ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះនៅទីនោះ តែម្ចាស់មិនអាចត្រឡប់ទៅវិញ ៖ សារព័ត៌មាន Le Monde ចុះផ្ទាល់ដល់តំបន់ព្រំដែនកម្ពុជា-ថៃ

1 ខែ មុន

Le Monde ៖ ប្រាំពីរ​ខែ​គ្មាន​ការ​ប្រយុទ្ធ ប៉ុន្តែ​ស្លាកស្នាម​នៃ​ជម្លោះ​នៅ​តែ​បន្ត​លើ​ទឹកដី និង​ជីវិត​ប្រជាជន​កម្ពុជា ។ នេះ​បើ​យោង​តាម​លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ប្រកាស​នា​ថ្ងៃ​ទី​៣ ខែកញ្ញា​នេះ ។

ប្រាំពីរ​ខែ​ក្រោយ​ការ​ប្រយុទ្ធ​បាន​ស្ងប់ស្ងាត់ ស្ថានភាព​នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ នៅ​មិន​ទាន់​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព​ឡើយ ។ ផ្ទះសម្បែង​ត្រូវ​បាន​បំផ្លាញ ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់ មិន​ទាន់​អាច​ត្រឡប់​ទៅ​លំនៅ​ឋាន​របស់​ខ្លួន កុងតឺន័រ​រារាំង​ផ្លូវ និង​ទីតាំង​មួយ​ចំនួន នៅ​តែ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​យោធា​ថៃ ។

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​បន្ត​ថា នេះ​ជា​រូបភាព​ដែល​សារព័ត៌មាន​បារាំង Le Monde បាន​រាយការណ៍​ពី​តំបន់​ព្រំដែន​កម្ពុជា ក្នុង​អត្ថបទ​ចុះ​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២៦ ក្រោម​ចំណងជើង «Au Cambodge, malgré sept mois sans combat, les vies bouleversées par le conflit à la frontière thaïlandaise» ឬ «​នៅ​កម្ពុជា ទោះបី​ប្រាំពីរ​ខែ​គ្មាន​ការ​ប្រយុទ្ធ​ក៏​ដោយ ជីវិត​ប្រជាជន​នៅ​តែ​រង​ការ​ប្រែប្រួល​ដោយ​ជម្លោះ​នៅ​ព្រំដែន​ថៃ​»​។ អត្ថបទ​បង្ហាញ​ថា ការ​ឈប់​បាញ់​មិន​ទាន់​មាន​ន័យ​ថា ផលវិបាក​នៃ​ជម្លោះ​បាន​បញ្ចប់​នោះ​ទេ ។

ស្ពាន​ជ័យជម្នះ ៖ ពី​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ទៅ​ជា​ស្លាកស្នាម​នៃ​សង្គ្រាម
នៅ​តំបន់​ថ្មដា ខេត្តពោធិ៍សាត់ Le Monde បាន​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៥៥ ដែល​ត​ភ្ជាប់​ពី​ពោធិ៍សាត់​ទៅ​តំបន់​ព្រំដែន​។ ផ្លូវ​នេះ​ត្រូវ​បាន​សម្ពោធ​នៅ​ឆ្នាំ​២០២០ និង​ធ្លាប់​ត្រូវ​បាន​ចាត់ទុកជា​ច្រក​ថ្មី​មួយ​ត​ភ្ជាប់​កម្ពុជា​ជាមួយ​ថៃ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម និង​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ ។ ប៉ុន្តែ​រូបភាព​បច្ចុប្បន្ន​បាន​ប្រែប្រួល​ទាំងស្រុង ។ Le Monde រាយការណ៍​ថា នៅ​ចុង​ផ្លូវ​នោះ ស្ពាន​ជ័យជម្នះ ដែល​ត្រូវ​បាន​វាយប្រហារ​ដោយ​យន្តហោះ​ចម្បាំង F-16 របស់​ថៃ​ក្នុង​ខែធ្នូ ឆ្នាំ​២០២៥ នៅ​តែ​ជា​គំនរ​បាក់បែក និង​ដាច់​ជា​ពីរ ។ ស្ពាន​ដែល​ធ្លាប់​ជា​និមិត្តរូប​នៃ​កា​រត​ភ្ជាប់ ពាណិជ្ជកម្ម និង​ការ​បើកចំហ​រវាង​ប្រទេស​ទាំង​ពីរ បាន​ក្លាយទៅជា​ស្លាកស្នាម​រូប​វន្ត​មួយ​នៃ​ផលវិបាក​ពី​ជម្លោះ ។ កុងតឺន័រ ទង់ជាតិ និង​ទីតាំង​យោធា​ថៃ​នៅ​លើ​ដី ការ​ខូចខាត​មិន​បញ្ចប់​ត្រឹម​ស្ពាន​ជ័យជម្នះ​ឡើយ ។
Le Monde រាយការណ៍​ថា មុន​ទៅ​ដល់​ច្រកព្រំដែន​ថ្មដា ផ្លូវត្រូវ​បាន យោធា​ថៃ​រារាំង ។ មាន​កុងតឺន័រ​ប្រមាណ​ជាង​១០ ដែល​ខ្លះ​គ្រប​ដោយ​ទង់ជាតិ​ថៃ ដាក់​រារាំង​មិន​ឱ្យធ្វើ​ដំណើរ​ឆ្លងកាត់ ។

