ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជំនាញ​ខេត្ត​ស្ទឹង​ត្រែ​ង ចុះណែនាំ​បច្ចេកទេសដាំបន្លែរដូវវស្សាឱ្យទទួលបានទិន្នផលខ្ពស់ និងចៀស​ផុតពីជំងឺរុក្ខជាតិ

1 ខែ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ ​ការ​ធ្វើ​កសិកម្ម​ក្នុង​រដូវវស្សា​តែងតែ​ទាមទារ​នូវ​ការ​យកចិត្តទុកដាក់​ខ្ពស់ លើ​ប្រព័ន្ធ​រំសាយ​ទឹក និង​ការ​ការពារ​ជំងឺ​រុក្ខជាតិ ដើម្បី​ធានា​បាន​នូវ​ទិន្នផល​ខ្ពស់ និង​ឆ្លើយ​តប​នឹង​តម្រូវការ​ទីផ្សារ​។ ក្នុង​ខេត្ត​ស្ទឹងត្រែង មន្ត្រី​ជំនាញ​បាន​ចុះ​ផ្ទាល់​ដើម្បី​បង្ហាញ​ពី​បច្ចេកទេស​ថ្មី​ៗ​ដល់​កសិករ ក្នុង​គោលបំណង​បង្កើន​ផលិតភាព​បន្លែ​ស្លឹក និង​បន្លែ​ផ្លែ​ប្រកបដោយ​និរន្តរភាព​។

ក្នុង​ពេល​ចុះ​ត្រួតពិនិត្យ និង​ណែនាំ​ផ្ទាល់​ដល់​កសិករ​នៅ​ភូមិ​គីឡូ​៨ សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង កាលពី​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២៦ លោក ឆិល វិបុល ប្រធាន​ការិយាល័យ​ផ្សព្វផ្សាយ​កសិកម្ម បាន​គូសបញ្ជាក់​ថា បញ្ហា​ប្រឈម​ធំ​បំផុត​ក្នុង​រដូវភ្លៀង​ធ្លាក់​គឺ​ការ​ជាំ​ទឹក​ និង​ការ​ផ្ទុះ​ឡើង​នៃ​សត្វល្អិត​។ លោក​បាន​ណែនាំ​ឱ្យ​កសិករ​លើក​រង​ឱ្យ​បាន​ខ្ពស់​ចាប់ពី ២ ដល់ ៣ តឹក ព្រមទាំង​រៀបចំ​តាម​ជម្រាល​ដី​ត្រឹមត្រូវ ការ​ប្រើប្រាស់​កៅស៊ូ​ឃ្លុប​រង និង​ការ​សម្អាត​ស្មៅ​ជា​ប្រចាំ ដើម្បី​កាត់​បន្ថយ​ជម្រក​របស់​សត្វល្អិត​ចង្រៃ​ដូច​ជា​រុយ.​ស និង​ដង្កូវ​បំផ្លាញ​ដំណាំ​។

ឆ្លើយ​តប​នឹង​ការ​ណែនាំ​នេះ លោក ខ្វៃ យឿ​ន កសិករ​ដែល​មាន​បទ​ពិសោធ​ន៍​ជាង​មួយ​ទសវត្សក្នុង​ការ​ដាំ​ដុះ​បន្លែ​នៅ​ទីនោះ បាន​លើក​ឡើង​ថា ការ​ថែទាំ​យ៉ាង​យកចិត្ត​ទុកដាក់ ការ​ឧស្សាហ៍​ជម្រះ​ស្មៅ និង​ការ​ធានា​ថា​កន្លែង​ដាំ​ដុះ​គ្មាន​ការ​លិច​ទឹក គឺជា​គន្លឹះ​សំខាន់​ដែល​ធ្វើ​ឱ្យ​ដំណាំ​របស់​លោក​នៅ​តែ​លូតលាស់​ល្អ​ ទោះបីជា​មានការ​ប្រែប្រួល​អាកាសធាតុ​ក៏​ដោយ​។

ក្រៅពី​បច្ចេកទេស​ដាំ​ដុះ លោក យ៉ា​ថា អនុប្រធាន​ការិយាល័យ​ក្សេត្រសាស្ត្រ និង​ផលិតភាព​កសិកម្ម បាន​ក្រើន​រំ​ឮ​ក​ដល់​កសិករ​កុំឱ្យ​ទិញ​ពូជ ឬ​ថ្នាំ​កសិកម្ម​តាម​ការ​ស្មាន គឺ​​ត្រូវ​ប្រឹក្សា​យោបល់​ជា​មុន​ជាមួយ​មន្ត្រី​កសិកម្ម​ឃុំ​-​សង្កាត់ ឬ​ម្ចាស់​ដេប៉ូ​ដែល​មាន​អាជ្ញា​បណ្ណ​ច្បាស់លាស់​។

បច្ចុប្បន្ន ខេត្តស្ទឹងត្រែង​មាន​ក្រុម​កសិករ​ដាំ​បន្លែសរុប ២១​ក្រុម ស្មើនឹង​ជិត ៦០០​គ្រួសារ ដែល​កំពុង​ទទួល​បានការ​គាំទ្រ​បច្ចេកទេស​ពី​គម្រោង​សាក​​វប្បកម្ម​កម្ពុជា និង​អង្គការ​ដៃគូ​ពាក់ព័ន្ធ​ចំនួន​បួន​។ ភាព​ជា​ដៃគូ​នេះ​មិន​ត្រឹមតែ​ជួយ​ឱ្យ​បន្លែ​រដូវវស្សា​មានការ​លូតលាស់​ល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​ពង្រឹង​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់ និង​ផ្តល់​នូវ​កាលានុវត្តភាពទីផ្សារ​ខ្ពស់​សម្រាប់​កសិករ​ក្នុង​មូលដ្ឋាន​ផង​ដែរ​៕