សមត្ថកិច្ចខេត្តកំពង់ស្ពឺបើកប្រតិបត្តិការបង្រ្កាបនិងឃាត់ខ្លួនក្រុមជនសង្ស័យចែកចាយគ្រឿងញៀន៦នាក់
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យជាមុខសញ្ញាចែកចាយ រក្សាទុក និងជួញដូរគ្រឿងញៀនខុសច្បាប់ចំនួន៦នាក់ ត្រូវបានកម្លាំង
នគរបាលស្រុកសំរោងទង សហការជាមួយនគរបាលស្រុកសាមគ្គីមុនីជ័យ ធ្វើការឃាត់ខ្លួនខណៈដែលក្រុមជនសង្ស័យកំពុងតែចរាចរណ៍គ្រឿងញៀន ហើយកម្លាំងនគរបាលល្បាតប្រទះឃើញក៏ឃាត់ជាបន្តបន្ទាប់គ្នា ជាមួយនឹងវត្ថុតាងគ្រឿងញៀនជិត១០កញ្ចក់ ។

ការឃាត់ខ្លួនក្រុមជនសង្ស័យធ្វើឡើងកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ដោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្នាយ បានចុះល្បាតតាមមូលដ្ឋាន និងតំបន់ងាយរងគ្រោះ ។ លុះដល់ចំណុចភូមិអូរលើ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក៏បានធ្វើការឃាត់មុខសញ្ញារក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនម្នាក់ មានឈ្មោះ លាង ពិសី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅក្នុងភូមិអូរលើ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដកហូតវត្ថុតាង៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន២កញ្ចប់
តូច។
នគរបាលស្រុកសំរោងទងបាននិយាយឲ្យដឹងថា បើតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ លាង ពិសី ថា គ្រឿងញៀនខាងលើ រូបគេបានទិញពីឈ្មោះ ផន ប៊ិញ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅក្នុងភូមិត្នោតជ្រុំ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ភ្លាមនោះ កម្លាំងនគរបាលស្រុកសំរោងទង បានបន្តឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាចំនួន៤នាក់៖ ទី១-ឈ្មោះ ផន ប៊ិញ ភេទប្រុស អាយុ៤៧ឆ្នាំ ដកហូតទូរស័ព្ទដៃចំនួន១គ្រឿង, ម៉ូតូចំនួន១គ្រឿង, និងឧបករណ៍មួយចំនួន ទី២-ឈ្មោះ ប៉ន ភីន ភេទប្រុស អាយុ៣៧ឆ្នាំ ដកហូតគ្រឿងញៀនចំនួន៦កញ្ចប់តូច ទី៣-ឈ្មោះ យ៉ន ពេជ្រ ភេទប្រុស អាយុ២៥ឆ្នាំ អ្នកទាំង៣នាក់ រស់នៅក្នុងភូមិត្នោតជ្រុំ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដកហូតទូរស័ព្ទដៃចំនួន១គ្រឿង និងទី៤-ឈ្មោះ អៀង ផានិត ភេទប្រុស អាយុ២០ឆ្នាំ រស់នៅក្នុងភូមិគោកចារ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដកហូតទូរស័ព្ទដៃចំនួន១គ្រឿង, និងម៉ូតូចំនួន១គ្រឿង ។
នគរបាលស្រុកសំរោងទងបានបន្តឱ្យដឹងទៀតថា បើយោងតាមចម្លើយសារភាពរបស់ឈ្មោះ ផន ប៊ិញ កម្លាំងនគរបាលជំនាញស្រុកសំរោងទង បានធ្វើការសហការជាមួយកម្លាំងនគរបាលស្រុកសាមគ្គីមុនីជ័យ ក៏បានបន្តឃាត់មុខសញ្ញាសង្ស័យចំនួន១នាក់ទៀត ដែលមានឈ្មោះ ឃីម រដ្ឋា ហៅ(ដុះ) ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិអំពិលផ្អែម ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដកហូតទូរស័ព្ទចំនួន១គ្រឿង។
នគរបាលស្រុកសំរោងទងបានបន្ថែមទៀតថា សរុបការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាមានចំនួន៦នាក់ រហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លាសង្ស័យថា ជាគ្រឿងញៀនចំនួន៨កញ្ចប់តូច, ទូរស័ព្ទដៃចំនួន៤គ្រឿង, ម៉ូតូចំនួន២គ្រឿង, និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន១ផងដែរ។
នគរបាលស្រុកសំរោងទងបានបញ្ជាក់ឲ្យដឹងថា ក្រោយឃាត់ខ្លួនក្រុមជនសង្ស័យ រួមជាមួយនឹងវត្ថុតាង នគរបាលបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕

ចែករំលែកព័តមាននេះ