ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​​ថា​​លោក​ធ្វើ​សង្គ្រាម​អ៊ីរ៉ង់​ដើម្បី​ជួយ​សង្គ្រោះ​អង់​គ្លេស​ពី​ការ​វា.យ​ប្រ.ហារ​ដោយ​អា.វុ.ធ​​នុយ​ក្លេអ៊ែរ

1 ខែ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ដូណាល់​ត្រាំ​អះ​អាង​ថា​​សង្គ្រាម​អ៊ីរ៉ង់​​​ជួយ​អង់​គ្លេស​ឱ្យ​រួច​​ចាក​ផុត​ពី​ការ​វាយ​ប្រហារ​ដោយ​អាវុធ​នុយ​ក្លេ​អ៊ែរ​។ ជា​ថ្មី​ម្ដង​ទៀត លោក​ចាប់​ផ្ដើម​និយាយ​វាយ​ប្រហារ​អង់​គ្លេស​ដែល​មិន​ព្រម​ជួយ​ជ្រោម​ជ្រែង​អាមេរិក​នៅ​ក្នុង​សង្គ្រាម​នេះ​។ នៅ​ក្នុង​បទ​សម្ភាស​ជា​មួយ​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជីប៊ី​ ញូស៍ (GB News) របស់​អង់​គ្លេស លោក​ត្រាំ​ឱ្យ​ជា​តម្រុយ​ថា​​បើ​ទៅ​ថ្ងៃ​មុខ ​អាហ្សង់​ទីនវាយ​លុក​ចូល​​កោះ​ហ្វក​លេន​​​ (Falkland) លោក​នឹង​មិន​ជួយ​អង់​គ្លេស​ទេ​។ ធ្វើ​បែប​នេះ​ដើម្បី​​ឆ្លើយ​តប​ដូច​អ្វី​ដែល​អង់​គ្លេស​ធ្វើ​ដាក់​អាមេរិក​នៅ​ក្នុង​សង្គ្រាម​អ៊ីរ៉ង់​។ ​លោក​អះ​អាង​ថា​លោក​កំពុង​ជួយ​សង្គ្រោះ​អង់​គ្លេស​ពី​ការ​គំរាម​កំហែង​។ បើ​បណ្ដោយ​​ឱ្យ​អ៊ីរ៉ង់​ផលិត​អាវុធ​នុយ​ក្លេអ៊ែរ​បាន​សម្រេច​ ពេល​នោះ​ពួក​គេ​ទំនង​ជា​បាញ់​ដាក់​ទ្វីប​អឺរ៉ុប​មុន​គេ​​ជា​ជាង​បាញ់​ដាក់​អាមេរិក​ព្រោះ​មីស៊ីល​របស់​ពួក​គេ​អាច​ហោះ​ទៅ​ដល់​ទី​នោះ​។

ខ្ញុំ​កំពុង​ជួយ​ស្រោច​ស្រង់​ប្រទេស​ជាតិ​របស់​អ្នក​ឱ្យ​ចាក​ផុត​ពី​បញ្ហា​ធំ​ព្រោះ​ពួក​គេ (អ៊ីរ៉ង់) នឹង​ប្រើ​ប្រាស់​អាវុធ​នេះ​។ នៅ​ពេល​ជម្លោះ​បូរណ​ភាព​ទឹក​ដី​កាន់​តែ​រីក​ធំ​ឡើង​សា​ជា​ថ្មី​​រវាង​អង់​គ្លេស និង​អាហ្សង់​ទីន​ដើម្បី​ដណ្ដើម​កាន់​កាប់​​ប្រជុំ​កោះ​ហ្វក​លេន​ លោក​ត្រាំ​ឆ្លៀត​ឱកាស​នេះ​វាយ​បក​ចំពោះ​អង់​គ្លេស​ពី​បទ​ដែល​ពួក​គេ​មិន​បាន​ជួយ​ជ្រោម​ជ្រែង​ទាល់​តែ​សោះ​នៅ​ក្នុង​សង្គ្រាម​អ៊ីរ៉ង់​។ លោក​ថា​ប្រទេស​របស់​អ្នក​មិន​បាន​ជួយ​យើង​ទាល់​តែ​សោះ​។ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ លោក​អះ​អាងថា​រដ្ឋាភិបាល​របស់​លោក​ចាប់​ផ្ដើម​​ពិចារណា​ជា​ថ្មី​​​​ថា​តើ​ត្រូវ​ប្រកាន់គោល​ជំហរ​បែប​​ណា​​ចំពោះ​សិទ្ធិ​គ្រប់​គ្រង​ប្រជុំ​កោះ​ហ្វក​លេន​ពី​សំណាក់​ចក្រ​ភព​អង់​គ្លេស​។

