ទីក្រុងវ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយថា កងទ័ពអាម៉េរិកអាចវាយប្រហារទីតាំងរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ ក្នុងពេលឆាប់ៗនេះ។ លោកអះអាងថា ទីតាំងក្រោមដីនេះជាកន្លែងដែលអាម៉េរិកជឿថា អ៊ីរ៉ង់បានផ្លាស់ទីស្តុកអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិតខ្ពស់មួយចំនួនទៅរក្សាទុក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីនហួ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦។
លោក ត្រាំ បាននិយាយថា «យើងអាចវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ឆាប់ៗនេះ» ខណៈពេលជាមួយគ្នា លោកព្យាយាមបន្ថយភាពធ្ងន់ធ្ងរនៃជម្លោះជាមួយអ៊ីរ៉ង់ ដោយហៅវាថាជា «ជម្លោះយោធា» មិនមែនសង្គ្រាម ហើយអះអាងថា ស្ថានការណ៍មានលក្ខណៈជាបន្តបន្ទាប់ និងការវាយប្រហារកើតឡើងជាចន្លោះៗ។ លោកថែមទាំងចាត់ទុកជម្លោះនេះថា «ជារឿងតូចតាច» សម្រាប់សហរដ្ឋអាម៉េរិក។
បើតាម CNN កងកម្លាំងអាម៉េរិកបានវាយប្រហារគោលដៅអ៊ីរ៉ង់ជិត ៦០ទីតាំង នៅតំបន់ជុំវិញច្រកសមុទ្រ Hormuz ក្នុងសប្តាហ៍នេះ ដោយផ្តោតលើទីតាំងការពារដែនអាកាស ប្រព័ន្ធរ៉ាដា សមត្ថភាពដាក់មីន និងមជ្ឈមណ្ឌលទំនាក់ទំនង។ កាលពីយប់ថ្ងៃអង្គារ ការវាយប្រហាររបស់អាម៉េរិកមួយនៅស្រុក Sirik ខេត្ត Hormozgan ត្រូវបានសារព័ត៌មានរដ្ឋអ៊ីរ៉ង់រាយការណ៍ថា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ និងធ្វើឱ្យមនុស្សជាង ៦០នាក់រងរបួស។
ជាមួយគ្នានេះ លោក ត្រាំ កាលពីថ្ងៃពុធ បានព្រមានថា អាម៉េរិកអាចបើកការវាយប្រហារបន្ថែមលើអ៊ីរ៉ង់ «គ្រប់ពេលដែលយើងចង់»។ សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បានចាប់ផ្តើមការវាយប្រហារយោធាទ្រង់ទ្រាយធំលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលបណ្តាលឱ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងធ្វើឱ្យជម្លោះនៅមជ្ឈិមបូព៌ាកាន់តែតានតឹង៕
ចែករំលែកព័តមាននេះ