ភ្នំពេញ-ស៊ីដនី ៖ ហេតុអ្វីទីក្រុងទាំង៨ រួមទាំងរាជធានីភ្នំពេញ ទទួលបានពានរង្វាន់ពីអង្គការសុខភាពពិភពលោកប្រចាំឆ្នាំ២០២៦ លើការលើកកម្ពស់សុខុមាលភាពទីក្រុង ?
នៅព្រឹកថ្ងៃទី៣ ខែកញ្ញានេះ ដោយទទួលបានការចាត់តាំងពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងក្រោមការសម្របសម្រួលពីអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច លោកស្រី ដោ សម្ផស្ស នាយករង រដ្ឋបាលសាលារាជធានីភ្នំពេញ រួមជាមួយទីក្រុង៧ផ្សេងទៀត បានចូលរួមក្នុងកិច្ចពិភាក្សា និងចែករំលែកបទពិសោធន៍របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការអនុវត្តគម្រោង ការដាក់ពាក្យស្នើសុំការវាយតម្លៃ រហូតទទួលបានពានរង្វាន់ប្រចាំឆ្នាំ២០២៦ របស់អង្គការសុខភាពពិភពលោក ។
ពីទីក្រុងស៊ីដនី លោកស្រី ដោ សម្ផស្ស ក្នុងនាមជាប្រតិបត្តិករគម្រោងផ្ទាល់ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា លោកស្រី បានជម្រាបអង្គពិភាក្សាអំពីសាវតារឿង ដែលកាលពីឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានគម្រោងលើកកម្ពស់សុវត្ថិភាព នៅតំបន់សាលារៀន ក្រោមការជួយឧបត្ថម្ភថវិកាពីអង្គការវាយថលស្ត្រាថិជី (Vital Strategies) តាមរយៈអង្គការភាពជាដៃគូសម្រាប់សុខុមាលភាពទីក្រុង (Partnership for Healthy Cites) ។ យើងបានធ្វើការជ្រើសរើសសាលាចំនួន២ សម្រាប់អនុវត្តសាកល្បងនូវគម្រោង “សុវត្ថិភាពនៅតំបន់សាលារៀន” ដោយផ្តោតលើការរៀបចំ នូវហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខាគាំទ្រដើម្បីលើកកម្ពស់សុវត្ថិភាពធ្វើដំណើររបស់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ សាលារៀនទាំង ២ នោះរួមមាន ៖ សាលារៀនមិត្តភាពកម្ពុជា-វៀតណាម និងសាលាបឋម និងវិទ្យាល័យហ៊ុនសែនចាក់អង្រែ ដែលជាច្រកចេញ-ចូលរាជធានីភ្នំពេញ មានស្ថានភាពចរាចរណ៍មមាញឹកនិងងាយបង្កជាហានិភ័យ។ នៅក្នុងការអនុវត្តគម្រោងខាងលើ រដ្ឋបាលរាជធានីភ្នំពេញ បានផ្តោតនូវការអនុវត្តនូវវិធានការធំៗចំនួន៥ រួមមាន ៖
(១) ការចុះវាយតម្លៃ និងកំណត់កត្តាហានិភ័យ នៃសុវត្ថិភាពចរាចរណ៍នៅជុំវិញសាលារៀនដោយប្រើប្រាស់វិធីសាស្ត្រវាយតម្លៃ iRAP (អាយរ៉ាប់) (Start Rating for Schools)
(២) ការកែលម្អនូវហេដ្ឋារចនាសម្ព័ន្ធ និងការបំពាក់នូវបរិក្ខាគាំទ្រទំនើប រួមមាន៖ តម្លើងស្លាកសញ្ញា និងគំនូសចរាចរណ៍ ផ្ទាំងកំណត់ល្បឿនឆ្លាតវៃព្រមទាំងបំពាក់ប្រព័ ន្ធកាម៉េរ៉ាសុវត្ថិភាពជាដើម។ល។
(៣) ការពង្រឹងវិធានការតាមដាន ព្រមទាំងបន្តអនុវត្តនូវវិធានការដែលមានស្រាប់គឺការពង្រាយកម្លាំងសមត្ថកិច្ច និងភ្នាក់ងារចរាចរណ៍នៅតាមសាលារៀន ដើម្បីជួយសម្រួលចរាចរណ៍នៅក្នុងកំឡុងពេលម៉ោងសិស្សចូល និងចេញពីរៀន ដែលបានបញ្ចៀសនូវហានិភ័យបានយ៉ាងល្អប្រសើរ។
(៤) លើកកម្ពស់ចំណេះដឹងនិងឥរិយាបថសុវត្ថិភាពចរាចរណ៍ តាមរយៈការបណ្តុះបណ្តាល និងផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោកដល់សិស្សានុសិស្ស និងសហគមន៍។
និង(៥) បង្កើតគំរូកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធប្រកបដោយចីរភាពដើម្បីពង្រីកការងារសុវត្ថិភាពនៅតំបន់សាលារៀនបន្តទៀត។
លោកស្រីអ្នកនាំពាក្យបានបន្តទៀតថា នៅក្នុងខែមិថុនា ឆ្នាំ២០២៦នេះ អង្គការសុខភាពពិភពលោកបានប្រកាសជ្រើសរើសបេក្ខភាពក្នុងការអនុវត្តគម្រោងតាមប្រធានបទធំៗ ចំនួន៨ ស្តីពីការលើកកម្ពស់សុខុមាលភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ដើម្បីទទួលពានរង្វាន់ប្រចាំឆ្នាំ២០២៦របស់ខ្លួន ហើយនៅពេលនោះរដ្ឋបាលរាជធានីភ្នំពេញបានជ្រើសយកគម្រោងសុវត្ថិភាពនៅតំបន់សាលារៀននេះ ទៅដាក់ពាក្យរួមជាមួយទីក្រុងប្រមាណជាង១៥០ទីក្រុងទៀតមកពីតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្រោយការសិក្សាវាយតម្លៃ និងដាក់ពិន្ទុយ៉ាងត្រឹមត្រូវតាមបច្ចេកទេសរបស់ខ្លួន អង្គការសុខភាពពិភពលោក បានសម្រេចជ្រើសរើសទីក្រុងចំនួន ៨ តំណាងឱ្យប្រធានបទទាំង ៨។ រាជធានីភ្នំពេញ ត្រូវបានផ្តល់ជូននូវពានរង្វាន់ដែលបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ស្តីពី “ការដឹកជញ្ជូនមានសុវត្ថិភាព សកម្ម និងលើកកម្ពស់សុខភាព៖ ការជំរុញសុខភាព និងការកាត់បន្ថយវិសមភាពក្នុងការធើ្វដំណើរក្នុងទីក្រុង” តាមរយៈការអនុវត្ត “គម្រោងសុវត្ថិភាពនៅតំបន់សាលារៀន” ដែលពិធីប្រគល់ពានត្រូវបានធ្វើឡើងក្នុង “សន្និសិទ្ធពិភពលោកលើកទី១១របស់សម្ព័ន្ធភាពសម្រាប់សុខុមាលភាពទីក្រុងនៅទីក្រុងស៊ីដនី ប្រទេសអូស្រាលី ៕






ចែករំលែកព័តមាននេះ