ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​រក​ឃើញ​មនុស្ស​២​នាក់​ទៀត​​នៅ​រស់​រាន​មាន​ជីវិត​ពី​ហេតុ​ការណ៍​បាក់​ផ្ទាំង​ទឹក​កក​នេប៉ាល់​កាល​ពី​៩​ថ្ងៃ​មុន

1 ខែ មុន

ទី​ក្រុង​កាត់ត្មាន់​ឌូ៖ ទោះ​បី​អត់​អាហារ និង​ទឹក​រយៈ​ពេល​៩​ថ្ងៃ​យ៉ាង​ណា​ក្ដី ប៉ុន្តែ​ជីវិត​ថ្លៃ​ ពួក​គេ​ត្រូវ​បន្ត​ជីវិត​រស់​នៅ​។ ថ្ងៃ​នេះ​ ក្រុម​អ្នក​ជួយ​សង្គ្រោះ​នៅ​ប្រទេស​នេ​ប៉ាល់​ប្រទះ​ឃើញ​មនុស្ស​២​នាក់​នៅ​ក្នុង​រូង​ក្រោម​ដី​នៃ​គម្រោង​សាង​សង់​ទំនប់​វារី​អគ្គិសនី​នៅ​តាម​ដង​ទន្លេ​ទ្រី​ស៊ូលី (Trishuli)។ ពោល​គឺ​មាន​រយៈ​ពេល​៩​ថ្ងៃ​គត់​ចាប់​តាំង​ពី​មាន​ព្រឹត្តិ​ការណ៍​បាក់​ផ្ទាំង​ទឹក​កក ថ្ម និង​ដី​ភក់​គ្រប់​សង្កត់​តំបន់​ជ្រលង​ភ្នំ​។ អាជ្ញា​នៅ​តែ​​​រក​ឃើញ​សាក​សព​ជន​រង​គ្រោះ​ជា​បន្ត​បន្ទាប់​ ដូច្នេះ ធ្វើ​ឱ្យ​​ចំនួន​អ្នក​ស្លាប់​សរុប​កើន​ឡើង​ដល់​ជាង​១៣០០​នាក់​។ ចំណែក​មនុស្ស​ជាង​៥៦០០​នាក់​ទៀត​នៅ​តែ​បន្ត​បាត់​ខ្លួន​។

មន្ត្រី​រដ្ឋាភិបាល​នេប៉ាល់ និង​ក្រុមអ្នក​ជយយ​សង្គ្រោះ​ជឿ​ជាក់​ថា​ហេតុ​ការណ៍​បាក់​ផ្ទាំង​ទឹក​កក​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា​នោះ​បាន​បិទ​ខ្ទប់​មនុស្ស​យ៉ាង​តិច​៩០០​នាក់​មិន​ឱ្យ​ចេញ​​មក​ខាង​ក្រៅ​​រូង​ក្រោម​ដី​បាន​ឡើយ​។ ពួក​គេ​បម្រើ​ការ​នៅ​ក្នុង​គម្រោង​សាង​សង់​ទំនប់​វារីអគ្គិសនី​ធំ​ៗ​ចំនួន​៦​កន្លែង​តាម​ដង​ទន្លេ​។​ អ្នក​ទាំង​២​នោះ​ជា​មនុស្ស​ដំបូង​បង្អស់​ដែល​ត្រូវ​គេ​ជួយ​សង្គ្រោះ​ចេញ​ពីរូង​ក្រោម​ដី​។ ពួក​គេ​ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​យោធា​មួយ​កន្លែង​នៃ​រដ្ឋ​ធានីកាត់​ត្មាន់​ឌូ​។ ការ​រក​ឃើញ​នេះ​ផ្ដល់​ជា​ក្ដី​សង្ឃឹម​សម្រាប់​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ថា​ទៅ​ថ្ងៃ​មុខ ពួក​គេ​អាច​នឹង​រក​ឃើញ​អ្នក​បាត់​ខ្លួន​ដទៃ​​​ទៀត​។ ប៉ុន្តែ​ឱកាស​​កាន់​តែ​មាន​តិច​តួច​ទៅ​ៗ​​ដោយ​សារ​ពេល​វេលា​ចេះ​តែ​កន្លង​ផុត​ទៅ​ជា​យូរ​ថ្ងៃ​។ យោធា​នេប៉ាល់​អះ​​អាង​ថា​ពួក​គេ​ក៏​បាន​រក​ឃើញ​សាក​សព​ជន​រង​គ្រោះ​ម្នាក់​ផង​ដែរ​នៅ​ក្នុង​រូង​ក្រោម​ដី​។

