ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ ៖ បុគ្គល​ឈ្មោះ ស្លេះ វ៉ើ​ត ត្រូវ​បាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​ខេត្តស្ទឹងត្រែង សម្រេចសេចក្តី​ឱ្យ​រួច​ផុត​ពី​បទចោទប្រកាន់ និង​ទទួល​បាន​សេរីភាព​ឡើង​វិញ​រួចរាល់

1 ខែ មុន

រាជធានី​ភ្នំពេញ ​៖ «​ករណី​សាលាដំបូង​ខេត្តស្ទឹងត្រែង​ ៖ មិនមែន​ជា​រឿង “​ចាប់​ច្រឡំ​មនុស្ស​” ប៉ុន្តែ​ក្រុមប្រឹក្សា​ជំនុំជម្រះ​វាយតម្លៃ​ថា ពុំ​មាន​ភស្តុ​តាង​គ្រប់គ្រាន់ និង​រឹង​មាំ ដើម្បី​ដាក់បន្ទុក​ផ្តន្ទាទោស​លើ​ឈ្មោះ ស្លេះ វ៉ើ​ត​» នេះ​បើ​ផ្អែក​តាម​របាយការណ៍​របស់​សាលាដំបូង​ខេត្តស្ទឹងត្រែង​ ។

​​ក្នុង​នាម​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ឯម ចាន់​មក​រា បាន​បញ្ជាក់​ថា​ ៖ “​ខ្ញុំ​សូម​ជម្រាប​ជូន​សាធារណជន និង​អ្នក​សារព័ត៌មាន​ឱ្យ​បាន​ជ្រាប​ថា ករណី​បុគ្គល​ឈ្មោះ ស្លេះ វ៉ើ​ត ដែល​សា​ធារណ​ជន​យល់​ថា​មានការ​ចាប់​ច្រឡំ​ឈ្មោះ ត្រូវ​បាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ នៃ​សាលាដំបូង​ខេត្តស្ទឹងត្រែង សម្រេចសេចក្តី​ឱ្យ​រួច​ផុត​ពី​បទចោទប្រកាន់ និង​ទទួល​បាន​សេរីភាព​ឡើង​វិញ​រួចរាល់​ហើយ ក្រោយពី​បាន​បញ្ចប់​សវនាការ​ផ្លូវច្បាប់​​” ។

អ្នកនាំពាក្យ​ថា​ ៖ “​ករណី​នេះ មិនមែន​ជា​រឿងចាប់​ច្រឡំ​មនុស្ស​” នោះ​ទេ បើ​ផ្អែក​តាម​របាយការណ៍​របស់​សាលាដំបូង​ខេត្តស្ទឹងត្រែង ដែល​ក្រសួងយុត្តិធម៌​ទទួល​បាន​នៅ​ថ្ងៃនេះ គឺ​គ្រប់​នីតិវិធី​ច្បាប់ ​ត្រូវ​បាន​អនុ​វត្ត​យ៉ាង​ត្រឹមត្រូវ​។ នៅ​គ្រប់​ដំណាក់កាល ទាំង​ចៅក្រម​ស៊ើបសួរ និង​ក្រុមប្រឹក្សា​ជំនុំជម្រះ​, សាមីខ្លួន មិន​ដែល​បា​នប​ដិសេ​ធ​អំពី​អត្តសញ្ញាណ​របស់​ខ្លួន​ម្តងណា​ឡើយ គឺ​បាន​ធ្វើការ​ផ្ទៀងផ្ទាត់​អត្ត​សញ្ញាណ​ជន​ត្រូវ​ចោទ​យ៉ាង​ច្បាស់លាស់​មុន​ពេល​សាកសួរ​។ នៅ​ក្នុង​ដំណើរការ​នីតិវិធី​ទាំងនោះ ជនជាប់ចោទ​មិន​ដែល​បាន​បដិសេធ​អំពី​អត្តសញ្ញាណ​របស់​ខ្លួន (​ថា​ខ្លួន​មិនមែន​ឈ្មោះ ស្លេះ វ៉ើ​ត នោះ​ទេ​) នៅ​ចំពោះ​មុខ​ស្ថាប័ន​តុលាការ​ឡើយ ដូច្នេះ តុលាការ​មាន​កាតព្វកិច្ច​បន្ត​នីតិវិធី​សវនាការ​ស្រប​តាម​ច្បាប់ ​។

អ្នកនាំពាក្យ​បញ្ជាក់​ថា​ ៖ “​ខ្ញុំ​សូម​បញ្ជាក់​ឱ្យ​ច្បាស់​ថា ផ្អែក​តាម​របាយការណ៍​របស់​សាលាដំបូង​ខេត្តស្ទឹងត្រែង ការ​ដែល​តុលាការ​សម្រេច​ឱ្យ​បុគ្គល​រូប​នេះ​រួច​ផុត​ពី​ការ​ចោទប្រកាន់ គឺមិនមែន​ដោយសារ​តែ​តុលាការ​រក​ឃើញ​ថា ​មានការ​ចាប់​ច្រឡំ​មនុស្ស​នោះ​ទេ ប៉ុន្តែ​ដោយសារ​តែ​នៅ​ក្នុង​សវនាការ ក្រោយ​ពី​បាន​ស្តាប់​ចម្លើយ​តទល់​ជាមួយ​សាក្សី ភាគី​ពាក់ព័ន្ធ និង​មេធាវី​ការពារ​ក្ដី ក្រុមប្រឹក្សា​ជំនុំជម្រះ​វាយតម្លៃ​ថា ពុំ​មាន​ភស្តុ​តាង​គ្រប់គ្រាន់ និង​រឹង​មាំ ដើម្បី​ដាក់បន្ទុក​ផ្តន្ទាទោស​លើ​ឈ្មោះ ស្លេះ វ៉ើ​ត ឡើយ ដូច្នេះ​ផ្អែក​លើ​អង្គហេតុ និង​អង្គច្បាប់ ទើប​ក្រុមប្រឹក្សា​ជំនុំជម្រះ បាន​សម្រេចសេចក្តី​ឱ្យ​រួច​ផុត​ពី​បទ​កាប់​គាស់ រុករាន​ដី​ព្រៃ ឆ្ការ ដុត និង​ឈូស​ឆាយដី​ព្រឺ​ដើម្បី​យក​ធ្វើ​ជា​កម្មសិទ្ធិ​”​ ។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ក្រសួងយុត្តិធម៌​នឹង​បន្ត​តាមដាន​ដោយ​យកចិត្តទុកដាក់​ចំពោះ​ករណី​នេះ ហើយ​យន្តការ​នៃ​ក្រុម​អធិការកិច្ច​របស់​ក្រសួង​នៅ​តែ​ដំណើរការ​ជា​ធម្មតា​ដើម្បី​ពិនិត្យ​មើល​ភាព​ត្រឹមត្រូវ​នៃ​ការ​អនុវត្តិ​នីតិវិធី​ចំពោះ​ករណី​ខាងលើ​ន​៕