ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីលួ.ចម៉ូតូ
- សៀមរាប
ខេត្តសៀមរាប ៖ បើតាមលោកវរសេនីយ៍ឯក ថា ចំរើន អធិការដ្ឋាននគរបាលក្រុងសៀមរាប បានប្រាប់តាមទូរស័ព្ទនៅវេលាម៉ោង៥និង៤០នាទីរសៀលថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ២០២៦ នេះថា ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យលោកដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ចុះឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ ពាក់ព័ន្ធករណីអំពើលួច និងលួចមានស្ថានទម្ងន់ទោសដោយប្រើហិង្សា(លួចម៉ូតូនិងវាយយកម៉ូតូ)និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី រួចកសាងសំណុំរឿងបន្តបញ្ជូនទៅកាន់តុលាការដើម្បីបន្តនីតិវិធី។
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើនេះកើតឡើងកាលពីវេលាម៉ោង ៣ឈានចូលព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០២៦នៅចំណុចលើផ្លូវខាងត្បូងកន្លែងលក់សំបុត្រភ្ញៀវទេសចរណ៍ ក្នុងភូមិមណ្ឌល ៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
លោកវរសេនីយ៍ឯក បានបញ្ជាក់ថា កម្លាំងនគរបាលក្រុងសៀមរាប បានចុះឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ឈ្មោះ ឈុន សែនសិសិទ្ធិ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីកន្លែងកំណើតនៅភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប និង ទីលំនៅបច្ចុប្បន្ន រស់នៅភូមិ គោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប និង ឈ្មោះ វណ្ណ វិសាល ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្ន រស់នៅភូមិ គោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បានខ្ចីម៉ូតូម៉ាកហុងដាស្គូពី ស៊េរីឆ្នាំ២០២៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប ១AV- ៩០២២ ពីជនរងគ្រោះ រួចជិះទៅធ្វើសកម្មភាពធាក់ម៉ូតូហុងដាឌ្រីម មួយគ្រឿងទៀតក្នុងគោលបំណងធាក់ផ្តួលយកម៉ូតូ ។
ប៉ុន្តែអ្នកជិះម៉ូតូម៉ាកហុងដាឌ្រីម ឈ្មោះ ណាត នាថ ហៅ ចយ ភេទប្រុស អាយុ១៩ ឆ្នាំ មុខរបរមិនពិត ប្រាកដ មានទីកន្លែងកំណើត និងបច្ចុប្បន្ននៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប (ជាមុខសញ្ញាលួចម៉ូតូ) បានដេញវាយបកវិញ ហើយជិះម៉ូតូម៉ាកហុងដា ស្គូពីនោះ រត់គេចខ្លួនបាត់ ដោយបន្សល់ម៉ូតូរបស់ខ្លួននៅកន្លែងកើត ហេតុ រួចខាងភាគីដែលធ្វើសកម្មភាពធាក់គេនោះ ក៏ឱ្យបក្ខពួកមកជិះម៉ូតូហុងដាឌ្រីម នោះគេចខ្លួនផងដែរ រួចក៏ប្រាប់ម្ចាស់ដើមថា ត្រូវគេប្លន់ យកម៉ូតូទៅបាត់ហើយ ។
ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះកម្លាំងជំនាញបានចុះបើកការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័យទាំង ០៣នាក់ រួមទាំងវត្ថុតាងម៉ូតូ ០២គ្រឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ បន្ទាប់ពីឃាត់ខ្លួន បានជនសង្ស័យទាំង ៣នាក់ រួចមក កម្លាំងយើងបានធ្វើតេស្តរកសារធាតុញៀនជាលទ្ធផលជនសង្ស័យឈ្មោះ ណាត នាថ ហៅចយ មានផ្ទុកសារធាតុញៀន ។ ចំពោះ២នាក់ទៀតគ្មាន។ វត្ថុតាងដែលដកហូតពីជនសង្ស័យខាងលើរួមមាន៖ ម៉ូតូចំនួន០២គ្រឿង សមត្ថកិច្ចយើងបានប្រគល់ជូនជនរងគ្រោះយកទៅប្រើប្រាស់វិញ អស់ហើយផងដែរ ។
បច្ចុប្បន្នជនសង្ស័យទាំងបី ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី រួចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនបន្តទៅកាន់តុលាការខេត្ត នៅរសៀលថ្ងៃទី៨ ខែ កញ្ញា ឆ្នាំ២០២៦ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕





ចែករំលែកព័តមាននេះ