ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រុង​ប្រយ័ត្ន​! ជនខិលខូច​ប្រើ​ល្បិច​បោក​បញ្ឆោត​ជន​រង​គ្រោះ​ឲ្យ​បង្កើត​គណនី​ធនាគារ

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​នេះ​ជនខិលខូច​បាន​ប្រើ​ល្បិច​បោក​បញ្ឆោត​ជន​រង​គ្រោះ​ឱ្យ​បង្កើត​គណនី​ធនាគារ ដើម្បី​យក​ទៅ​ប្រើប្រាស់​ជា​គណនី​ខ្មោច (Money Mule) សម្រាប់​ទទួល​ប្រាក់​ពី​អំពើ​ខុសច្បាប់ ឬ​លាង​សម្អាត​ប្រាក់ នេះ​បើ​យោង​តាម​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង​ផ្សព្វផ្សាយ​អប់រំ ។

ដើម្បី​ជា​ការ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ដល់​សាធារណជន ក្រុមការងារ​បច្ចេកទេស​សូម​លើកយក ល្បិច​កល​ទាំង​៤​ដែល​ជនខិលខូច​តែងតែ​ប្រើប្រាស់ ៖
១. ការ​ទិញ​-​ជួល​គណនី​ធនាគារ​៖ ជនល្មើស​ប្រើប្រាស់​បណ្តាញ​សង្គម​ផ្សព្វផ្សាយ​អូស​ទាញ​ឱ្យ​ជន​រង​គ្រោះ​បង្កើត​គណនី​ធនាគារ រួច​ប្រគល់​លេខ​សម្ងាត់ (PIN/OTP) លេខ​ទូរស័ព្ទ និង​កាត ATM​ឱ្យ​ពួក​គេ ដោយ​សន្យា​ឱ្យប្រាក់​កម្រៃ​ខ្ពស់​ជា​ថ្នូរ​។
២. ការ​បោកប្រាស់​តាម​រយៈ​ការ​ជ្រើសរើស​បុគ្គលិក ៖ ជនល្មើស​បង្កើត​ការងារ​ក្លែងក្លាយ​ដូច​ជា ការងារ​ពី​ចម្ងាយ (Remote Job) ការងារ​បញ្ចូល​ទិន្នន័យ ការងារ​ផ្សាយពាណិជ្ជកម្ម ដែល​តម្រូវ​ឱ្យ​ជន​រង​គ្រោះ​បើក​គណនី​ធនាគារ​ដើម្បី​បើកប្រាក់​ប្រចាំខែ រួច​ជនល្មើស​នឹង​លួងលោម ឬ​ទាមទារ​យក​គណនី​នោះ​មក​គ្រប់គ្រង​។
៣. ការ​ល្បួង​យក​ព័ត៌មាន​ផ្ទាល់ខ្លួន (Identity Theft)៖ ជនល្មើស​បោក​យក​ព័ត៌មាន ដោយ​សុំ​រូបថត​អត្តសញ្ញាណប័ណ្ណ និង​រូបថត​ជន​រង​គ្រោះ ក្រោម​រូបភាព​ជា​ការ​ផ្តល់​ជំនួយ កម្ចី​ប្រាក់​ងាយ​ៗ ឬ​ការ​ឈ្នះ​រង្វាន់ រួច​យក​ព័ត៌មាន​នោះ​ទៅ​បើក​គណនី​ធនាគារ​អន​ឡាញ ឬ​គណនី​រហ័ស​ដោយ​មិន​ចាំបាច់​ទៅ​ដល់​ធនាគារ​ផ្ទាល់​។
៤. ការ​បន្លំ​ធ្វើ​ជា​សមត្ថកិច្ច ឬ​បុគ្គលិក​ធនាគារ​៖ ជនល្មើស​ខ​ល​ចូល ឬ​ផ្ញើ​សារ​មក​បំភ័យ​ជន​រង​គ្រោះ​ថា មានការ​ពាក់ព័ន្ធ​នឹង​បទល្មើស ឬ​គណនី​មាន​បញ្ហា ដោយ​បង្ខំ​ឱ្យ​បង្កើត​គណនី​ថ្មី រួច​ផ្ទេរ​ប្រាក់ ឬ​ប្រគល់​សិទ្ធិ​គ្រប់គ្រង​ឱ្យ​ពួក​គេ​ដើម្បី​ដោះស្រាយ​បញ្ហា​។

ក្រុមការងារ​បច្ចេកទេស នៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា និង​ផ្សព្វផ្សាយ​អប់រំ សូម​ចែករំលែក​អំពី​វិធានការ​ការពារ​ខ្លួន​ដូច​តទៅ​៖
១. សូមកុំ​ផ្តល់​អត្តសញ្ញាណប័ណ្ណ រូបថត លេខ​សម្ងាត់ (OTP/PIN) ឬ​បង្កើត​គណនី​ធនាគារ​ឱ្យ​អ្នក​ដទៃ​ប្រើប្រាស់ ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ផលប្រយោជន៍​ណាមួយ​ឡើយ​។
២. សូមកុំ​លក់ ឬ​ជួល​គណនី​ធនាគារ​របស់​លោក​អ្នក​។
៣. សូម​ចង​ចាំ​ថា មន្ត្រី​នគរបាល​ជាតិ មន្ត្រីរាជការ​ស៊ីវិល និង​បុគ្គលិក​ធនាគារ ពុំ​មាន​លក្ខខណ្ឌ​ទាមទារ​សិទ្ធិ​គ្រប់គ្រង​គណនី​ធនាគារ​របស់​លោក​អ្នក​ឡើយ​។
ប្រសិនបើ​មាន​បុគ្គល​ណា​ម្នាក់​មាន​ចេតនា​ជួល ជំរុញ​ឱ្យ​បង្កើត​គណនី ឬ​លួងលោម​សុំ​គ្រប់គ្រង​គណនី​ធនាគារ​របស់​លោក​អ្នក សូម​មេត្តា​រាយការណ៍​ជូន​សមត្ថកិច្ច​ជំនាញ​ជា​បន្ទាន់​៕