ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ចេញ​ដីកា​ចា.ប់​ខ្លួ.ន​អនុ​ប្រធានា​ធិប​តី​ហ្វ៊ីលីពីន​ពី​បទ​គំ​.រា.ម​ស.ម្លា.ប់​គ្រួសារ​ប្រធានា​ធិបតី

1 ខែ មុន

ទី​ក្រុង​ម៉ានីឡា៖ នៅ​ទី​បំផុត​ តុលាការ​​សា​លា​ដំបូង​ទី​ក្រុង​ម៉ានីឡា​សម្រេច​ចេញ​ដីកា​ចាប់​ខ្លួន​អនុ​ប្រ​ធានា​ធិបតី​ហ្វ៊ីលីពីន​ លោក​ស្រី​សារ៉ា ឌូតឺតេ​ ​នៅ​ថ្ងៃ​​នេះ​ពាក់​ព័ន្ធ​នឹង​ការ​ដែល​លោក​ស្រី​ប្រើ​ភាសា​គំរាម​កំហែង​ផ្ដាច់​ផ្ដិល​អាយុ​ជីវិត​របស់​ប្រធានា​ធិបតី​ប្រទេស​នេះ​​។ ក្រុម​សហ​មេធាវី​ការ​ពារ​ក្ដី​របស់​លោក​ស្រី​បញ្ជាក់​ថា​លោក​ស្រី​នឹង​ប្រើ​ប្រាស់​សិទ្ធិ​ស្រប​ច្បាប់​ដែល​មាន​ទាំង​ប៉ុន្មាន​ដើម្បី​ត​តាំង​ក្ដី​នៅ​ក្នុង​តុលាការ​។ កាល​ពី​ខែ​សីហា លោក​ស្រី​​ត្រូវ​បាន​ចោទ​ប្រកាន់​​​​​ពី​បទ​ «គំរាម​កំហែង​ធ្ងន់​ធ្ងរ»។ មាន​ពេល​មួយ​នោះ លោក​ស្រី​ថ្លែង​ប្រាប់​​អ្នក​​សារ​ព័ត៌​មាន​ថា​លោកស្រី​​ធ្លាប់​​ជួល​ និង​ប្រាប់​ឃាត​ករ​ស៊ី​ឈ្នួល​ថា​ប្រសិន​បើ​ទៅ​ថ្ងៃ​មុខ មាន​រឿង​អ្វី​​កើត​ឡើង​ចំពោះ​រូប​លោក​ស្រី​ ពួក​គេ​ត្រូវ​តែ​​ធ្វើ​ឃាត​ប្រធានា​ធិបតី​​ម៉ាកូស​, ប្រពន្ធ​របស់​គាត់​ និង​បង​ប្អូន​ជី​ដូន​មួយ​របស់​គាត់​ម្នាក់​។

ការ​គំរាម​ធ្វើ​ឃាត​នេះ​ក៏​បង្កើត​ជា​ធាតុ​ផ្សំ​សំខាន់​ដែល​នាំ​ទៅ​ដល់​ការ​ស្នើ​សុំ​​ដក​តំណែង​អនុ​ប្រធានា​ធិប​តី​​ពី​លោក​ស្រី​​ផង​ដែរ​​ដែល​ធ្វើ​ឡើង​តាម​រយៈ​ព្រឹទ្ធ​សភា​។ ប្រ​សិន​បើព្រឹទ្ធ​សភា​សម្រេច​ដក​តំណែង​មែន​ លោក​ស្រី​នឹង​ត្រូវ​អស់​សិទ្ធិ​អំណាច ហើយ​នឹង​ត្រូវ​ហាម​ឃាត់​ធ្វើ​នយោបាយ​អស់​មួយ​ជីវិត​។ យោង​តាម​ក្រម​ព្រហ្ម​ទណ្ឌ​របស់​ហ្វ៊ី​លីពីន ​បើ​តុលាការ​រក​ឃើញ​កំហុស​ដូច​ការ​ចោទ​ប្រកាន់​មែន​ ចុង​ចោទ​អាច​ជាប់​ពន្ធ​នា​គារ​៦​ខែ​។ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិ​ធម៌ លោក​ប៉ូឡូ ម៉ាទីណេស (Polo Martinez) បញ្ជាក់​ថា​តុលាការ​ពិត​បាន​ជា​​បានចេញ​ដីកា​ចាប់​ខ្លួន​លោក​ស្រី​សារ៉ា​មែន​។ ប៉ុន្តែ​ដីកា​នេះ​មិន​ប្រាកដ​ជា​ឈាន​ដល់​ការ​ចាប់​លោក​ស្រី​ដាក់​ឃុំ​នៅ​ក្នុ​ងពន្ធ​នា​គារ​នោះ​ទេ​។ លោក​ប៉ាវ​ឡូ ថា​ម៉ាស់ (Paolo Tamase) ជា​ព្រឹទ្ធ​បុរស​រង​សាកល​វិទ្យាល័យ​ច្បាប់​នៅ​ហ្វ៊ីលីពីន​មាន​ប្រសាសន៍​ថា​ក្រុម​មេធាវី​របស់​លោក​ស្រី​សារ៉ា​ឥឡូវ​នេះ​ត្រៀម​រៀប​ចំ​សេចក្ដី​ស្នើ​សុំទៅ​តុលាការ​ដើម្បី​បង់​ប្រាក់​ធានា​សូម​នៅ​ក្រៅ​ឃុំ​។

