លោកព្រឹទ្ធាចារ្យ «នាដកោសលវិជ្ជា ជា ហ៊ា» មរតកមនុស្សរស់ ព្រះជន្ម៩៧ឆ្នាំ រូបនេះ នៅជាមួយនឹងសិល្បៈស្ទើរពេញមួយជីវិត
- បាត់ដំបង
ខេត្តបាត់ដំបង៖ ឯកឧត្តមហ៊ឺ វីរៈ ប្រធាននាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ និងជាប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យវប្បធម៌ និងវិចិត្រសិល្បៈ តំណាងលោកជំទាវបណ្ឌិតសភាចារ្យភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ លោកព្រឹទ្ធាចារ្យសិល្បៈ «នាដកោសលវិជ្ជាជា ហ៊ា» មរតកមនុស្សរស់ នៅភូមិចំការសំរោង ឃុំចំការសំរោង ស្រុកបាត់ដំបង ខេត្តបាត់ដំបង ។
បើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជំនួបកាលពីពេល ថ្មីៗកន្លងមកនេះ ឯកឧត្តមហ៊ឺ វីរៈ បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅពីឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវបណ្ឌិតសភាចារ្យភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។
មរតកមនុស្សរស់ សំដៅដល់បុគ្គល ឬក្រុមមនុស្សមានចំណេះដឹង ជំនាញ ទេពកោសល្យ និងបច្ចេកទេសកម្រិតខ្ពស់បំផុត ដែលចាំបាច់ដល់ការបង្កើតភាពសម្រិតសម្រាំងនៃទិដ្ឋភាពជីវិតវប្បធម៌របស់ប្រជាជន និងអត្ថិភាពបន្តនូវបេតិកភណ្ឌវប្បធម៌របស់ជាតិ ។
លោកព្រឹទ្ធាចារ្យសិល្បៈជា ហ៊ា បានចូលរៀនចំណេះទូទៅតាំងពីកុមារនៅសាលាវត្តក្ដុល ក្នុងខេត្តបាត់ដំបង ។ នៅឆ្នាំ១៩៤១ គាត់ចូលហាត់ និងសម្ដែងក្នុងក្រុមល្ខោនបាសាក់មួយនៅខេត្តបាត់ដំបង ។ ប៉ុន្តែក្រោយមកគាត់បានចូលហាត់ល្ខោនខោលពីលោកគ្រូពេជ្រ និងលោកគ្រូ អាង(គ្រូល្ខោនខោលសម័យនោះ)រហូតចេះអាចសម្ដែងបាន(ភាគច្រើនលោកសម្ដែងជាតួត្លុកកំប្លែង) ។
នៅអំឡុងឆ្នាំ១៩៨២ លោកព្រឹទ្ធាចារ្យសិល្បៈជា ហ៊ា បានបង្កើតក្រុមល្ខោនខោលផ្ទាល់ខ្លួន តែលោកនៅជួយសម្ដែងឱ្យក្រុមល្ខោនបាសាក់ម្ដងម្កាលដែរ ។ ក្រៅពីសម្ដែងល្ខោន លោកព្រឹទ្ធាចារ្យចេះធ្វើមុខខ្មុកសម្រាប់ល្ខោនខោល ព្រមទាំងបង្ហាត់បង្រៀនអំពីរបៀបធ្វើមុខខ្មុកផងដែរ ។
សព្វថ្ងៃនេះលោកព្រឹទ្ធាចារ្យសិល្បៈ ជា ហ៊ា មានវ័យ៩៧ឆ្នាំ ហើយលោកទទួលបានការគោរពីសហគមន៍សិល្បករ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងនាម «មរតកមនុស្សរស់» ជាបុគ្គលប្រកបដោយទេពកោសល្យ និងជំនាញជាន់ខ្ពស់ ក្នុងការបន្តថែរក្សាបេតិកភណ្ឌវប្បធម៌ជាតិមិនឱ្យបាត់បង់ ។
ឯកឧត្តមហ៊ឺ វីរៈ បាននាំយកប្រាក់របស់ លោកជំទាវបណ្ឌិតសភាចារ្យភឿង សកុណា ជូនដល់លោកព្រឹទ្ធាចារ្យសិល្បៈជា ហ៊ា ផងដែរ ៕





ចែករំលែកព័តមាននេះ