ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាមនៅយេម៉ែនផ្ទុះកម្ដៅ៖ មនុស្ស ៩០នាក់ស្លាប់ ក្នុងជម្លោះរដ្ឋាភិបាល-ហ៊ូធី

1 ខែ មុន


​
ប្រទេសយ៉េមែន៖ ការប្រយុទ្ធគ្នាយ៉ាងខ្លាំងរវាងកងកម្លាំងរដ្ឋាភិបាលយេម៉ែន និងក្រុមហ៊ូធី នៅតាមសមរភូមិភាគខាងលិចប្រទេស បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៩០នាក់ស្លាប់ ចាប់តាំងពីថ្ងៃព្រហស្បតិ៍មក ក្នុងនោះមានទាហានរដ្ឋាភិបាល ៤០នាក់ និងយុទ្ធជនហ៊ូធី ៥០នាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦។​

មន្ត្រីសុខាភិបាលបានឱ្យដឹងថា នៅសមរភូមិតាមឆ្នេរសមុទ្រក្រហម ក្នុងខេត្តហូដេដា ទាហានរដ្ឋាភិបាល ១៤នាក់ត្រូវបានសម្លាប់ បន្ទាប់ពីក្រុមហ៊ូធីបើកការវាយប្រហារទ្រង់ទ្រាយធំកាលពីព្រឹកថ្ងៃសុក្រ។ ចំណែកនៅខេត្តតៃស៍ជាប់គ្នា ទាហានរដ្ឋាភិបាល ២៦នាក់ទៀតបានស្លាប់ក្នុងការប៉ះទង្គិចដែលចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍ និងបន្តរហូតដល់ថ្ងៃសុក្រ។

ប្រភពសុខាភិបាលនៅតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ូធីបានបញ្ជាក់ថា មន្ទីរពេទ្យក្នុងខេត្តហូដេដា បានទទួលសាកសពយុទ្ធជនហ៊ូធីយ៉ាងហោចណាស់ ៥០នាក់ ដែលត្រូវបានសម្លាប់នៅសមរភូមិហូដេដា និងតៃស៍។ ជាមួយគ្នានេះ ភាគីទាំងពីរបានបញ្ជូនកងទ័ព រថពាសដែក និងសម្ភារៈយោធាបន្ថែមទៅកាន់សមរភូមិទាំងពីរ។

ការកើនឡើងនៃអំពើហិង្សានេះ ត្រូវបានចាត់ទុកថាជាការប្រយុទ្ធតាមជើងគោកដ៏ធ្ងន់ធ្ងរបំផុតមួយនៅភាគខាងលិចប្រទេសយេម៉ែនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដែលបង្កការព្រួយបារម្ភថា ជម្លោះអាចវិលត្រឡប់ទៅរកការប្រយុទ្ធទ្រង់ទ្រាយធំជាថ្មី បន្ទាប់ពីស្ថានភាពនៅតាមសមរភូមិជាច្រើនមានភាពស្ងប់ស្ងាត់មួយរយៈ។ ជម្លោះនៅយេម៉ែនបានអូសបន្លាយតាំងពីចុងឆ្នាំ២០១៤ បន្ទាប់ពីក្រុមហ៊ូធីដណ្តើមកាន់កាប់ទីក្រុងសាណា និងតំបន់ភាគខាងជើងជាច្រើន ដែលនាំឱ្យសម្ព័ន្ធដឹកនាំដោយអារ៉ាប៊ីសាអូឌីតចូលធ្វើអន្តរាគមន៍នៅឆ្នាំ២០១៥ ដើម្បីគាំទ្ររដ្ឋាភិបាលយេម៉ែនដែលទទួលស្គាល់ជាអន្តរជាតិ៕