Screenshot

ទាហាន​កម្ពុជា​ម្នាក់​ដែល Le Monde បាន​ដកស្រង់​សម្តី​អះអាង​ថា ៖ «​នៅ​ទី​នេះ ថៃ​បាន​រុលចូល​ប្រហែល ៨០០ ម៉ែត្រ​ចូល​ក្នុង​ទឹកដី​របស់​យើង​»​។ អត្ថបទ​ក៏​ពិពណ៌នា​ថា នៅ​ពីលើ​កុងតឺន័រ មាន​ទីតាំង​ការពារ​ពីរ​នៅ​ពីក្រោយ​បាវ​ខ្សាច់ និង​មាន​លួស​បន្លា​គ្រប​ពីលើ ខណៈ​កាមេរ៉ា​សង្កេតការណ៍​តាមដាន​តំបន់​ជុំវិញ ។ អត្ថបទ​ក៏​កត់​សម្គាល់ថា កម្ពុជា​បាន​ចោទ​ថៃ​ពី​ការ​កាន់កាប់​ដោយ​ខុសច្បាប់​លើ​ផ្នែក​មួយ​នៃ​ទឹកដី​កម្ពុជា ហើយ​កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២៦ កម្ពុជា​បាន​ធ្វើការ​តវ៉ា​ចំពោះ​អ្វី​ដែល​កម្ពុជា​ហៅ​ថា «​ការ​រំលោភ​បំពាន​ជា​បន្តបន្ទាប់​» លើ​អធិបតេយ្យភាព​កម្ពុជា​។

ផ្ទះ​នៅ​ទីនោះ ប៉ុន្តែ​ម្ចាស់ផ្ទះ​មិន​អាច​ត្រឡប់​ទៅ​វិញ
រឿងរ៉ាវ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល Le Monde បាន​ជួប បង្ហាញ​ពី​ផល​ប៉ះពាល់​របស់​ជម្លោះ​លើ​ជីវិត​មនុស្ស​យ៉ាង​ច្បាស់​។ នៅ​បឹង​ត្រកួន ខេត្តបន្ទាយមានជ័យ លោក ធៀង រិ​ទ្ធី មិន​បានឃើញ​ផ្ទះ​របស់​ខ្លួន ចាប់តាំងពី​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២៥ ។ ផ្ទះ​របស់​គាត់​ស្ថិត​នៅ​ប្រមាណ​២០០​ម៉ែត្រ​ពី​ព្រំដែន ហើយ Le Monde រាយការណ៍​ថា បច្ចុប្បន្ន​តំបន់​នោះ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ថៃ ។
បន្ទាប់​ពី​បទ​ឈប់​បាញ់​ថ្ងៃ​ទី​២៧ ខែធ្នូ កុងតឺន័រ​ត្រូវ​បាន​ដាក់​រារាំង​ផ្លូវ ដែល​ធ្វើ​ឱ្យ​តំបន់​មួយ​ផ្នែក​មិន​អាច​ចូល​ទៅ​ដល់​បាន​។ លោក រិ​ទ្ធី ប្រាប់ Le Monde ថា​៖ «​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ អ្នក​មិន​អាច​ត្រឡប់​ទៅ​ផ្ទះ​របស់​អ្នក​បាន​ទៀត​ទេ​»​។ លោក និង​គ្រួ​សារបាន​ចាកចេញ​ដោយ​ប្រញាប់ប្រញាល់​ក្រោម​សំឡេង​កាំភ្លើង​ធំ ដោយ​យក​បាន​តែ​សម្លៀក​បំពាក់​មួយ​ចំនួន និង​ឯកសារ​អត្តសញ្ញាណ ។ គ្រួសារ​របស់​គាត់​ត្រូវ​បាន​ផ្លាស់​ទៅ​រស់នៅ​ភូមិ​បណ្តោះអាសន្ន ដែល Le Monde ពិពណ៌នា​ថា​មានផ្ទះ​តូច​ៗ​ជា​ច្រើន​សង់​ជា​ជួរ សម្រាប់​គ្រួសារ​ដែល​មិន​អាច​ត្រឡប់​ទៅ​លំនៅ​ឋាន​ដើម​វិញ​។

