ទីក្រុងហាណូយ៖ ទំហំពាណិជ្ជកម្មសរុបរបស់វៀតណាមបានកើនដល់ ៧៧០,១៤ពាន់លានដុល្លារអាម៉េរិកក្នុងរយៈពេល ៨ខែដំបូងឆ្នាំ២០២៦ កើនឡើង ២៨,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានសម្រាប់រយៈពេលនេះ។ ទិន្នន័យនេះបង្ហាញពីសកម្មភាពពាណិជ្ជកម្មអន្តរជាតិរបស់វៀតណាមដែលបន្តកើនឡើងយ៉ាងខ្លាំង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VnExpress នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងរយៈពេល ៨ខែនេះ ការនាំចេញរបស់វៀតណាមមានតម្លៃ ៣៧៤,៨៤ពាន់លានដុល្លារ កើន ២២,៤% ខណៈការនាំចូលមានតម្លៃ ៣៩៥,៣ពាន់លានដុល្លារ កើន ៣៥,៣%។ ដោយសារការនាំចូលកើនលឿនជាងការនាំចេញ វៀតណាមបានជួបឱនភាពពាណិជ្ជកម្មប្រមាណ ២០,៤៦ពាន់លានដុល្លារ ក្នុងរយៈពេលនេះ។
ផលិតផលឧស្សាហកម្មកែច្នៃ និងផលិតមានតម្លៃនាំចេញខ្ពស់បំផុតរហូតដល់ ៣៣៧,៩៩ពាន់លានដុល្លារ ស្មើ ៩០,២% នៃការនាំចេញសរុប។ វៀតណាមមានមុខទំនិញនាំចេញចំនួន ៣៣ប្រភេទ ដែលមានតម្លៃលើស ១ពាន់លានដុល្លារក្នុងមួយប្រភេទ ហើយក្នុងនោះមាន ៧ប្រភេទលើស ១០ពាន់លានដុល្លារ។ សហរដ្ឋអាម៉េរិកនៅតែជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាម ដោយមានទំហំ ១២២ពាន់លានដុល្លារ ខណៈចិនជាប្រភពនាំចូលធំបំផុត មានទំហំ ១៦១,៩ពាន់លានដុល្លារ។
ជាមួយគ្នានេះ ការនាំចូលភាគច្រើនគឺជាវត្ថុធាតុដើម និងសម្ភារៈប្រើប្រាស់សម្រាប់ផលិតកម្ម ដោយមានតម្លៃ ៣៧២,០៤ពាន់លានដុល្លារ ស្មើ ៩៤,១% នៃការនាំចូលសរុប។ ដើម្បីជំរុញការនាំចេញ និងកាត់បន្ថយឱនភាពពាណិជ្ជកម្ម អាជ្ញាធរវៀតណាមបានជំរុញការធ្វើពិពិធកម្មទីផ្សារ និងខ្សែច្រវាក់ផ្គត់ផ្គង់ ពង្រឹងការប្រើប្រាស់ឱកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងពង្រីកការនាំចេញទៅកាន់ទីផ្សារថ្មីៗ ដូចជា ទីផ្សារហាឡាល់ អាម៉េរិកឡាទីន និងអាហ្វ្រិក៕
ចែករំលែកព័តមាននេះ