នាំគ្នាលួ.ចកា.ត់ខ្សែភ្លើងក្រុមហ៊ុនមួយកន្លែង ច្រើនលើក ចុងក្រោយអស់លក្ខណ៍
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យចំនួន២នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រួច ស្រាវជ្រាវឃាត់ខ្លួនខណៈដែលក្រុមជនសង្ស័យបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងពីក្រុមហ៊ុនផលិតឥដ្ឋ និងផលិតធ្យូងអនាម័យជាច្រើនលើកច្រើនដងមកហើយ ដើម្បីយកស្ពាន់ទៅលក់ បានលុយ។
ការស្រាវជ្រាវឃាត់ខ្លួនក្រុមជនសង្ស័យលួចកាត់ខ្សែភ្លើង បានធ្វើឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិក្រាំងតាតន់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកភ្នំស្រួចបានឱ្យដឹងថា ក្រុមជនសង្ស័យដែលឃាត់ខ្លួនរួមមាន ទី១-ឈ្មោះ ហ៊ន សាន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២-ឈ្មោះ នី ង៉ែត ហៅវ៉ិត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ជនសង្ស័យទាំង២នាក់រស់នៅក្នុងភូមិក្រាំងតាតន់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកភ្នំស្រួចបានបន្តដឹងថា នៅមុនពេលឃាត់ខ្លួនក្រុមជនសង្ស័យ គឺមានករណីចោរកម្ម(ក្រុមចោរបានលួចកាត់ខ្សែភ្លើង) ហើយអ្នកគ្រប់គ្រងក្រុមហ៊ុនបានដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចជួយស្រាវជ្រាវអន្តរាគមន៍ស្វែងរកចាប់ខ្លួនក្រុមជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។
កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ កន្លងទៅ មានឈ្មោះ Shi Yu Qing ភេទប្រុស អាយុ៣៩ឆ្នាំ សញ្ជាតិចិន មុខរបរអ្នកគ្រប់គ្រងផ្នែកលក់របស់ក្រុមហ៊ុន Yong De Xin ស្នាក់នៅភូមិគីរីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច បានមកដាក់ពាក្យប្ដឹងជនសង្ស័យមិនស្គាល់អត្តសញ្ញាណចំនួន២នាក់ តាមការរៀបរាប់របស់ឈ្មោះខាងលើថា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ មានជនសង្ស័យចំនួន២នាក់ បានចូលលួចកាត់ខ្សែភ្លើងអស់ជាច្រើនម៉ែត្រ ម៉ូទ័របូមទឹកចំនួន១គ្រឿង ម៉ូទ័រខ្សែពានផលិតឥដ្ឋចំនួន២គ្រឿង និងបានចូលលួចខ្សែភ្លើងជាច្រើនដងមកហើយ ។
នគរបាលស្រុកភ្នំស្រួចបានបន្ថែមទៀតថា នៅវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ មានឈ្មោះ ងួន គោស៊ី ភេទស្រី អាយុ២៣ឆ្នាំ រស់នៅក្នុងភូមិគីរីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច បានរៀបរាប់ប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ មានជនសង្ស័យចំនួន៣នាក់ មិនស្គាល់អត្តសញ្ញាណ បានចូលមកលួចកាត់ខ្សែភ្លើងនៅចំណុចមុខក្រុមហ៊ុនត្រង់បង្គោលភ្លើង ត្រង់ស្វូអស់ប្រហែល១០០ម៉ែត្រ កន្លងមកក៏មានជនសង្ស័យមិនដឹងចំនួនប៉ុន្មាននាក់នោះទេ បានចូលមកលួចកាត់ខ្សែភ្លើងនៅក្នុងរោងចក្រជាច្រើនដងមកហើយដែរ។
នគរបាលស្រុកភ្នំស្រួចបានបន្ថែមឲ្យដឹងទៀតថា យោងតាមរយៈការស្រាវជ្រាវនៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ សមត្ថកិច្ចនគរបាលជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូរ បានឃាត់ជនសង្ស័យចំនួន២នាក់ យកមកសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចខ្សែភ្លើងជាមួយបក្ខពួកចំនួន៣នាក់ផ្សេងទៀត៖ ទី១-ឈ្មោះ ស៊ូ រដ្ឋា ហៅ (ស្រួច)(ហៅហើម) ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ទី២-ឈ្មោះ សែម សុភាព ហៅឆាង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី៣-ឈ្មោះ សៀង ម៉េងស៉ឺ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំង៣នាក់រស់នៅក្នុងភូមិក្រាំងតាតន់ ឃុំអូរ ស្រុកភ្នំស្រួច ។
យោងតាមការរៀបរាប់របស់ជនសង្ស័យ បានសារភាពថាពួកខ្លួនបានធ្វើសកម្មភាព លួចកាត់ខ្សែភ្លើងនៅចំណុចក្នុងក្រុមហ៊ុនផលិតឥដ្ឋបានសម្រេចចំនួន២លើក (លើកទី១ក្នុងខែ៨ មិនចាំថ្ងៃ និងលើកទី២ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦)។ និងធ្វើសកម្មភាព លួចកាត់ខ្សែភ្លើងនៅក្នុងក្រុមហ៊ុនផលិតធ្យូងអនាម័យបានសម្រេចចំនួន២លើក(លើកទី១ចុងខែ៨ មិនចាំថ្ងៃ និងលើកទី២ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦)។ ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ នគរបាលស្រុកភ្នំស្រួច ធ្វើការដកហូតវត្ថុតាងសម្បកខ្សែភ្លើងមួយចំនួនផងដែរ។
នគរបាលស្រុកភ្នំស្រួចបានបញ្ជាក់ឱ្យដឹងថា ក្រោយឃាត់ខ្លួនជនសង្ស័យរួមជាមួយនឹងវត្ថុតាងនគរបាលបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕





ចែករំលែកព័តមាននេះ