ទីក្រុងម៉ូស្គូ៖ បេសកជនពិសេសរបស់លោកត្រាំ និងកូនប្រសារបស់លោកបានធ្វើដំណើរទៅដល់ទីក្រុងម៉ូស្គូនៅថ្ងៃនេះដើម្បីបន្តការចរចាគ្នាឡើង។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានរដ្ឋរុស្ស៊ី។ ដំណើរទស្សនកិច្ចលើកនេះកើតឡើងចំពេលដែលភាគីទាំង២បន្តវាយប្រហារគ្នាតាមអាកាសយ៉ាងខ្លាំងក្លា។ លោកហ្សេឡិនស្គីថ្លែងថាអ៊ុយក្រែននឹងផ្អាកការវាយប្រហារនៅអំឡុងទស្សនកិច្ចនោះ ហើយស្នើសុំឱ្យរុស្ស៊ីអនុវត្តដូចគ្នាដែរ។ ប៉ុន្តែរុស្ស៊ីមិនបានឆ្លើយតបនឹងសំណូមពរនេះទេ។ អាមេរិកឥឡូវនេះរាងរយាលដៃបន្តិចក្នុងការជំរុញការចរចាបញ្ចប់សង្គ្រាមអ៊ុយក្រែនព្រោះពួកគេកំពុងជាប់ដៃនៅក្នុងសង្គ្រាមអ៊ីរ៉ង់។

បេសកជនទាំង២នាក់ត្រូវបានទទួលស្វាគមន៍ដោយបេសកជនរុស្ស៊ីលោកគ្រីល ឌីមីទ្រីវដល់ព្រលានយន្តហោះ។ ទស្សនកិច្ចរបស់អ្នកទាំង២លើកចុងក្រោយកាលពីមុននេះធ្វើឡើងកាលពីខែមករា។ កាលនោះ ពួកគេជួបលោកពូទីននៅវិមានក្រឹមឡាំង។ ពួកគេពុំដែលធ្វើដំណើរទៅទីក្រុងកៀវម្ដងណាទេ។ ប៉ុន្តែលោកហ្សេឡិនស្គីសង្ឃឹមថាពួកគេនឹងទៅអ៊ុយក្រែននៅថ្ងៃអាទិត្យ។ នៅពេលដំណើការចរចានៅទ្រឹងមួយកន្លែង រុស្ស៊ីសម្រុកវាយប្រហារកាន់តែខ្លាំងទៅលើរដ្ឋធានីកៀវ និងទីក្រុងដទៃទៀតទាំងយប់ទាំងថ្ងៃព្រោះរុស្ស៊ីដឹងថាអ៊ុយក្រែនខ្វះខាតមីស៊ីលសម្រាប់ការពារខ្លួន។

កាលពីថ្ងៃសុក្រ ដ្រូនមួយគ្រឿងរបស់រុស្ស៊ីវាយប្រហារអគារដ៏សំខាន់មួយរបស់រដ្ឋាភិបាលអ៊ុយក្រែននៅទីក្រុងកៀវ។ នោះគឺទីបញ្ជាការរបស់ទីភ្នាក់ងារសន្តិសុខអ៊ុយក្រែន (SBU) និងជាកន្លែងរៀបចំផែនការវាយប្រហារឆ្ងាយៗចូលទឹកដីរុស្ស៊ី។ ការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែនធ្វើឱ្យខូចខាតទីតាំងយោធា រោងចក្រចម្រាញ់ប្រេង និងក្រុមហ៊ុនលក់ទំនិញ។ អ៊ុយក្រែនចង់កាត់បន្ថយសមត្ថភាពវាយប្រហាររបស់រុស្ស៊ី បង្ហិនបង្ហោចសេដ្ឋកិច្ចរុស្ស៊ី និងពន្យល់ប្រាប់ប្រជាជនរុស្ស៊ីថាពួកគេនឹងទទួលរងផលវិបាកដូចអ៊ុយក្រែនដែរ។

ក្រឡេកទៅមើលស្ថានភាពនៅលើសមរភូមិឯណោះវិញ ថ្ងៃនេះ រុស្ស៊ីវាយប្រហារទីតាំងឧស្សាហកម្មនៃតំបន់ឌីនីប្រូប៉េត្រូសសម្លាប់មនុស្ស៥នាក់ និងរបួស៥នាក់។ អភិបាលតំបន់កើតហេតុខាងលើនេះថ្លែងថាជនរងគ្រោះទាំងនោះជាបុគ្គលិកបម្រើការនៅក្នុងរោងចក្រ។ ពួកគេជាជាងធ្វើសោ ជាងអគ្គិសនី ជាងផ្សាទ និងជាងជួសជុលម៉ាស៊ីន។ មនុស្ស២នាក់ទៀតរងរបួសនៅក្នុងការវាយប្រហារទីក្រុងកៀវ។ ក្រសួងការពារជាតិរុស្ស៊ីប្រកាសថាយោធារបស់ខ្លួនវាយប្រហាររោងចក្រស្លដែកព្រោះវាជាកន្លែងផ្គត់ផ្គង់លោហធាតុសម្រាប់ឧស្សាហកម្មយោធារបស់អ៊ុយក្រែន៕ ប្រភព៖ AP

ចែករំលែកព័តមាននេះ