ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងចម្រុះទៅ បង្ក្រាបឧបករណ៍នេសាទខុសច្បាប់ នៅក្នុងរដូវបិទនេសាទ និងប្រគល់ស្បៀងអាហារ គ្រឿឧបភោគបរិភោគ ប្រេងឥន្ធនៈជូនដល់ទីបញ្ជាការស្រាលប្រចាំការនៅឃុំពាមបាង និងឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ។
លោក គន ចន្ទសីហា នាយសង្កាត់រដ្ឋបាលជលផលស្រុកស្ទោង និងលោកអនុសេនីយ៍ឯក លុយ សុភាព នាយទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានក្រុមទីបញ្ជាការស្រាលប្រចាំការ នៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានឡើងរាយការអំពីលទ្ឋផល នៃការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងរយៈពេលកន្លងមក និងបញ្ហាប្រឈមមួយចំនួន ដែលកងកម្លាំងចម្រុះបានជួបប្រទះ នឹងបានដោះស្រាយនាពេលកន្លងទៅ ព្រមទាំងបានប្តេជ្ញាចិត្តគោរពអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់តាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ និងបទបញ្ជារបស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ឲ្យទទួលបានជោគជ័យបន្ថែមទៀត ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលបានលះបង់ការលំបាកគ្រប់បែបយ៉ាង និងបានពុះពារដោះស្រាយនូវរាល់បញ្ហាប្រឈម និងឧបសគ្គនានា ក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់នាពេលកន្លងមក ដោយទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ ។ ហើយមកដល់ពេលនេះ បទល្មើសនេសាទនៅតំបន់ជាប់មាត់បឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំ មានការថយចុះប្រមាណពី ៧០ ទៅ ៨០% ដោយប្រជាជនភាគច្រើនបានយល់ច្បាស់ និងបានចូលរួមអនុវត្តនូវច្បាប់ស្ដីពីជលផលថ្មី។ តែក៍នៅមានប្រជានេសាទមួយចំនួនតូចនៅតែបន្តលបលួចប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ដោយការប្រើប្រាស់ឧបករណ៍នេសាទដែលច្បាប់ បានហាមឃាត់ ទោះបីអាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញបានណែនាំជាច្រើនលើក ច្រើនសារ រួចហើយក៏ដោយក្ដី ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ បានដឹកនាំបញ្ជាកងកម្លាំងចម្រុះ បង្ក្រាបឧបករណ៍នេសាទខុសច្បាប់ ពិសេសរបាំងស្បៃមុងដែលច្បាប់បានហាមឃាត់ដាច់ខាត ។ ក្នុងនោះបានកាប់បំផ្លាញរបាំងស្បៃមុងចំនួន ១៥ របាំង មានប្រវែងជាង ៧៥០ម៉ែត្រ បំផ្លាញបង្គោលរបាំងចំនួន ជាង៣៥០ដើម និងចាក់លែងកូនត្រីចម្រុះប្រមាណជាំង៥០ គីឡូក្រាម នៅភូមិសាស្ត្រឃុំពាមបាង និងឃុំចំណារក្រោម ស្រុកស្ទោង ព្រមទាំងប្រគល់ប្រេងឥន្ធនៈចំនួន ៣០០លីត្រ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគមួយចំនួន និងប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនជូនដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលប្រចាំការនៅឃុំពាមបាង និងឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ឲ្យមានប្រសិទ្ធភាព នៅក្នុងរដូវបិទនេសាទនេះ ដើម្បីថែរក្សាធនធានមច្ឆជាតិរបស់យើងឲ្យសំបូរឡើងវិញ ក្នុងការបម្រើសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេស ដោយគ្មានការដកថយឡើយ ៕










ចែករំលែកព័តមាននេះ