តាំង​ពី​ដំបូង​ដៃ​មក​ម៉្លេះ អង់​គ្លេស​បដិសេធ​មិន​ចូល​ខ្លួន​ពាក់​ព័ន្ធ​នៅ​ក្នុង​យុទ្ធ​នា​ការ​របស់​អាមេរិក និង​អ៊ី​ស្រា​អែល​​ដើម្បី​វាយ​ប្រ​ហារ​ប្រទេស​អ៊ីរ៉ង់​ទេ​។ ពោល​គឺ​ជំហរ​នេះ​ប្រកាន់​យក​តាំង​ពី​ជំនាន់​លោក​ខៀ​ស្តាមើ​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​អង់​គ្លេស​។ ក្រោយ​មក​ លោក​ស្តាមើ​យល់​ព្រម​គាំទ្រ​អាមេរិក​ក្នុង​ការ​ការ​ពារ​ខ្លួន​ទល់​នឹង​វាយ​ប្រហារ​ដោយ​មីស៊ីល​របស់​អ៊ីរ៉ង់​ទៅ​លើ​គោល​ដៅ​មួយ​ចំនួន​ដូច​ជា​ទី​តាំង​ដាក់​ជើង​ទម្រ​បាញ់​មីស៊ីល​ជា​ដើម​​។ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ លោក​មិន​គាំទ្រ​សំណើ​របស់​លោក​ត្រាំ​ដែល​ចង់​ឱ្យ​បញ្ជូន​នាវា​ចម្បាំង​ទៅ​ច្រក​សមុទ្រ​ហ័រ​ម៉ូស​ដើម្បី​ការ​ពារ​ទី​នោះ​ទេ​។ ឆ្លើយ​តប​នឹង​ចំណាត់​ការ​នេះ លោក​ត្រាំ​បន្ត​និយាយ​វាយ​ប្រហារ​លោក​ស្តាមើ​​ជា​និច្ច​ និង​ចាត់​ទុក​ថា​លោក​ស្តាមើ​មិន​បាន​មួយ​ចំណិត​របស់​លោក​ឆឺឈីល​ទេ​ (អតីត​នាយក​រដ្ឋ​មន្ត្រី​អង់​គ្លេស​សម័យ​សង្គ្រាម​លោក​លើក​ទី២​)។

នៅ​ក្នុង​បទ​សម្ភាស​នោះ លោក​ត្រាំ​ក៏​ឆ្លៀត​ព្រមាន​ផង​ដែរ​ថា​អង់​គ្លេស​នឹង​​​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​មហន្ត​រាយ​​ជា​មិន​ខាន​ប្រសិន​បើ​ប្រទេស​នេះ​មិន​ចាត់​វិធាន​ការ​ឱ្យ​បាន​ក្ដៅ​គគុក​ចំពោះ​បញ្ហាអន្តោ​ប្រវេសន៍ និង​កែ​សម្រួល​គោល​នយោ​បាយ​ស្ដី​ពី​ថាម​ពល​ (អគ្គិ​សនី ប្រេង​ ហ្គាស​។ល។)​។ ប្រសិន​បើ​អ្នក​មិន​ព្រម​បញ្ឈប់​​សកម្ម​ភាព​របស់​មនុស្ស​ដែល​​ហូរ​ចូល​​ពី​គ្រប់​ជ្រុង​នៃ​ពិភព​លោក​ដូច​ទឹក​បាក់​ទំនប់​ទេ​ អ្នក​មិន​អាច​នៅ​សេស​សល់​ដី​សម្រាប់​ប្រជា​ជន​ខ្លួន​ឯង​រស់​នៅ​ឡើយ​។​ លោក​សូម​ឱ្យ​ក្រឡេក​ទៅ​មើល​ទី​ក្រុង​ឡុន​ដុន​​, ឡុន​ដុន​ឥឡូវ​នេះ​ប្លែក​ច្រើន​ណាស់​, ឡុន​ដុន​មាន​ចៅ​ហ្វាយ​ក្រុង​ដ៏​​គម្រក់​ម្នាក់​, គាត់​ជា​​មនុស្ស​អន់,​ ជា​ចៅហ្វាយ​ក្រុង​ដ៏​មហា​អន់​។

ទោះ​បី​មាន​ការ​និយាយ​បង្អាប់​បង្អោន​បែប​នេះ​ក្ដី ប្រភព​ដែល​ស្និទ្ធ​នឹង​ចៅ​ហ្វាយ​ក្រុង​ឡុន​ដុន​ប្រាប់​ថា​​លោក​សាឌីក ខាន់ (Sadiq Khan) នៅ​តែ​ជា​បញ្ហា​សតិ​អារម្មណ៍​សម្រាប់​លោក​ត្រាំ​ជា​និច្ច​ព្រោះ​គាត់​ (ត្រាំ) មិន​អាច​រសាយ​ចិត្ត​​ពី​​ចៅ​ហ្វាយ​ក្រុង​រូប​នេះ​បាន​ឡើយ​។ មែន​ទែន​ទៅ កម្រិត​បទ​ល្មើស​ដែល​កើត​ឡើង​នៅ​ទូទាំង​ទី​ក្រុង​ឡុន​ដុនមាន​តិច​ជាង​ទី​ក្រុង​តូច​ធំ​នានា​ទូទាំង​ប្រទេស​អាមេរិក​។ ឡុន​ដុន​ជា​ទី​ក្រុង​ដែល​ចម្រុះ​វប្បធម៌ ចម្រុះ​និន្នា​ការ​ និង​កំពុង​រីក​ចម្រើន​នៅ​ក្នុង​ក្រប​ខណ្ឌ​ពិភព​លោក​។ អាច​និយាយ​បាន​ថា​ជា​ទី​ក្រុង​ដ៏​ឆ្នើម​បំផុត​។ លោក​ត្រាំ​នៅ​តែ​មិន​ព្រម​ទទួល​ស្គាល់​នូវ​ភាព​ជោគ​ជ័យ​របស់​យើង​ទេ​៕ ប្រភព៖ The Independent​