ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាស់ៗពីខេត្តកោះកុង ៖ រាជរដ្ឋាភិបាលមិនទុកដង្ហើមឱ្យក្រុមឆបោ.កតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ

1 ខែ មុន

ខេត្តកោះកុង ៖ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៥ ខែកញ្ញា ឆ្នាំ​២០២៦ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចុះ​ពិនិត្យ និង​តាមដាន​វឌ្ឍនភាព ដោយ​ផ្ទាល់​នៅ​តាម​ទីតាំង​ធ្លាប់​មានការ​ប្រព្រឹត្ត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ក្នុង​ខេត្តកោះកុង បន្ទាប់​ពី​កងកម្លាំង​អនុវត្ត​ច្បាប់ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​បោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ក្នុង​ក្រប​ខណ្ឌ​នៃ​យុទ្ធនាការ​ជាតិ​ស្តារ​សន្តិសុខ និង​កិត្តិយស​ជូន​ជាតិ និង​ប្រជាជន ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួង​ព័ត៌មាន​បាន​ប្រកាស​នា​ថ្ងៃ​ទី​៦ ខែកញ្ញា​នេះ ។

បើ​ទោះបីជា​សមត្ថកិច្ច​កម្ពុជា បាន​ប្រកាស​ពី​បោសសម្អាត​សម្បុក​ឆបោក​ធំ​ៗ​ចំនួន​៨៦​កន្លែង និង​បង្ក្រាប​ចំនួន​៦៦៣​ទីតាំង យ៉ាងណា​ក្តី ក៏​បេសកកម្ម​នេះ​មិន​ទាន់​បញ្ចប់​ឡើយ ។ អាជ្ញា​ធរមាន​សមត្ថកិច្ច​កំពុង​បន្ត​ប្រតិបត្តិការ​ស្រាវជ្រាវ តាមដាន និង​ឆែកឆេរ​យ៉ាង​ស្អិតរ​មួ​ត លើ​គ្រប់​ទីតាំង​សង្ស័យ​ទាំងអស់ ដោយ​មិន​ទុក​ឱ្យ​សល់​សូ​ម្បី​តែ​មួយ​ចន្លោះ​ប្រហោង​ឡើយ ។

រាជរដ្ឋាភិបាល​នឹង​ប្រើ​វិធានការ​កណ្តាប់ដៃ​ដែក ដើម្បី​កាត់​ផ្តាច់​បណ្តាញ និង​បញ្ចប់​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ឱ្យ​អស់​ដោយ​មិន​ទុក​លំហរ ឬ​ច្រក​ដកដង្ហើម​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​ឡើយ ព្រមទាំង​សូម​លើកទឹកចិត្ត​ដល់​សាធារណជន និង​ដៃគូ​ទាំងអស់​ឱ្យ​ចូលរួម​ផ្តល់​ព័ត៌មាន​អំពី​ទីតាំង​សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​អន​ឡាញ ដើម្បី​សមត្ថកិច្ច​ចុះ​អន្តរាគមន៍ បង្ក្រាប និង​លុប​បំបាត់​បាន​ទាន់​ពេលវេលា ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​បំផុត ។

ទស្សនកិច្ច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នា​ពេល​នេះ គឺជា​សារ​នយោបាយ​ច្បាស់លាស់​ទៅ​កាន់​ពិភពលោក​ថា កម្ពុជា​មិនមែន និង​មិន​ដែល​អនុញ្ញាត​ឲ្យ​ទីតាំង​ណាមួយ​នៃ​ដែនដី​ខ្លួន ក្លាយជា​ជម្រក​នៃ​ឧក្រិដ្ឋជន​ឆបោក​អន​ឡាញ​ឡើយ ។ ក្នុង​ការ​ចុះ​ពិនិត្យ​ផ្ទាល់​ដល់ទី​តាំង​ក្នុង​ខេត្តកោះកុង សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​ផ្ដោត​ជា​សំខាន់​លើ​ទីតាំង​ដែល​ជា​ធ្លាប់​ជា​តំបន់​ក្តៅ ពិសេស​តំបន់​អភិវឌ្ឍន៍​តារា​សាគរ និង​ទីតាំង​សង្ស័យ​មួយ​ចំនួន​ទៀត​ក្នុង​ខេត្តកោះកុង ដែល​កន្លង​មក​ត្រូវ​បាន​ក្រុម​ឧក្រិដ្ឋជន​ជ្រកកោន​កេង​បន្លំ​ធ្វើ​សកម្មភាព​ឆបោក​ឆ្លង​ដែន​។

បច្ចុប្បន្ន ទីតាំង​ទាំងនេះ​ត្រូវ​បាន​កងកម្លាំង​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​ដែនដី បិទ​ប្រតិបត្តិការ​ខុសច្បាប់​ទាំងស្រុង ដោយ​មណ្ឌល​ឆបោក​ធំ​ៗ និង​ទីតាំង​បណ្តាញ​តូចតាច​ទាំងអស់ ត្រូវ​បាន​បង្ក្រាប ដកហូត​ឧបករណ៍​បច្ចេកវិទ្យា បិទ​ចោល​ទាំងស្រុង និង​ដាក់​វិធានការ​ឈាន​ទៅ​រឹបអូស​តាម​នីតិវិធី​ច្បាប់​ដោយ​គ្មាន​ការ​លើកលែង ។

