ទីក្រុងហ្សឺណែវ ៖ នៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ សម័យប្រជុំលើកទី៦៣ នៅទីក្រុងហ្សឺណែវ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា បានដាក់បញ្ហាមួយយ៉ាងច្បាស់នៅចំពោះមុខសហគមន៍អន្តរជាតិ ៖ ទោះបទឈប់បាញ់នៅតែមានសុពលភាព ក៏ប្រជាពលរដ្ឋកម្ពុជាជាង២០,០០០នាក់ នៅតែមិនអាចវិលត្រឡប់ទៅផ្ទះដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នេះបើតាមឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។
កម្ពុជាក៏បានបញ្ជាក់យ៉ាងធ្ងន់ថា កងកម្លាំងប្រដាប់អាវុធថៃ នៅតែបន្តសកម្មភាពខុសច្បាប់ក្នុងទឹកដីកម្ពុជា ដោយដាក់លួសបន្លា កុងតឺន័រ សាងសង់ហេដ្ឋារចនាសម្ព័ន្ធយោធា និងស៊ីវិល ហើយថែមទាំងចេញប័ណ្ណកម្មសិទ្ធិដីធ្លីឱ្យពលរដ្ឋថៃ មុនពេលការកំណត់ព្រំដែនរួមត្រូវបានបញ្ចប់។ តំណាងកម្ពុជា បានហៅសកម្មភាពទាំងនេះថា ជាការបង្កើត faits accomplis ឬការបង្កើតស្ថានភាពថ្មី នៅលើដីដោយឯកតោភាគី ។
នេះជាចំណុចដែលថៃ ត្រូវឆ្លើយ។ បើថៃ ពិតជាគោរពបទឈប់បាញ់ ហេតុអ្វីប្រជាពលរដ្ឋកម្ពុជាជាង២០,០០០នាក់ នៅតែមិនអាចត្រឡប់ទៅផ្ទះ ? បើថៃពិតជាចង់ដោះស្រាយព្រំដែនដោយសន្តិវិធី ហេតុអ្វីត្រូវដាក់លួសបន្លា កុងតឺន័រ សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើតស្ថានភាពថ្មី មុនការកំណត់ព្រំដែនរួម ?
ការគ្មានស្នូរកាំភ្លើង មិនមែនជាអាជ្ញាបណ្ណសម្រាប់បន្តបង្កើតស្ថានភាពថ្មីនៅលើដីទេ។ លួសបន្លាមិនមែនជាខ្សែព្រំដែន។ កុងតឺន័រមិនមែនជាបង្គោលព្រំដែន។ វត្តមានយោធាមិនមែនជាប័ណ្ណកម្មសិទ្ធិលើអធិបតេយ្យភាព។ ហើយការបង្កើត fait accompli ដោយឯកតោភាគី មិនអាចជំនួសការកំណត់ព្រំដែនតាមច្បាប់បានឡើយ ។
អ្វីដែលធ្វើឱ្យសាររបស់កម្ពុជា នៅទីក្រុងហ្សឺណែវ កាន់តែមានទម្ងន់ គឺបញ្ហានេះត្រូវបានដាក់ក្នុងវិមាត្រសិទ្ធិមនុស្ស (Human Rights Dimension) ៖ នៅពីក្រោយលួសបន្លា និងកុងតឺន័រ គឺមានគ្រួសារកម្ពុជា ដែលកំពុងរង់ចាំត្រឡប់ទៅផ្ទះ មានកុមារដែលត្រូវត្រឡប់ទៅសាលារៀន និងមានប្រជាពលរដ្ឋ ដែលមានសិទ្ធិវិលត្រឡប់ទៅរកជីវិតធម្មតារបស់ខ្លួន។ សូម្បីតែបេសកជនពិសេស UN Thomas Andrews ក៏បានរាយការណ៍ពីការមើលឃើញរបាំង និងលួសបន្លានៅតំបន់ព្រំដែន និងបានសង្កត់ធ្ងន់លើសិទ្ធិរបស់ជនផ្លាស់ទីក្នុងការវិលត្រឡប់ទៅផ្ទះ ។
ដូច្នេះ សារពីកម្ពុជាទៅកាន់ថៃ និងសហគមន៍អន្តរជាតិគួរតែច្បាស់ ៖ «បទឈប់បាញ់ត្រូវបញ្ឈប់ទាំងគ្រាប់កាំភ្លើង និងការបង្កើតស្ថានភាពថ្មីនៅលើដី។ សន្តិភាពពិតប្រាកដមិនមែនគ្រាន់តែគ្មានការបាញ់ប្រហារ ប៉ុន្តែត្រូវឱ្យប្រជាពលរដ្ឋវិលត្រឡប់ទៅផ្ទះ និងត្រូវគោរពអធិបតេយ្យភាព បូរណភាពទឹកដី និងច្បាប់អន្តរជាតិ។ កម្លាំងអាចបង្កើតស្ថានភាពបណ្តោះអាសន្នលើដី ប៉ុន្តែមិនអាចបម្លែងស្ថានភាពនោះទៅជាអធិបតេយ្យភាពស្របច្បាប់បានឡើយ» ៕



ចែករំលែកព័តមាននេះ