ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​កម្ពុជា​-​សហរដ្ឋអាមេរិក ចាប់ផ្តើម​រៀបចំ​ផែនការ​លម្អិត​សម្រាប់​លំ​ហាត់​ឆ្មាំ​អង្គរ ឆ្នាំ​២០២៧

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ កងទ័ពជើងគោក នៃ​កង​យោធពលខេមរភូមិន្ទ រួម​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាក​សំណល់​សង្គ្រាម ព្រមទាំង​កងទ័ពជើងគោក​សហរដ្ឋអាមេរិក ប្រចាំ​ប៉ា​ស៊ី​ហ្វិ​ក និង​កង​ឆ្មាំ​រដ្ឋ​អាយ​ដា​ហូ បាន​រៀបចំ​កិច្ចប្រជុំ​ផែនការ​បឋម (Initial Planning Conference – IPC) សម្រាប់​លំ​ហាត់​ឆ្មាំ​អង្គរ ឆ្នាំ​២០២៧ ចាប់ពី​ថ្ងៃ​ទី​៣១ ខែសីហា ដល់​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០២៦ ដែល​ជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះទៅ​រក​ការ​ចាប់ផ្តើម​ឡើង​វិញ នៃ​លំ​ហាត់​ទ្វេភាគី​នេះ បន្ទាប់​ពី​បាន​ផ្អាក​អស់​រយៈពេល​មួយ​ទសវត្សរ៍ ។

ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​សកម្មភាព​ហ្វឹកហ្វឺន​សំខាន់​ៗ រួម​មាន លំ​ហាត់​ទីបញ្ជាការ និង​ការ​ផ្លាស់​ប្តូរ​ជំនាញ​វិជ្ជាជីវៈ​លើ​វិស័យ​សុខាភិបាល វិស្វកម្ម និង​ការ​កម្ចាត់​គ្រឿងផ្ទុះ និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ (EOD/UXO) ។

លំ​ហាត់​ឆ្មាំ​អង្គរ ឆ្នាំ​២០២៧ គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង ខែកុម្ភៈ ឆ្នាំ​២០២៧ ដើម្បី​ពង្រឹង​អន្តរ​ប្រតិបត្តិការ និង​សមត្ថភាព​ឆ្លើយ​តប​គ្រោះ​មហន្តរាយ ដែល​ឆ្លុះ​បញ្ចាំង​ពី​សន្ទុះ​ថ្មី នៃ​កិច្ច​សហប្រតិបត្តិការ​យោធា​រវាង​កម្ពុជា​-​សហរដ្ឋអាមេរិក និង​ការ​ប្តេជ្ញា​ចិត្ត​រួម​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ការពារ​ជាតិ ៕