ជាមួយ​គ្នា​នេះ ការ​គ្រប់គ្រង​សន្តិសុខ​ពេញលេញ​ត្រូវ​បាន​ធានា ដោយ​អាជ្ញាធរ​បាន​ដាក់​ការ​ត្រួតពិនិត្យ​យ៉ាង​ម៉ឺងម៉ាត់ ២៤/៧ ដើម្បី​ធានា​ថា​គ្មាន​ការ​លួចលាក់​បង្កើត​ឡើង​វិញ​ជា​ដាច់ខាត សំដៅ​ស្តារ​រូបភាព ជំនឿ​ចិត្ត​ក្នុង​ការ​វិនិយោគ ព្រមទាំង​ធានា​បរិយាកាស​អាជីវកម្ម​ស្របច្បាប់ ជំរុញ​សកម្មភាព​ទេសចរណ៍ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​សម្រាប់​ប្រជាជន​មូលដ្ឋាន​។

វត្តមាន​របស់​សម្តេច​ធិ​បតី​នៅ​ខេត្តកោះកុង​នា​ពេល​នេះ គូស​រំលេច​នូវ​លទ្ធផល​នៃ​ការ​អនុវត្ត «​យុទ្ធនាការ​ជាតិ​បោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​» ដែល​កើត​ចេញពី​ភាព​សកម្ម ពុះពារ និង​ឥត​ដកថយ របស់​កងកម្លាំង​អនុវត្ត​ច្បាប់ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា នៅ​ក្នុង​រាជធានី​-​ខេត្ត​ទាំង ២៥ ចាប់តាំងពី​ខែកក្កដា ឆ្នាំ​២០២៥ រហូត​ដល់​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២៦ ។

ក្នុង​រយៈពេល​ប្រមាណ ១៤ ខែ នៃ​ប្រតិបត្តិការ​ជាប់​ជា​ប្រចាំ​ក្នុង​ការ​វាយ​សន្ធប់ និង​កម្ទេច​ឫសគល់​នៃ​បទល្មើស​អន​ឡាញ​នេះ សមត្ថកិច្ច​កម្ពុជា​បាន​បង្ក្រាប​ចំនួន ៦៦៣ ទីតាំង ហើយ​ក្នុង​ចំណោម​នេះ សមត្ថកិច្ច​បាន​បិទ និង​គ្រប់គ្រង​មណ្ឌល​ឆបោក​(scam compounds) ៨៦​ទីតាំង ដើម្បី​ឈាន​ទៅ​រឹបអូស​តាម​នីតិវិធី​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់ ។ ទន្ទឹម​គ្នា​នេះ ថវិកា​ជាង ៣០០​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​គណនី​ធនាគារ​ត្រូវ​បាន​បង្កក រួម​ទាំង​ទ្រព្យសម្បត្តិ​ផ្សេង​ទៀត​ដែល​កំពុង​បន្ត​នីតិវិធី​បង្កក និង​ធ្វើការ​វាយតម្លៃ​ជា​បន្តបន្ទាប់​។

ចំណែកឯ ក្រុម​មេខ្លោង និង​បណ្តាញ​ឧក្រិដ្ឋ​ជនបរទេស ត្រូវ​បាន​ចាប់ខ្លួន និង​ផ្តន្ទាទោស​តាម​ច្បាប់ ។ សំណុំរឿង ចំនួន ៤៤៦ ករណី​ស្ថិត​ក្នុង​ដំណើរការ​នៃ​នីតិវិធីតុលាការ ពាក់ព័ន្ធ​នឹង​ជន​ត្រូវ​ចោទ ៣,៩២៧ នាក់ រួម​មាន​មេខ្លោង​និង​គូកន មក​ពី​២៩​សញ្ជាតិ ។ វិធានការ​ច្បាប់​ក៏​ត្រូវ​បាន​អនុវត្ត​ចំពោះ​មន្ត្រី​ដែល​រក​ឃើញ​ជាប់​ពាក់ព័ន្ធ ក្នុង​សំណុំរឿង​ចំនួន ៤ ទាក់ទិន​ជនសង្ស័យ ១៥ នាក់ រួម​មាន ព្រះរាជអាជ្ញា​រង​, អគ្គនាយករង​អន្តោប្រវេសន៍​, ស្នងការ​រង​រាជធានី​ភ្នំពេញ​, អតីត​អគ្គនាយក​នៃ​ក្រសួងការបរទេស ព្រមទាំង​មន្ត្រី​នគរបាល និង​យោធា​មួយ​ចំនួន​ទៀត​។

ស្របគ្នា​នេះ ជនបរទេស ចំនួន​ជាង ២២,០០០ នាក់ មក​ពី​៣៨ សញ្ជាតិ បាន​ធ្វើ​មាតុភូមិនិវត្តន៍​ត្រលប់​ទៅ​ប្រទេស​ខ្លួន​វិញ តាម​នីតិវិធី​ច្បាប់ និង​បទដ្ឋាន​សិទ្ធិ​មនុស្ស ដោយ​សហការ​យ៉ាង​ជិត​ស្និទ្ធ និង​ស្មោះត្រង់​ជាមួយ​បណ្តា​ស្ថានទូត​ពាក់ព័ន្ធ ។

សូម​បញ្ជាក់​ថា ពួក​គេ​ត្រូវ​បាន​សមត្ថកិច្ច​ជួយ​រំដោះ និង​សង្គ្រោះ​ឱ្យ​រួច​ផុត​ពី​ពលកម្ម​ការងារ​ខុសច្បាប់ ការ​កេងប្រវ័ញ្ច និង​អំពើ​ទារុណកម្ម​អមនុស្សធម៌​ដោយ​ពួក​មេខ្លោង​ឧក្រិដ្ឋ​ជនបរទេស ៕