគ្មានលិខិតអនុញ្ញាត ឬក្នុងមុខរបរហាមឃាត់ បានកើនពី ១៧៨នាក់ក្នុងឆ្នាំ២០២២ ដល់ ៧៤៦នាក់ក្នុងឆ្នាំ២០២៥។

ហានិភ័យកាន់តែធ្ងន់ធ្ងរសម្រាប់កុមារឡាវមួយចំនួនដែលបោះបង់ការសិក្សាដោយសារគ្រួសារខ្វះលទ្ធភាពផ្នែកហិរញ្ញវត្ថុ និងសង្ឃឹមថាការធ្វើការនៅថៃអាចផ្តល់ប្រាក់ចំណូលល្អជាងនៅក្នុងប្រទេស។ ការស៊ើបអង្កេតរបស់សារព័ត៌មានប្រជាតៃ បានរកឃើញការរាយការណ៍អំពីការធ្វើការយូរម៉ោង ការមិនទទួលបានប្រាក់ឈ្នួល ការគំរាមកំហែង និងការកេងប្រវ័ញ្ចធ្ងន់ធ្ងរ។

ទោះបីការងារនៅថៃមានភាពទាក់ទាញដោយសារប្រាក់ឈ្នួលខ្ពស់ជាងនៅឡាវក៏ដោយ ក៏ការធ្វើចំណាកស្រុកដោយគ្មានឯកសារត្រឹមត្រូវអាចបង្កើនហានិភ័យនៃការកេងប្រវ័ញ្ច និងជួញដូរមនុស្ស។ ឡាវបានរាយការណ៍ថា នៅដើមឆ្នាំ២០២៥ មានពលកររបស់ខ្លួនជាង ៧៣,០០០នាក់កំពុងធ្វើការនៅក្រៅប្រទេសដោយគ្មានឯកសារត្រឹមត្រូវ ខណៈអាជ្ញាធរបន្តជំរុញឱ្យពលករប្រើប្រាស់ផ្លូវចំណាកស្រុកស្របច្បាប់ និងមានសុវត្ថិភាព៕