ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះវិហារ៖ ហ្វូងដំរីព្រៃចំនួន៦ក្បាលចូលមករស់នៅក្បែរភូមិជិត១ខែ ខណៈអាជ្ញាធរដាក់កម្លាំងតាមដាន និងទប់ស្កាត់

1 ខែ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ៖ ហ្វូងដំរីព្រៃចំនួន៦ក្បាល បានចូលមករស់នៅក្បែរលំនៅឋានប្រជាពលរដ្ឋ ត្រង់ចំណុចព្រៃកែង ភូមិពោធិ៍ខឿន ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ អស់រយៈពេលជិត១ខែមកហើយ ដោយមិនទាន់ចាកចេញទៅណាឆ្ងាយនៅឡើយទេ ។ នេះបើយោងតាមអាជ្ញាធរខេត្តព្រះវិហារ​បានឱ្យដឹងនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ។

ប្រជាពលរដ្ឋបានរៀបរាប់ថា ហ្វូងដំរីទាំងនេះជួនកាលបានដើរចូលមកអុកឡុកក្នុងភូមិ និងកាច់បំផ្លាញផលដំណាំរបស់អ្នក​ស្រុក ដែលធ្វើឱ្យពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាព។

ជុំវិញបញ្ហានេះ លោក ឃីន រស្មី អភិបាលស្រុកត្បែងមានជ័យបានឱ្យដឹងថា អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បានតាមដានការរស់នៅ និងការវិវត្តរបស់ហ្វូងដំរីនេះជារៀងរាល់ថ្ងៃ ដើម្បីជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះខ្លាចក្រែងដំរីចូលមកបំផ្លាញផ្ទះសម្បែង ឬផលដំណាំរបស់ពួកគាត់ ។

ចំណែកឯលោក វ៉ាត ប៉ារ៉ានីន និងលោក ហុក សុផល អភិបាលរងខេត្ត ក៏បានបញ្ជាក់ដែរថា រយៈពេលជិត​១ខែមកនេះ អាជ្ញាធរបានចាត់កម្លាំងចុះគៀង និងបង្អើលជាប្រចាំ ដើម្បីចៀសវាងកុំឱ្យហ្វូងដំរីព្រៃទាំងនោះដើរចូលក្នុងភូមិ ឬចម្ការរបស់ប្រជាពល
រដ្ឋ។