ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វៀតណាមបង្កើតស្នោឆ្លាតវៃ ជួយមេរោគស៊ីសារធាតុពុលក្នុងទឹកលូកខ្វក់

1 ខែ មុន

ទីក្រុងហាណូយ៖ ក្រុមអ្នកវិទ្យាសាស្ត្រវៀតណាមមកពីវិទ្យាស្ថានវិទ្យាសាស្ត្រសម្ភារៈ បានបង្កើតស្នោប៉ូលីអេទីឡែនប្រភេទថ្មី ដែលមានរន្ធតូចៗជាច្រើន សម្រាប់ធ្វើជាជម្រកឱ្យមីក្រូសារពាង្គកាយរស់នៅ និងជួយបំបែកសារធាតុបំពុលក្នុងទឹកសំណល់។ បច្ចេកវិទ្យានេះអាចជាជម្រើសផលិតក្នុងស្រុក ជំនួសសម្ភារៈប្រព្រឹត្តកម្មដែលវៀតណាមត្រូវនាំចូល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VnExpress​ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។

ស្នោថ្មីនេះមានផ្ទៃខាងក្នុងសរុបប្រមាណ ២,៥០០ម៉ែត្រការ៉េក្នុងមួយម៉ែត្រគុប ដែលផ្តល់កន្លែងធំទូលាយឱ្យមីក្រូសារពាង្គកាយរស់នៅ។ ស្នោត្រូវបានកាត់ជាបន្ទះស្តើងប្រហែល ១មិល្លីម៉ែត្រ ហើយដាក់ចូលក្នុងធុងទឹកសំណល់ ដើម្បីឱ្យមីក្រូសារពាង្គកាយ «ស៊ី» សារធាតុសរីរាង្គ និងសារធាតុបំពុល តាមបច្ចេកវិទ្យា MBBR។ ស្នោនេះមិនមែនជាឧបករណ៍ចម្រោះដោយផ្ទាល់ទេ ប៉ុន្តែជាជម្រកសម្រាប់មីក្រូសារពាង្គកាយដែលជាអ្នកជួយសម្អាតទឹក។

ក្រុមអ្នកស្រាវជ្រាវបានចំណាយពេលប្រមាណ ២ឆ្នាំ ដើម្បីសាកល្បង និងកែសម្រួលរូបមន្តឱ្យស្នោមានរន្ធភ្ជាប់គ្នា រឹងមាំ និងអាចផ្លាស់ទីក្នុងទឹកបានល្អ។ ការធ្វើតេស្តនៅមន្ទីរពេទ្យ និងរោងចក្រប្រព្រឹត្តកម្មទឹកសំណល់មួយចំនួននៅទីក្រុងហាណូយ បានបង្ហាញថា សម្ភារៈនេះអាចកម្ចាត់សារធាតុសរីរាង្គបានប្រមាណ ៩០% ព្រមទាំងជួយកាត់បន្ថយអាសូត និងបំពេញតាមស្តង់ដាបញ្ចេញទឹកសំណល់នៅវៀតណាម។

អ្នកស្រាវជ្រាវរំពឹងថា ស្នោនេះអាចឈានទៅផលិតទ្រង់ទ្រាយធំនៅវៀតណាមក្នុងរយៈពេល ១ទៅ២ឆ្នាំខាងមុខ ដោយថ្លៃវត្ថុធាតុដើមត្រូវបានប៉ាន់ប្រមាណថា មានត្រឹមប្រមាណ ២៥–៣០% នៃផលិតផលនាំចូល។ ក្រុមការងារក៏កំពុងបន្តកែលម្អបច្ចេកវិទ្យា ដើម្បីឱ្យមីក្រូសារពាង្គកាយអាចបង្កើតអាណានិគមបានលឿន និងចាប់ផ្តើមដំណើរការប្រព្រឹត្តកម្មទឹកសំណល់បានលឿនជាងសម្ភារៈស្តង់ដារប្រមាណ ២០%៕