តាម​រយៈ​វីឌីអូ​ឃ្លីប​ដែល​ថត​បាន​ពី​កន្លែង​កើត​ហេតុ គេ​ឃើញ​បុរស​ម្នាក់​ឈ្មោះ​ខា​បៀ មហា​ចាន់ (Kabir Maharjan) ត្រូវ​គេ​ទាញ​ចេញ​ពី​រូង​ក្រោម​ដី​ និង​ឃើញ​ហ្វូង​មនុស្ស​ដែល​ឈរ​ក្បែរ​នោះ​ទះ​ដៃ​អប​អរ​សាទរ​។ បន្ទាប់​មក​ គាត់​ត្រូវ​គេ​លើក​ដាក់​ទៅ​លើ​​ប្រង់​កា​ដើម្បី​ដឹក​ទៅ​មន្ទីរ​ពេទ្យ​។ សហ​ការី​រួម​ការ​ងារ​របស់​គាត់​ម្នាក់​ឈ្មោះ​សញ្ជ័យ​ សា​ (Sanjay Sah) ត្រូវ​គេ​​លី​ដាក់​នៅ​លើ​ស្មា​ចេញ​មក​ខាង​ក្រៅ​។ ផ្ទៃ​មុខ​របស់​គាត់​ប្រឡាក់​សុទ្ធ​តែ​ភក់​។ បន្ទាប់​មក គ្រូ​ពេទ្យ​ក៏​បំពាក់​ម៉ាស់​អុក​ស៊ី​ហ្សែន​ និង​ពិនិត្យ​មើល​ប្រព័ន្ធ​រាង​កាយ​របស់​គាត់​។ លោក​សា​ជា​បុគ្គលិក​បម្រើ​ការ​ខាង​មេ​កានិច​។ គាត់​ប្រាប់​ថា​គាត់​ស្នាក់​នៅ​ក្នុង​បន្ទប់​​គ្រប់​គ្រង​-បញ្ជា​ដើម្បី​ជួយ​រំដោះ​អ្នក​ដទៃ​ទៀត​ឱ្យ​ចាក​ចេញ​ពីរូង​ក្រោម​ដី​បន្ទាប់​ពី​ស្ដាប់​ឮ​ថា​មាន​ឧបទ្ទវ​ហេតុ​​បាក់​ផ្ទាំង​ទឹក​កក​។​

លោក​សា​ប្រាប់​ក្រុម​អ្នក​ជួយ​សង្គ្រោះ​​ថា​នៅ​ពេល​គាត់​ជាប់​ផុង​នៅ​ក្នុង​រូង​​ក្រោម​ដី​​នោះ ​គាត់​បាន​ចំណាយ​ពេល​សូត្រ​ធម៌​បន់​ស្រន់ នឹក​ដល់​​គុណ​ម្ចាស់​ទឹក​ម្ចាស់​ដី​សូម​ជួយ​ថែ​រក្សា​។ គាត់​ប្រាប់​បន្ត​ទៀត​ថា​គាត់​អាច​ទាក់​ទង​ជា​មួយ​មនុស្ស​បី​ ឬ​បួន​នាក់​ទៀត​នៅ​ក្នុង​រូង​ក្រោម​ដី​។ ក្រុម​អ្នក​ជួយ​សង្គ្រោះ​អាច​នឹងរក​ឃើញ​​​អ្នក​នៅ​រស់​ជា​ច្រើន​ទៀត​នៅ​ពេល​ពួក​គេ​ធ្វើ​ដំណើរ​កាន់​តែ​ជ្រៅ​ចូល​ទៅ​ក្នុង​រូង​នោះ​។ នៅ​ប៉ែក​ខាង​នេប៉ាល់ ក្រុម​យោធា​អះ​អាង​ថា​គេ​រក​ឃើញ​អ្នក​ស្លាប់​សរុប​១២៨៧​នាក់​។ ចំណែក​នៅ​តំបន់​ទី​បេ​ ប្រទេស​ចិន គេ​រក​ឃើញ​អ្នក​ស្លាប់​សរុប​២១​នាក់​ ខណៈ​ដែល​​មនុស្ស​៥៤១​នាក់ទៀត​បន្ត​បាត់​ខ្លួន​។ ការ​រក​ឃើញ​អ្នក​ទាំង​២​នៅ​រស់​រាន​មាន​ជីវិត​ក្រោយ​ពេល​ជាប់​ផុងរយៈ​ពេល​៩​ថ្ងៃ​មក​ហើយ​នោះ​ត្រូវ​គេ​ចាត់​ទុក​ថា​​​អព្ភូត​ហេតុ​ដែល​មិន​នឹក​ស្មាន​ដល់​។ លោក​​ខាបៀ មហា​ចាន់​មិន​អាច​កម្រើក​​ដៃ និង​ជើង​របស់​គាត់​បាន​ទេ​។ ចំណែក​​របួស​របស់​លោក​សញ្ជ័យ​ សា​ត្រូវ​គេ​គិត​ថា​មិន​ធ្ងន់​ធ្ងរ​ពេក​ទេ​៕ ប្រភព៖ Reuters​