ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក និងកម្ពុជា រួមកម្លាំងគ្នា ៖ ត្រៀមវិធានការដែកប្រឆាំងបណ្តាញឆបោ.កអនឡាញឆ្លងដែន

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ សហរដ្ឋអាមេរិក​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បទល្មើស​ឆ្លង​ដែន និង​ធ្វើការ​ជាមួយ​កម្ពុជា ក្នុង​ការ​ទទួល​បាន​លទ្ធផល​សម្រេច​ជាក់ស្ដែង ។ នេះ​បើ​យោង​តាម​ផេ​ក​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​៤ ខែកញ្ញា​នេះ​។

លោកស្រី Aleks Zittle ភារធារី​ស្ថានទូត​អា​មេ​រិ​ក បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​កិច្ច​សហប្រតិបត្តិការ​អនុវត្ត​ច្បាប់​រវាង​អា​មេ​រិ​ក និង​កម្ពុជា ព្រមទាំង​លើកទឹកចិត្ត​ឱ្យ​កម្ពុជា​ធ្វើការ​ស៊ើបអង្កេត និង​ចាត់វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​ប្រឆាំង​នឹង​បណ្តាញ​ឧក្រិដ្ឋជន ដែល​ភាគច្រើន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​ឧក្រិដ្ឋជន​ឆ្លង​ដែន​ចិន ដែល​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ ។

ក្នុង​នោះ​ដែរ ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​ឱកាស​សម្រាប់​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​អនុវត្ត​ច្បាប់ និង​ការ​ចែករំលែក​ព័ត៌មាន​អំពី​ការ​គំរាមកំហែង​ឆ្លង​ដែន ព្រមទាំង​របៀប​ដែល​សហរដ្ឋអាមេរិក​អាច​ផ្តល់​ជំនួយ​បច្ចេកទេស​ដើម្បី​កសាង​សមត្ថភាព​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​កម្ពុជា ។

ការ​គំរាមកំហែង​ឆ្លង​ដែន​ទាមទារ​ឱ្យ​មាន​ឆ្លើយ​តប​ជា​អន្តរជាតិ ហើយ​សហរដ្ឋអាមេរិក​កំពុងធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​កម្ពុជា ដើម្បី​ការពារ​ទាំង​ពលរដ្ឋ​អា​មេ​រិ​ក និង​កម្ពុជា តាម​រយៈ​ការ​បង្ក្រាប​ឧក្រិដ្ឋជន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត នៅ​គ្រប់​ទីតាំង​ធ្វើ​សកម្មភាព​របស់​ពួក​គេ ៕