ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កោតសរសើរ​ស្មារតី​មនុស្សធម៌​របស់​មន្ត្រី​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ ដែល​ជួយ​បើកផ្លូវ​ជូន​ស្ត្រី​មាន​ផ្ទៃពោះ​ទៅ​សម្រាលកូន​ទាន់​ពេលវេលា

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​សម្តែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព​ប្រកបដោយ​វិជ្ជាជីវៈ និង​ស្មារតី​មនុស្សធម៌​របស់​មន្ត្រី​នគរបាល​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​បាន​ជួយ​អន្តរាគមន៍​បើកផ្លូវ​សម្រួល​ដល់​រថយន្ត​ដឹក​ស្ត្រី​មាន​ផ្ទៃពោះ ទៅ​សម្រាល​បុត្រ​នៅ​មន្ទីរពេទ្យ បាន​ទាន់​ពេលវេលា ។

ឯកឧត្តម អភិ​សន្តិ​បណ្ឌិត បាន​គូសបញ្ជាក់​ថា «​ប៉ុន្មាន​ថ្ងៃនេះ បងប្អូន​សាធារណជន​មួយ​ចំនួន​ធំ ជា​ពិសេស​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម ពិតជា​បាន​ចាប់អារម្មណ៍ និង​បញ្ចេញមតិ​ល្អ​ៗ​ជា​ច្រើន អំពី​សកម្មភាព​មន្ត្រី​នគរបាល​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​បាន​ជួយ​អន្តរាគមន៍​បើកផ្លូវ​ឱ្យ​រថយន្ត​ដឹក​ស្ត្រី​មាន​ផ្ទៃពោះ ប្រញាប់​ទៅ​សម្រាល​បុត្រ​នៅ​មន្ទីរពេទ្យ​។ សកម្មភាព​នេះ បាន​ធ្វើ​ឱ្យ​យើង​គ្រប់​គ្នា​មាន​មោទនភាព ហើយ​វា​ក៏​បាន​ដាស់​ស្មារតី​យើង​គ្រប់​គ្នា​ថា អំពើ​ល្អ​មិន​ចាំបាច់​ត្រូវការ​ពេលវេលា ទីកន្លែង តួនាទី ឬ​ឋានៈ​បុគ្គល​ជាក់លាក់​ណាមួយ​ដើម្បី​ស្ដែង​ឡើង​នោះ​ឡើយ ។

រូប​ខ្ញុំ​ផ្ទាល់ ក៏​បាន​តាមដាន​ករណី​នេះ​ដែរ ហើយ​តាម​ដែល​ខ្ញុំ​បានដឹង​សកម្មភាព​ប្រកបដោយ​វិជ្ជាជីវៈ​មនុស្សធម៌ ដូច​ករណី​មន្ត្រី​នគរបាល​ចរាចរណ៍​យើង​ខាងលើ​នេះ មិនមែន​ទើបតែ​កើត​មាន​នោះ​ទេ​។ ពោល​គឺ មិន​ថា​ជា​អ្នករាជការ​ស៊ី​វិល កងកម្លាំង ឬ​ជា​ពិសេស​មន្ត្រី​ចរាចរណ៍​ផ្សេង​ទៀត​នោះ​ឡើយ ពួក​គាត់​ម្នាក់​ៗ​សុទ្ធតែ​ធ្លាប់ និង​តែង​បាន​ចេញ​មុខ​អន្តរាគមន៍​ភ្លាម​ៗ នៅ​រាល់ពេល​ជួប​ប្រទះ​ករណី​ពលរដ្ឋ ត្រូវការ​ជំនួយ​បន្ទាន់​ផ្សេង​ៗ​។

