ទីក្រុងវៀងចន្ទន៍៖ ទឹកជំនន់ធ្ងន់ធ្ងរបានវាយប្រហារខេត្តហ្លួងណាំថា ភាគខាងជើងប្រទេសឡាវ បណ្តាលឱ្យប្រជាពលរដ្ឋជាង ២,៤០០គ្រួសារនៅក្នុងភូមិជាង ៥០ រងផលប៉ះពាល់ ខណៈអាជ្ញាធរខេត្តបានអំពាវនាវដល់ស្ថាប័នរដ្ឋ វិស័យឯកជន និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ចូលរួមផ្តល់ជំនួយជាសម្ភារៈ និងថវិកា ដើម្បីជួយសង្គ្រោះ និងស្តារឡើងវិញ។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មាន Laotian Times នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។
ទឹកជំនន់បានកើតឡើងនៅថ្ងៃទី២៩ និង៣០ ខែសីហា ឆ្នាំ២០២៦ ដោយប៉ះពាល់ដល់តំបន់ជាច្រើនក្នុងស្រុកហ្លួងណាំថា រួមទាំងតំបន់សេដ្ឋកិច្ចពិសេជាប់ព្រំដែនចិន។ គ្រោះធម្មជាតិនេះបានធ្វើឱ្យផ្លូវមួយចំនួនត្រូវបានកាត់ផ្តាច់ ព្រមទាំងបំផ្លាញផ្ទះសម្បែង ដីកសិកម្ម និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ខណៈការវាយតម្លៃទំហំការខូចខាតសរុបមិនទាន់ត្រូវបានបញ្ចប់នៅឡើយ។
អាជ្ញាធរខេត្តកំពុងផ្តោតលើការផ្តល់ទីជម្រក និងការស្តារជីវភាពប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយស្នើសុំជំនួយជាគ្រឿងឧបភោគបរិភោគ អាហារ ថ្នាំពេទ្យ និងសម្ភារៈចាំបាច់ផ្សេងៗ។ អាជ្ញាធរក៏បានរៀបចំគណនីថវិកានៅថ្នាក់ខេត្ត និងទីតាំងទទួលជំនួយ ដើម្បីសម្របសម្រួលការប្រមូល និងចែកចាយជំនួយទៅកាន់តំបន់ដែលត្រូវការជាបន្ទាន់។
ក្រៅពីខេត្តហ្លួងណាំថា ខេត្តជាប់ព្រំប្រទល់ដូចជា ឧត្តមសៃ និងហ្លួងព្រះបាង ក៏រងផលប៉ះពាល់ពីទឹកជំនន់ផងដែរ។ នៅស្រុកណាំបាក់ ខេត្តហ្លួងព្រះបាង មានភូមិចំនួន ៨ និងមនុស្សជាង ១,០០០នាក់រងផលប៉ះពាល់ ខណៈការខូចខាតដំណាំត្រូវបានប៉ាន់ប្រមាណជិត១០ម៉ឺនដុល្លារអាម៉េរិក។ មុននេះ ខេត្តសាវណ្ណខេត្តក៏បានរងគ្រោះធ្ងន់ ដោយប៉ះពាល់ដល់មនុស្សជាង ៤០,២០០នាក់ និងបណ្តាលឱ្យមនុស្ស ២នាក់ស្លាប់ និងម្នាក់ទៀតបាត់ខ្លួន៕
ចែករំលែកព័តមាននេះ