រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ គណៈកម្មការចំពោះកិច្ច ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រាជធានីភ្នំពេញ បានផាកពិន័យម្ចាស់ទីតាំង ដែលមានចេតនាលាក់បាំងជនបរទេស គិតជាថវិកា សរុបចំនួន ៣,០៣០លានរៀល ។
ក្នុងសន្និសីទ ដើម្បីបង្ហាញវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ លោក ឃួង ស្រេង បានគូសបញ្ចាក់ថា នៅក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្របោសសម្អាត បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តយ៉ាងសកម្មជាប់ជាប្រចាំ នូវបទបញ្ជាលេខ០១ បប ចុះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល ស្ដីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា online scam និងអនុក្រឹត្យលេខ០៣ អនប្រក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាព តាមទីតាំងស្នាក់នៅប្រមូលផ្ដុំ និងច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។
ក្នុងនោះ លោក ឃួង ស្រេង បានបញ្ជាក់ថា ជាលទ្ធផលគិតពីពេលបើកយុទ្ធនាការថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ គណៈកម្មការចំពោះកិច្ច ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាល តាមទីតាំងស្នាក់នៅ រួមមាន ចំនួន២៣,១២៥ទីតាំង ដែលរកឃើញជនបរទេសស្នាក់នៅ ចំនួន១៤៩,៧២២នាក់ ស្រី៤៤,២៣៧នាក់ ស្មើនឹង៧៥សញ្ជាតិ ។
លោក បញ្ជាក់ ថា «ជាមួយគ្នានេះ ការអនុវត្តខ្លឹមសារ និងអនុក្រឹត្យលេខ០៣ អនប្រក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦នេះ ចាប់តាំងពីថ្ងៃទី២១ ខែមីនា ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ គណៈកម្មការចំពោះកិច្ចរាជធានី ធ្វើការផាកពិន័យម្ចាស់ទីតាំងដែលមានចេតនា លាក់បាំងនូវវត្តមានជនបរទេស នៅទីតាំងស្នាក់នៅរបស់ខ្លួន បានចំនួន១២៧ទីតាំង ដែលបានរកឃើញជនបរទេស ចំនួន៧៥៧នាក់ ដោយគិតជាថវិកាផាកពិន័យ បានសរុបចំនួន ៣,០៣០លានរៀល» ។
សូមបញ្ជាក់ថា នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារខាងលើនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ក៏បានបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន១៩៦ករណី និងឃាត់ខ្លួនបានចំនួន ៣,៨០៦នាក់ ស្រី ៦២៩នាក់ ស្មើនឹង២៧សញ្ជាតិ ព្រមទាំងដកហូតសម្ភារមួយចំនួនធំទៀត ៕



ចែករំលែកព័តមាននេះ