ប្រទេសវៀតណាម៖ ភូមិនេសាទ Canh Duong ក្នុងខេត្ត Quang Tri ភាគកណ្តាលភាគខាងជើងប្រទេសវៀតណាម ដែលមានប្រវត្តិតាំងពីឆ្នាំ១៦៣៤ និងមានអាយុជិត ៤សតវត្សរ៍ កំពុងទាក់ទាញការចាប់អារម្មណ៍ដោយសារប្រពៃណីគោរពត្រីបាឡែន និងការរក្សាគ្រោងឆ្អឹងត្រីបាឡែនយក្សចំនួន២ នៅប្រាសាទ Ngu Linh។ នេះបើយោងតាមសារព័ត៌មាន Tuoi Tre។
អ្នកភូមិបានដាក់ឈ្មោះត្រីបាឡែនទាំងពីរថា «Duc Ong» និង «Duc Ba» ហើយគោរពទុកជាផ្នែកមួយនៃជីវិតវប្បធម៌ និងជំនឿរបស់សហគមន៍អ្នកនេសាទ។ តាមអ្នកភូមិ «Duc Ba» បានរសាត់មកលើឆ្នេរក្នុងឆ្នាំ១៨០៩ ខណៈ «Duc Ong» បានមកដល់តំបន់នេះក្នុងឆ្នាំ១៩០៧។
គ្រោងឆ្អឹងត្រូវបានដាក់តាំងលើជើងទម្រឈើនៅក្នុងប្រាសាទ ដោយផ្នែកឆ្អឹងជាច្រើន រួមមានឆ្អឹងកង ឆ្អឹងព្រុយ និងឆ្អឹងក្បាល ត្រូវបានរក្សាទុកយ៉ាងប្រុងប្រយ័ត្ន។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺឆ្អឹងជំនីធំៗចំនួន៤ មានកម្ពស់ជាង៤ម៉ែត្រ ដែលអ្នកភូមិប្រៀបធៀបទៅនឹងភ្លុកដំរីយក្ស។
តាមការសិក្សារបស់អ្នកស្រាវជ្រាវ គ្រោងឆ្អឹង «Duc Ong» មានប្រវែងប្រមាណ២៨.៨ម៉ែត្រ ខណៈ «Duc Ba» មានប្រវែងប្រមាណ២៨.៥ម៉ែត្រ។ នៅពេលនៅរស់ ត្រីបាឡែនទាំងពីរអាចមានទម្ងន់រាប់រយតោន។ ដោយសារផ្នែកខ្លះនៃគ្រោងឆ្អឹងបានបាត់បង់ ឬខូចខាតក្នុងអំឡុងសង្គ្រាម ចេតិយ Ngu Linh ត្រូវបានសាងសង់ក្នុងឆ្នាំ២០០៤ ដើម្បីរក្សាទុកគ្រោងឆ្អឹងដែលនៅសេសសល់។
នៅក្បែរចេតិយនោះក៏មានទីបញ្ចុះសពសម្រាប់ត្រីបាឡែនដែលរសាត់មកលើឆ្នេរ Canh Duong ដោយមានផ្នូររាប់សិប និងមានចានធូបនៅមុខផ្នូរ ស្រដៀងនឹងផ្នូរមនុស្ស។ ផ្នូរនីមួយៗមានឈ្មោះ និងកាលបរិច្ឆេទរកឃើញរបស់ត្រីបាឡែន ដោយមានឈ្មោះប្លែកៗ៕
ចែករំលែកព័តមាននេះ