ខេត្តព្រះវិហារ ៖ គិតត្រឹមថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ហ្វូងសត្វដំរីព្រៃទាំង ៦ក្បាល ដែលចូលមកក្បែរភូមិឋានអ្នកស្រុក នៅពៀមឫស្សី ចំណុចព្រៃកែង ភូមិពោធិ៍ឃឿន ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ មិនទាន់ទៅណាឆ្ងាយនៅឡើយទេ ពោលគឺនៅក្បែរៗភូមិអ្នកស្រុក ។
លោក ឃីន រស្មី អភិបាលស្រុកត្បែងមានជ័យ បានឱ្យដឹងថា សមត្ថកិច្ចពាក់ព័ន្ធ បានធ្វើការតាមដាននៃការរស់នៅ និងការវិវត្តន៍របស់ហ្វូងសត្វដំរីព្រៃនេះជារៀងរាល់ថ្ងៃ ដើម្បីប្រាប់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នជាមុន ដោយកម្លាំងសមត្ថកិច្ចចម្រុះធ្វើការគៀងបង្អើលពួកវាកុំឱ្យចូលមកស៊ី និងបំផ្លាញដំណាំប្រជាពលរដ្ឋរស់នៅក្បែរនោះ ។
សូមជម្រាបថា ចាប់តាំងពីពាក់កណ្តាលខែសីហា ឆ្នាំ២០២៦ កន្លងមក ប្រជាពលរដ្ឋរស់នៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ មានការភ័យស្លន់ស្លោ បន្ទាប់ពីមានហ្វូងសត្វដំរីព្រៃចំនួន ៦ក្បាល (ធំ៣ កូន៣) បានចូលមកលុកលុយភូមិសាស្ត្រ បង្កការខូចខាតដំណាំកសិកម្មយ៉ាងដំណំ បណ្តាលឱ្យពលរដ្ឋរងរបួស ២នាក់ និងតម្រូវឱ្យអាជ្ញាធរជម្លៀសជនងាយរងគ្រោះចេញពីតំបន់គ្រោះថ្នាក់នៅពេលយប់ ។
យោងតាមរដ្ឋបាលស្រុកត្បែងមានជ័យ ហ្វូងដំរីព្រៃខាងលើបានចូលមកបំផ្លាញដំណាំក្នុងឃុំពោធិ៍ពិសេសនៅភូមិសាស្ត្រ ជូនគង់ ត្រពាំងក្រវ៉ាន់ ពាមអារោញ និងស្រោងស្រឡៅ ដែលមានចម្ងាយប្រមាណ ៥គីឡូម៉ែត្រពីសាលាឃុំ។ ក្រៅពីការស៊ីដំណាំពោត និងដូងការចូលលុកលុយបន្ថែមពីសត្វជ្រូកព្រៃ និងឧបទ្ទវហេតុ ខ្យល់ព្យុះ ក៏បានធ្វើឱ្យខូចខាតផ្ទះសម្បែង និងខ្ទមចម្ការ ជា ច្រើនខ្នងផងដែរ ។
លោក មឿន សុភេទ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានបញ្ជាក់ថា ក្រុមការងារជំនាញកំពុងចុះស្រង់ទិន្នន័យ ដើម្បីវាយតម្លៃកម្រិត នៃការខូចខាតសរុប ។
យោងតាមប្រភពព័ត៌មានអោយដឹងថា ដើម្បីការពារអាយុជីវិតពលរដ្ឋ អាជ្ញាធរមូលដ្ឋានសហការជាមួយកម្លាំងចម្រុះបានបើកប្រតិបត្តិការសង្គ្រោះបន្ទាន់ដោយជម្លៀសប្រជាពលរដ្ឋចាស់ជរា និងកុមារ ចេញពីតំបន់ប្រឈមទៅកាន់ទីទួលសុវត្ថិភាព ឬសាលារៀន កាលពីវេលាម៉ោងប្រហែល ១១យប់ថ្ងៃទី៣០ហីហា២០២៦។ សកម្មភាពនេះធ្វើឡើងយ៉ាងប្រញាប់ប្រញាល់ ដោយប្រើប្រាស់រថយន្ត និងរទេះផ្សេងៗ ក្រោមពន្លឺពិលនិងភ្លើងរថយន្ត ដើម្បីធានាសុវត្ថិភាពពីការគំរាមកំហែងរបស់សត្វព្រៃ។
លោក ខឹម សិត អភិបាលរងស្រុកត្បែងមានជ័យ និងជាប្រធានលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបានបញ្ជាក់ថា ក្រុមការងារចម្រុះកំពុងពង្រឹងការត្រួតពិនិត្យ និងដាក់ចេញវិធានការការពារយ៉ាងតឹងរឹង ដើម្បីទប់ស្កាត់មិនឱ្យសត្វព្រៃ បន្តចូលមកក្នុងតំបន់រស់នៅរបស់ប្រជាពលរដ្ឋ ។
ជាមួយគ្នានេះ រដ្ឋបាលស្រុកបានអំពាវនាវដល់សាធារណជន និងពលរដ្ឋរស់នៅក្បែរតំបន់កើតហេតុ បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងរាយការណ៍បន្ទាន់មកកាន់អាជ្ញាធរនៅពេលសង្កេតឃើញបំលាស់ទីរបស់សត្វព្រៃដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ៕













ចែករំលែកព័តមាននេះ