Screenshot

ផ្ទះ​ត្រូវ​បំផ្លាញ និង​ដី​ត្រូវ​ឈូស​ឆាយ​សម្រាប់​ទីតាំង​យោធា
កាន់តែ​គួរ​ឱ្យ​កត់សម្គាល់ Le Monde រាយការណ៍​ថា លោក Rithy បានឃើញ​តាម​រូបភាព​ដែល​ផ្សព្វផ្សាយ​ពី​ភាគី​ថៃ​ថា ផ្ទះ​គ្រួសារ​របស់​គាត់​ត្រូវ​បាន​បំផ្លាញ ហើយ​តំបន់​ត្រូវ​បាន​ឈូស​ឆាយ​ដើម្បី​ទុក​កន្លែង​សម្រាប់​ទីតាំង​យោធា​។ អត្ថបទ​ក៏​យោង​ទៅ​អង្គការសិទ្ធិមនុស្ស​កម្ពុជា LICADHO ដែល​បាន​ចងក្រង​ឯកសារ​អំពី​ការ​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វិល​ក្រោយ​បទ​ឈប់​បាញ់ ។ ចំណុច​នេះ​បង្ហាញ​ថា ផល​ប៉ះពាល់​លើ​ប្រជាពលរដ្ឋ​មិន​មាន​ត្រឹមតែ​ក្នុងអំឡុងពេល​ប្រយុទ្ធ​ទេ​។ សម្រាប់​គ្រួសារ​មួយ​ចំនួន ទោះ​ការ​បាញ់​បាន​ស្ងប់​ក៏​ដោយ ក៏​ផ្ទះ និង​ជីវភាព​ដែល​ពួក​គេ​ធ្លាប់​មាន​មិន​ទាន់​អាច​ទទួល​បាន​មក​វិញ​។

ប្រជាពលរដ្ឋ​ជាង ២០,០០០ នាក់ នៅ​តែ​មិន​អាច​ត្រឡប់​ទៅ​ផ្ទះ
Le Monde រាយការណ៍​ដោយ​យោង​តាម​ភ្នំពេញ​ថា ប្រជាពលរដ្ឋ​កម្ពុជា​ជាង ២០,០០០ នាក់ នៅ​មិន​ទាន់​អាច​ត្រឡប់​ទៅ​លំនៅ​ឋាន​របស់​ខ្លួន​បាន ជា​ពិសេស​នៅ​តំបន់​ព្រំដែន​ចំនួន​បី​ក្នុង​ខេត្តបន្ទាយមានជ័យ​។ អត្ថបទ​រាយការណ៍​ថា អាជ្ញាធរ​ខេត្ត​កត់ត្រា កុងតឺន័រ ៦៣ ដែល​ត្រូវ​បាន​ប្រើ​ជា​របាំង​ជុំវិញ​ភូមិ​ជោគជ័យ ធ្វើ​ឱ្យ​តំបន់​នោះ​មិន​អាច​ចូល​បាន និង​កុងតឺន័រ ២៦ ទៀត​នៅ​បឹង​ត្រកួន​។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ហៅ​តំបន់​ទាំងនេះ​ថា​ជា «​តំបន់​ដែល​ត្រូវ​បាន​ឈ្លានពាន​»​។ Le Monde ក៏​បាន​បង្ហាញ​ជំហរ​របស់​ភាគី​ថៃ ដែល​បដិសេធ​ការ​ចោទប្រកាន់​របស់​កម្ពុជា និង​អះអាង​ថា​ទីតាំង​ទាំងនោះ​ស្ថិត​ក្នុង​ទឹកដី​ថៃ ។ ការ​បញ្ចូល​ជំហរ​នេះ ក្នុង​អត្ថបទ​បង្ហាញ​ថា បញ្ហា​ទឹកដី​នៅ​តែ​ជា​ប្រធានបទ​ដែល​ភាគី​ទាំង​ពីរ​ជំទាស់​គ្នា ខណៈ​ប្រជាពលរដ្ឋ​នៅ​តែ​ទទួល​រង​ផល​ប៉ះពាល់ ។

