ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​អាមេរិក​ជាង ៣០០ បន្ត​រកស៊ី​នៅ​រុ​ស្ស៊ី ទោះ​មាន​បម្រាម​ពី​ទីក្រុង​វ៉ា​ស៊ី​ន​តោន

1 ខែ មុន

ទីក្រុង​មូ​ស្គូ ៖ ក្រុមហ៊ុន​សហរដ្ឋ​អាមេរិក​ជាង ៣០០ ក្រុមហ៊ុន នៅ​តែ​បន្ត​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី បើ​ទោះបីជា​មាន​បម្រាម​ពី​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ក៏​ដោយ ហើយ​ពួក​គេ​គ្មាន​ផែនការ​ចាក​ចេញពី​ទីផ្សារ​រុ​ស្ស៊ី​នោះ​ទេ​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក Anton Kobyakov ទីប្រឹក្សា​ប្រធានាធិបតី​រុ​ស្ស៊ី និង​ជា​លេខាធិការ​ប្រតិបត្តិ​គណៈកម្មាធិការ​រៀបចំ​វេទិកា​សេដ្ឋកិច្ច​ភាគ​ខាងកើត (EEF) នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​រុ​ស្ស៊ី TASS នៅ​ខាងក្រៅ​កិច្ចប្រជុំ EEF ។

បើ​តាម​ប្រភព​ពី TASS កាលពី​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០២៦ បានឱ្យ​ដឹង​ថា លោក Anton Kobyakov បាន​បញ្ជាក់​ថា ក្រុមហ៊ុន​អាមេរិក​ជាង ៣០០ ក្រុមហ៊ុន នៅ​តែ​បន្ត​វត្ត​មាននៅ​លើ​ទីផ្សារ​របស់​រុ​ស្ស៊ី នៅ​ពេល​ដែល​អាជ្ញាធរ​អាមេរិក​បាន​ហាមឃាត់​ពួក​គេ​ដោយ​ផ្ទាល់ ឬ​រារាំង​ពួក​គេ​មិន​ឱ្យធ្វើ​បែប​នោះ​។ លោក​បន្ត​ថា បណ្តា​អ្នក​វិនិយោគ​លោក​ខាងលិច​បាន​រក្សា​ទំនាក់ទំនង​របស់​ពួក​គេ​ជាមួយ​រុ​ស្ស៊ី ហើយ​មួយ​ចំនួន​នៅ​តែ​បន្ត​ធ្វើការ​ជាមួយ​ទីក្រុង​មូ​ស្គូ សូ​ម្បី​តែ​ពេល​បច្ចុប្បន្ន​នេះ​។

លោក​បាន​បន្ថែម​ថា គ្មាន​នរណា​ម្នាក់​ចង់​ចាកចេញ​នោះ​ទេ ព្រោះ​ពួក​គេ​ដឹង​ពី​គុណ​តម្លៃ​នៃ​បណ្តាញ​ទំនាក់ទំនង​ទាំងនេះ និង​យល់​ពី​ផលប្រយោជន៍​អាជីវកម្ម​ផ្ទាល់ខ្លួន​របស់​ពួក​គេ​។ លោក​បាន​កត់សម្គាល់​ទៀត​ថា ក្រុមហ៊ុន​អឺរ៉ុប​មួយ​ចំនួន​ត្រូវ​បាន​រុញច្រាន​ឱ្យ​ទាល់ច្រក​ដោយ​រដ្ឋាភិបាល​ផ្ទាល់​របស់​ពួក​គេ នៅ​ក្នុង​គោលបំណង​រារាំង​ពួក​គេ​មិន​ឱ្យធ្វើ​ការ​ជាមួយ​រុ​ស្ស៊ី​។

សម្រាប់​រដ្ឋាភិបាល​រុ​ស្ស៊ី លោក Kobyakov បាន​បញ្ជាក់​ថា មិន​បាន​បង្កើត​ឧបសគ្គ​ណាមួយ​សម្រាប់​អ្នក​សម្រេចចិត្ត​បន្ត​ស្នាក់​នៅ​ជាមួយ​រុ​ស្ស៊ី​នោះ​ទេ ព្រោះ​ក្នុង​ករណី​នេះ ពួក​គេ​ធ្វើ​អាជីវកម្ម​ដោយ​សមភាព​ដូច​បណ្តា​ក្រុមហ៊ុន​រុ​ស្ស៊ី​ដែរ ហើយ​ក៏​ត្រូវ​បាន​ចាត់ទុកជា​ប្រតិបត្តិ​ករ​សេដ្ឋកិច្ច​រុ​ស្ស៊ី​ផង​ដែរ​។

បើ​តាម​ទិន្នន័យ​ពីសា​លា​គ្រប់គ្រង Yale (Yale School of Management) របស់​សហរដ្ឋអាមេរិក បាន​បង្ហាញ​ថា សង្គ្រាម​រវាង​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​ដែល​បាន​ផ្ទុះ​ឡើង​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០២២ បាន​បង្ក​ឱ្យ​អាជីវកម្ម​លោក​ខាងលិច​ចាកចេញ​ជា​បន្តបន្ទាប់​ពី​ប្រទេស​រុ​ស្ស៊ី​។ រហូត​មក​ដល់​បច្ចុប្បន្ន ក្រុមហ៊ុន​បរទេស​ជាង​១​ពាន់​បាន​ដកខ្លួន​ចេញ ឬ​ក៏​កាត់​បន្ថយ​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី​។ ក្រុមហ៊ុន​ខ្លះ​កំពុង​តែ​ដាក់​លក់​ទ្រព្យសម្បត្តិ​នៅ​ទីនោះ ឬ​ផ្ទេរ​ការ​គ្រប់គ្រង​ទៅ​ឱ្យ​ថ្នាក់ដឹកនាំ​បច្ចុប្បន្ន​។ ក្រុមហ៊ុន​ផ្សេង​ទៀត ក៏​កំពុង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ដើម្បី​ចាកចេញ ប៉ុន្តែ​អាច​នឹង​ទិញ​យក​ទ្រព្យសម្បត្តិ​ពួក​គេ​មក​វិញ​នៅ​ពេល​ក្រោយ​។

យោង​តាម​ស្ថិតិ​មួយ​របស់​ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីដើម​ឆ្នាំ​២០២៤ ដែល​ផ្អែក​លើ​របាយការណ៍​របស់​បណ្តា​ក្រុមហ៊ុន​ទាំងនេះ​បាន​បង្ហាញ​ថា អាជីវកម្ម​បរទេស​បាន​ខាតបង់​ថវិកា​អស់​ជាង ១០៧ ពាន់​លាន​ដុល្លារ​អាមេរិក ដោយសារ​ការ​ចាក​ចេញពី​ទីផ្សារ​រុ​ស្ស៊ី​៕ ប្រភព ៖ TASS, Reuters និង VnExpress