ប្រទេសឡាវ៖ អាជ្ញាធរខេត្តចម្ប៉ាសាក់ ប្រទេសឡាវ បានចូលកាន់ការគ្រប់គ្រង និងអភិរក្សតំបន់ប្រាសាទវត្តភូ ដែលជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូឡើងវិញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីកិច្ចសន្យាសម្បទានអភិវឌ្ឍវិស័យទេសចរណ៍រយៈពេល ១៥ឆ្នាំជាមួយក្រុមហ៊ុនឯកជនមួយបានផុតកំណត់កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Laotian Times នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦។
អាជ្ញាធរខេត្តចម្ប៉ាសាក់ បានសម្រេចមិនបន្តកិច្ចសន្យាសម្បទាននេះទៀតឡើយ ដោយយោងតាមច្បាប់បេតិកភណ្ឌជាតិឆ្នាំ២០២១ ដែលមិនអនុញ្ញាតឱ្យផ្តល់សម្បទានពាណិជ្ជកម្មលើតំបន់បេតិកភណ្ឌវប្បធម៌ជាតិ លុះត្រាតែមានការអនុម័តដោយផ្ទាល់ពីរដ្ឋមន្ត្រីពាក់ព័ន្ធ។
វត្តភូ ចម្ប៉ាសាក់ មានប្រវត្តិសាស្ត្រជាង ១,០០០ឆ្នាំ និងលាតសន្ធឹងពីតំបន់ភ្នំរហូតដល់មាត់ទន្លេ ដោយមានប្រាសាទ ទីសក្ការៈ និងប្រព័ន្ធធារាសាស្ត្របុរាណជាច្រើន ដែលបង្ហាញពីជំនឿសាសនាហិណ្ឌូ និងទំនាក់ទំនងរវាងមនុស្សជាមួយធម្មជាតិ។ តំបន់នេះត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូក្នុងឆ្នាំ២០០១ និងជាបេតិកភណ្ឌពិភពលោកមួយក្នុងចំណោម ៤កន្លែងរបស់ប្រទេសឡាវ។
បច្ចុប្បន្ន មន្ទីរព័ត៌មាន វប្បធម៌ និងទេសចរណ៍ខេត្តចម្ប៉ាសាក់ ទទួលបន្ទុកគ្រប់គ្រងប្រតិបត្តិការនៅតំបន់វត្តភូ ខណៈគណៈកម្មការគ្រប់គ្រងត្រូវបានរៀបចំឡើង ដើម្បីមើលការខុសត្រូវលើការលក់សំបុត្រ សេវារថយន្តអគ្គិសនី និងចំណតកណ្តាល។ តំបន់បេតិកភណ្ឌនេះនៅតែបើកទទួលភ្ញៀវទេសចរ និងអ្នកធ្វើធម្មយាត្រាជាធម្មតា។
ក្នុងឆ្នាំ២០២៥ ខេត្តចម្ប៉ាសាក់បានទទួលភ្ញៀវទេសចរជិត ៧៥០,០០០នាក់។ អាជ្ញាធរខេត្តក៏កំពុងរៀបចំផែនការរយៈពេលខ្លី និងវែង ដើម្បីពង្រឹងអនាម័យ បរិស្ថាន និងសេវាកម្មសម្រាប់ភ្ញៀវទេសចរ ព្រមទាំងធានាឱ្យការអភិរក្សវត្តភូ ប្រព្រឹត្តទៅស្របតាមតម្លៃបេតិកភណ្ឌ និងការគ្រប់គ្រងរបស់រដ្ឋ៕
ចែករំលែកព័តមាននេះ