លោក​យល់​ថា​វិធី​ល្អ​បំផុត​ដែល​លោក​ស្រី​សារ៉ា​ត្រូវ​តែ​ធ្វើ​នៅ​ពេល​នេះ​គឺ​តម្កល់​លុយ​សូម​នៅ​ក្រៅ​ឃុំ​។ លោក​ស្រី​មិន​ចាំ​បាច់​ទៅ​ស្នើ​សុំ​ដោយ​ផ្ទាល់​ក៏​បាន​ដែរ​។ ដីកា​ចាប់​ខ្លួន​នេះ​អាច​នឹង​មាន​រឿង​ត្រូវ​និយាយ​គ្នា​ជា​បន្ត​ទៀត​នៅ​ពេល​សំណុំរឿង​ឡើង​ដល់​តុលាការ​កំពូល​។ លោក​ស្រី​អាច​នឹង​ចោទ​ជា​សំណួរ​ថា​តើ​ការ​ចេញ​ដី​ការ​នេះ​មាន​តម្លៃផ្នែក​គតិ​យុត្តិ​ដែរ​ឬ​ទេ​។ មាន​ន័យ​ថា​លោក​ស្រី​អាច​នឹង​ប្ដឹង​ទាស់​ទៅ​សាលា​ឧទ្ធរណ៍ ឬ​តុលា​ការ​កំពូល​តែ​ម្ដង​។ ក្រុម​មេធាវី​របស់​លោក​ស្រី​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​ដើម្បី​បញ្ជាក់​ថា​លោក​ស្រី​សារ៉ា​គ្មាន​បំណង​គេច​វេស​ពី​ច្បាប់​ទេ​ ហើយ​លោក​ស្រី​នឹង​បន្ត​ប្រើ​ប្រាស់​សិទ្ធិ​ស្រប​ច្បាប់​ទាំង​អស់​ដើម្បី​ការ​ពារ​ខ្លួន​។

ក្រុម​មេធាវី​ការ​ពារ​ក្ដី​ជូន​លោក​ស្រី​សារ៉ា​អះ​អាង​ថា​​​ «​តុលាការ​មិន​អាច​ជំនុំ​ជម្រះ​ទោស​លោក​ស្រី​នៅ​ក្នុង​បទ​ចោទ​ដែល​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ដក​តំណែង​លោក​ស្រី​នៅ​ក្នុង​សភា​នោះ​ទេ​»។ ប៉ុន្តែ​មន្ត្រី​បម្រើ​ការ​នៅ​ក្រសួង​យុត្តិ​ធម៌​បាន​ច្រាន​ចោល​ការ​លើក​ឡើង​នូវ​​ទឡ្ហីករណ៍នេះ​​​។ លោក​ស្រី​សារ៉ា​ត្រូវ​បាន​រដ្ឋ​សភា​បោះ​ឆ្នោត​ដក​តំណែង​កាល​ពី​ខែ​ឧសភា​ពី​បទ​ចោទ​ប្រកាន់​ជា​ច្រើន​ករណី​ដែល​មាន​ជា​អាទិ៍​៖ ការ​កេង​បន្លំ​ប្រាក់​ និង​​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​។ ប្រសិន​បើ​ព្រឹទ្ធ​សភា​រក​ឃើញ​កំហុស និង​បោះ​ឆ្នោត​ដក​តំណែង​លោក​ស្រី​មួយ​តង់​ទៀត មាន​ន័យ​ថា​លោក​ស្រី​នឹង​មិន​មាន​សិទ្ធិ​ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​ប្រធានា​ធិបតី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០២៨​ឡើយ​។ លោក​ស្រី​ធ្លាប់​បាន​ប្រកាស​អំពី​បំណង​ឈរ​ឈ្មោះ​អាណត្តិ​ថ្មី​កាល​ពី​ខែ​កុម្ភៈ​៕ ប្រភព៖ Channel News Asia