ជាក់ស្ដែង រាល់ពេល​ស្ត្រី​មាន​ផ្ទៃពោះ ត្រូវ​ប្រញាប់​ទៅ​ពេទ្យ​! ពេល​រថយន្ត​ពេទ្យ​ប្រញាប់​ដឹក​អ្នកជំងឺ​ទៅ​សង្គ្រោះ​! ពេល​មនុស្ស​ចាស់ ជន​មាន​ពិការ​ភាព និង​សិស្ស​តូច​ៗ​ត្រូវ​ដើរ​ឆ្លងថ្នល់​! ពេល​រថយន្ត​ខូច​កណ្ដាល​ថ្នល់​ត្រូវ​រុញ​ចូល​ខាង​! រ៉ឺ​ម៉ក​ដឹក​បន្លែ​ឡើង​ស្ពាន ឬ​ឡើង​ផ្លូវ​ចោត​ពុំ​រួច​! ។​ល​។ គឺ​នៅ​ពេល​ដងផ្លូវ​មានរឿង​អាសន្ន និង​ចាំបាច់​បែប​នេះ ប្រាកដ​ណាស់ យើង​តែង​បានឃើញ​មន្ត្រី​នគរបាល​ចរាចរណ៍​មានមុខ​អន្តរាគមន៍​។

សកម្មភាព​ត្រួស​ៗ​ខាងលើ​នេះ មិនមែន​ជា​ការ​សម្ដែង ហើយ​ក៏​មិនមែន​ដើម្បី​គ្រាន់តែ​បង្ហាញ​ទៅ​កាន់​ក្រសែភ្នែក​អ្នកបើកបរ​ឬ​សាធារណជន​តាម​ដងផ្លូវ​នោះ​ដែរ​។ ប៉ុន្តែ​វា​ជា​កាតព្វកិច្ច​ខាង​ស្មារតី​ដ៏​ជ្រាលជ្រៅ​ប្រកបដោយ​សេចក្តី​ថ្លៃថ្នូរ និង​គួរ​ឱ្យ​គោរព​បំផុត​មួយ​។ ពោល​គឺ​នៅ​លើ​ដងផ្លូវ កាលបើ​ប្រទះ​ឃើញ​ពលរដ្ឋ​ជួប​ការ​លំបាក ឬ​ត្រូវការ​ជំនួយ មន្ត្រី​នគរបាល​ចរាចរណ៍​យើង តែង​ប្រញាប់​ចេញ​ទៅ​ជួយ​ដោះស្រាយ​តាម​លទ្ធភាព​ភ្លាម​ៗ ទោះ​ករណី​ខ្លះ​មិនមែន​ជា​ភារកិច្ច​ស្នូល​របស់​ខ្លួន​ក៏​ដោយ​។

ក្នុង​នាម​ពលរដ្ឋ​មួយ​រូប ខ្ញុំ​សូម​អរគុណ​ជា​អនេកប្បការ​ចំពោះ​មន្ត្រី​គ្រប់​រូប ដែល​តែងតែ​ចេញ​មុខ​ជួយ​ដោះស្រាយ​បញ្ហា​លំបាក​ផ្សេង​ៗ​ជូន​ពលរដ្ឋ ទាំង​បញ្ហា​លើ​ដងផ្លូវ និង​តាម​សហគមន៍​។ ក្នុង​នាម​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ហើយ​រូប​ខ្ញុំ​ផ្ទាល់​ជា​សេនាធិការ​ជូន​សម្ដេច លើ​ការងារ​រដ្ឋបាល​ដែនដី សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ខ្ញុំ​ពិតជា​មានការ​កោតសរសើរ និង​លើកទឹកចិត្ត​ខ្ពស់​ដល់​មន្ត្រី​របស់​យើង​គ្រប់​ថ្នាក់ និង​គ្រប់​ទីកន្លែង ដែល​បាន​ប្រកាន់ខ្ជាប់​នូវ​អំពើ​ល្អ ទាំង​ក្នុង​ការ​អនុវត្ត​តួនាទី និង​ភារកិច្ច និង​ក្នុង​ទំនាក់ទំនង​ជាមួយ​ប្រជាពលរដ្ឋ​។ សូម​បន្ត​ស្មារតី​ជា​វិជ្ជមាន​បែប​នេះ​ទៀត ក្រៅ​តែ​ពី​ការ​បំពេញ​តួនាទី​ភារកិច្ច​តាម​ច្បាប់ និង​ការ​គោរព​អនុ​វត្តបទ​វិន័យ​របស់​អង្គភាព​» ៕