ភូមិ​ខូចខាត សាលារៀន​មាន​ស្នាម​គ្រាប់ និង​កុមារ​រស់នៅ​ជាមួយ​ស្លាកស្នាម​សង្គ្រាម
នៅ​វត្ត​តា​មាន់​សែន​ជ័យ Le Monde បានឃើញ​រូបភាព​មួយទៀត​នៃ​ផលវិបាក​ពី​ការ​ប្រយុទ្ធ​។ អត្ថបទ​រាយការណ៍​ថា ប្រមាណ ៨០% នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងភូមិ បាន​រង​ការ​ខូចខាត​ក្នុង​ការ​ប្រយុទ្ធ​ខែកក្កដា និង​ខែធ្នូ ឆ្នាំ​២០២៥​។ នៅ​សាលារៀន​ក្បែរ​នោះ ដំបូល​បាក់បែក ជញ្ជាំង​មាន​ស្នាម​គ្រាប់ ហើយ​សៀវភៅ​សិក្សា​របស់​កុមារ​នៅ​រាយ​ប៉ាយ​ក្នុង​គំនរ​បាក់បែក​។
អ្នកស្រុក​ម្នាក់​ដែល​បាន​បើកហាង​របស់​ខ្លួន​ឡើង​វិញ​ក្រោយ​បទ​ឈប់​បាញ់ ប្រាប់ Le Monde ថា នាង​នៅ​តែ​មិន​ហ៊ាន​ទៅ​ដេក​ក្នុងផ្ទះ​ខាងក្រោយ​ហាង​ទេ​។ នាង​និយាយ​ថា ស្ទើរ​រាល់ថ្ងៃ​ឃើញ​ដ្រូ​ន ហើយ​ពេល​ខ្លះ​ឮ​សំឡេង​យន្តហោះ​។ កូនប្រុស​របស់​នាង​ត្រូវ​ទៅ​រៀន​នៅ​ទីតាំង​ផ្សេង ហើយ​នាង​និយាយ​ថា ទោះ​ព្យាយាម​រស់នៅ​ដូច​ធម្មតា ក៏​ការ​ភ័យ​ខ្លាច​នៅ​តែ​មាន​។

គ្មាន​ការ​ប្រយុទ្ធ មិន​មាន​ន័យ​ថា មាន​សន្តិភាព​ពេញលេញ
ការ​រាយការណ៍​របស់ Le Monde បង្ហាញ​រូបភាព​មួយ​ដែល​សំខាន់​៖ ការ​ស្ងប់ស្ងាត់​របស់​អាវុធ​មិន​ស្មើនឹង​ការ​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព​ឡើយ​។ នៅ​លើ​ដី មាន​ស្ពាន​ដែល​ត្រូវ​បាន​វាយប្រហារ​ដោយ F-16 និង​នៅ​តែ​បាក់បែក មានផ្ទះ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វិល​ដែល​រង​ការ​បំផ្លាញ មាន​កុងតឺន័រ​រារាំង​ផ្លូវ មាន​ប្រជាពលរដ្ឋ​ដែល​មិន​អាច​ចូល​ទៅ​កាន់​ផ្ទះ​របស់​ខ្លួន និង​មានគ្រួសារ​រាប់​ម៉ឺន​នាក់​ដែល​នៅ​តែ​រស់នៅ​ឆ្ងាយ​ពី​លំនៅ​ឋាន​ដើម​របស់​ពួក​គេ​។

ដូច្នេះ អ្វី​ដែល​ការ​រាយការណ៍​ពី​ទីតាំង​ជាក់ស្តែង​នេះ​ធ្វើ​ឱ្យ​ឃើញ មិនមែន​ត្រឹមតែ​រឿងរ៉ាវ​នៃ​ការ​ប្រយុទ្ធ​កាលពី​ឆ្នាំ​២០២៥​ទេ ប៉ុន្តែ​ជា​ផលវិបាក​ដែល​នៅ​តែ​បន្ត​រហូត​ដល់​ឆ្នាំ​២០២៦៖ ទឹកដី​ដែល​មានការ​ជំទាស់​អំពី​ការ​គ្រប់គ្រង ផ្ទះ​ដែល​ម្ចាស់​មិន​អាច​ត្រឡប់ ស្ពាន​និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ត្រូវ​បាន​បំផ្លាញ និង​ប្រជាពលរដ្ឋ​ដែល​នៅ​តែ​រង់ចាំ​ថ្ងៃ​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ ប្រាំពីរ​ខែ​គ្មាន​ការ​ប្រយុទ្ធ អាច​មាន​ន័យ​ថា​កាំភ្លើង​បាន​ស្ងប់ ប៉ុន្តែ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ដែល​បាន​បាត់បង់​ផ្ទះ ជីវភាព និង​សិទ្ធិ​ចូល​ទៅ​កាន់​លំនៅ​ឋាន​របស់​ខ្លួន ផលវិបាក​នៃ​ជម្លោះ​នៅ​មិន​ទាន់​បញ្ចប់​ឡើយ ៕