ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាមកាត់ទោសប្រហារជីវិត ១១នាក់ ក្នុងសំណុំរឿងគ្រឿងញៀនជាង ១,១ពាន់លានដុល្លារ

1 ខែ មុន

ទីក្រុងហូជីមិញ៖ តុលាការប្រជាជនទីក្រុងហូជីមិញ ប្រទេសវៀតណាម បានកាត់ទោសប្រហារជីវិតជនជាប់ចោទ ១១នាក់ និងជាប់ពន្ធនាគារអស់មួយជីវិត ១៩នាក់ ក្នុងចំណោមជនជាប់ចោទសរុប ២២៧នាក់ ពាក់ព័ន្ធនឹងសំណុំរឿងជួញដូរ និងដឹកជញ្ជូនគ្រឿងញៀនដ៏ធំ ដែលមានប្រភពចេញពីការដឹកជញ្ជូនគ្រឿងញៀនពីបារាំងមកវៀតណាមក្នុងឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Tuoi Tre នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។

ជនឈ្មោះហា ដាញណាម ដែលត្រូវបានកំណត់ថា ជាមេខ្លោងបណ្តាញជួញដូរគ្រឿងញៀន ត្រូវបានកាត់ទោសប្រហារជីវិតពីបទជួញដូរគ្រឿងញៀនខុសច្បាប់ ខណៈជនជាប់ចោទ ១០នាក់ទៀតក៏ទទួលទោសប្រហារជីវិតពីបទជួញដូរ ឬដឹកជញ្ជូនគ្រឿងញៀន។ ក្នុងចំណោមជនជាប់ចោទដែលមានឈ្មោះល្បី តារាចម្រៀង ជី យ៉ិន ត្រូវបានកាត់ទោស ៧ឆ្នាំ តារាម៉ូដែល អាន តី ត្រូវបានកាត់ទោស ៨ឆ្នាំ និងអ្នកសប្បុរសធម៌ ង្វៀន ដូជុកភឿង ទទួលទោស ៦ឆ្នាំ ពាក់ព័ន្ធនឹងការរៀបចំការប្រើប្រាស់គ្រឿងញៀនខុសច្បាប់។

សំណុំរឿងនេះបានផ្តើមឡើងកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីមន្ត្រីគយនៅអាកាសយានដ្ឋានអន្តរជាតិ តាន់សឺនញឹត រកឃើញសារធាតុញៀនជាង ១១,២គីឡូក្រាម លាក់ក្នុងបំពង់ថ្នាំដុសធ្មេញចំនួន ១៥៧ ក្នុងអីវ៉ាន់របស់អ្នកបម្រើការលើយន្តហោះ ៤នាក់ ដែលធ្វើដំណើរពីទីក្រុងប៉ារីសមកទីក្រុងហូជីមិញ។ អ្នកបម្រើការលើយន្តហោះទាំងនោះត្រូវបានដោះលែង ដោយសារមិនមានភស្តុតាងថាពួកគេដឹងថាក្នុងការដឹកជញ្ជូនមានគ្រឿងញៀន។

ការស៊ើបអង្កេតបន្ថែមបានរកឃើញថា បណ្តាញនេះត្រូវបានចោទប្រកាន់ថាដឹកជញ្ជូនគ្រឿងញៀនពីបារាំងមកវៀតណាមតាមរយៈការដឹកជញ្ជូនទំនិញ និងសេវាបញ្ញើរហ័ស ដោយលាក់គ្រឿងញៀនក្នុងផលិតផលផ្សេងៗ។ អាជ្ញាធរវៀតណាមបានអះអាងថា បណ្តាញនេះពាក់ព័ន្ធនឹងប្រតិបត្តិការមានទំហំទឹកប្រាក់​ប្រមាណ ១,១ពាន់លានដុល្លារ ហើយការស៊ើបអង្កេតទាំងមូលបាននាំទៅដល់ការកាត់ទោសជនសង្ស័យជាង ២,៧០០នាក់ ក្នុង ៤៧៧សំណុំរឿង៕