អាជ្ញាធរខេត្តមណ្ឌលគិរី រៀបចំយុទ្ធនាការលែងកូនត្រីពូជចម្រុះ ២០ម៉ឺនក្បាល ចូលក្នុងសហគមន៍ស្រះជម្រកត្រី និងទំនប់ទឹក ដើម្បីបង្កើនផលស្តុកត្រីធម្មជាតិ
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖ «ទោះបីជាខេត្តមណ្ឌលគិរី ជាតំបន់ខ្ពង់រាប និងជួរភ្នំយ៉ាងណាក៏ដោយ ប៉ុន្តែខេត្តមួយនេះមានប្រភពទឹកធម្មជាតិយ៉ាងសម្បូរបែប ដែលរាជរដ្ឋាភិបាលកម្ពុជាបានគិតគូរយ៉ាងយកចិត្តទុកដាក់ ក្នុងការសាងសង់ជាទំនប់ទឹកធំៗ និងអាងស្តុកទឹកជាច្រើន ដូចជាទំនប់អូរតេធិបតី និងទំនប់សែនសុខដុមជាដើម ដើម្បីបម្រើឱ្យវិស័យកសិកម្ម ការផ្គត់ផ្គង់ទឹកស្អាត ជាពិសេសគឺការបង្កើតឱ្យទៅជាប្រភពជលផល និងជម្រកត្រីធម្មជាតិដ៏មានសក្តានុពលសម្រាប់ប្រជាពលរដ្ឋ»។
នេះជាការលើកឡើងរបស់ ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី នៅក្នុងយុទ្ធនាការលែងកូនត្រីពូជចម្រុះសរុបចំនួន ២០ម៉ឺនក្បាល ចូលទៅក្នុងសហគមន៍ស្រះជម្រកត្រីទំនប់អូរតេធិបតី និងទំនប់សែនសុខដុម។យុទ្ធនាការនេះបានប្រារព្ធឡើងនាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិពូរាំង ឃុំសែនមនោរម្យ ស្រុកអូររាំង ។
ឯកឧត្តម គង់ គឹមនី បានមានប្រសាសន៍បន្ថែមថា ប្រទេសកម្ពុជាមានសម្បត្តិជលផលដ៏សម្បូរបែប ហើយវិស័យជលផលជាផ្នែកមួយដ៏សំខាន់នៃធនធានជាតិ ដោយប្រជាពលរដ្ឋកម្ពុជាទទួលទានត្រីជាប្រភពប្រូតេអ៊ីនសំខាន់ប្រមាណ ៧១.៥% និងជាមធ្យម ៥២.៤ គីឡូក្រាមក្នុងម្នាក់ ក្នុង១ឆ្នាំ។ ការលែងកូនត្រីនាពេលនេះ មិនត្រឹមតែជួយស្ដារ និងបង្កើនផលស្តុកត្រីធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ និងធានាសន្តិសុខស្បៀងជូនប្រជាពលរដ្ឋនៅតាមជនបទផងដែរ។
ក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្តមបានអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងសមត្ថកិច្ច មន្ត្រីជំនាញ និងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សា និងការពារកូនត្រីដែលបានលែងទាំងនេះឱ្យបានល្អប្រសើរ ដោយត្រូវចៀសវាងដាច់ខាតនូវការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ឬការចាប់កូនត្រីតូចៗទាំងនេះ និងត្រូវទុកលទ្ធភាពឱ្យពួកវាធំធាត់ ដើម្បីទាញយកផលប្រយោជន៍ប្រកបដោយនិរន្តរភាព។
បើតាមការបញ្ជាក់ពី លោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានឱ្យដឹងថា កូនត្រីពូជចម្រុះចំនួន ១៤ ប្រភេទ សរុប ២០ម៉ឺនក្បាល ត្រូវបានបែងចែកលែងចូលក្នុងសហគមន៍ស្រះជម្រកត្រីទំនប់អូរតេធិបតី ស្ថិតក្នុងស្រុកអូររាំង ចំនួន ១៥ម៉ឺនក្បាល និងចំនួន ៥ម៉ឺនក្បាលទៀត ត្រូវបានលែងចូលក្នុងទំនប់សែនសុខដុម ស្ថិតក្នុងក្រុងសែនមនោរម្យ៕





ចែករំលែកព័តមាននេះ